ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ដា​ម៉ាស់​ស្លាប់​ច្រើន​នាក់

ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​នានា​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រវាង​ពី​៨​ទៅ​២០​នាក់​កាលពី​ថ្ងៃ​ទី​១១ មិថុនា នៅ​ក្រុង​ដា​ម៉ាស់ ក្នុង​សង្កាត់ SAYEDA ZEINAB ដែល​មាន​ទីតាំង​សក្ការ​សំខាន់​បំផុត​របស់​ពួក​ស៊ី​អីុត​ស៊ី​រី ។

ទីភ្នាក់ងារ​ព័ត៌មាន AMAK របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​រៀបរាប់​ពី​ការ​បំផ្ទុះ​រថយន្ត​មួយ និង​ការ​វាយប្រហារ​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​២ ។ យោង​តាម​រូបភាព​នានា​របស់​ទូរទស្សន៍ គេ​ឃើញ​ការ​ខូចខាត​ធ្ងន់ធ្ងរ​ក្នុង​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​នេះ​ស្ថិត​នៅ​ជាយក្រុង​ដា​ម៉ាស់​រដ្ឋធានី​ស៊ី​រី​ភាគ​ខាងត្បូង ។

ទូរទស្សន៍​រដ្ឋ​ស៊ី​រី​រៀបរាប់​ពី​មនុស្ស​ស្លាប់​៨​នាក់ ក៏​ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រៀបរាប់​ពី​មនុស្ស​ស្លាប់​ដល់​ទៅ​២០​នាក់​ឯណោះ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​១៣​នាក់ និង​ជីវពល​ស្និទ្ធ​រដ្ឋាភិបាល​៧​នាក់ ។ OSDH បន្ត​ថា ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​មាន​អ្នក​របួសធ្ងន់​ច្រើន​នាក់ ។

យោង​តាម​មេដឹកនាំ​សាសនា​ស៊ី​អីុ​តម្នាក់​ថា រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​បាន​ផ្ទុះ​នៅ​ជិត​ទីតាំង​បញ្ចុះសព ZEINAB ចៅស្រី​របស់​ព្រះ​មហាម៉ាត់ និង​ជា​កូនស្រី​របស់​លោក​អា​លី អីុម៉ា​ម ស៊ី​អីុ​ត ដំបូង​គេ ។ ទីតាំង​បញ្ចុះសព​នេះ​និយម​ចូល​ដោយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ស៊ី​អីុ​ត លី​បង់ និង​ពួក​អ្នក​ស្ម័គ្រចិត្ត​ស៊ី​អីុត​អីុរ៉ា​ក់ ឬ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​រួម​ដៃ​ប្រយុទ្ធ​នៅ​ខាង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ៕