អីុរ៉​ង់​ចុះ​កុងត្រា​លក់​ប្រេង​ជាមួយ​ប្រទេស​អឺរ៉ុប​3​ដោយ​លក់​ថោក​ជាង​ប្រេង​ពី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត

ក្រុង​តេ​ហេ​រ៉​ង់​ប៉ុនប៉ង​ស្តារ​ឡើង​វិញ​ផលិតកម្ម​ប្រេងកាត​របស់​ខ្លួន ក្រោយ​ការ​លុប​ចោល​ទណ្ឌកម្ម ។ អីុ​រ៉​ង់​ទើប​ចុះហត្ថលេខា​លើ​កុងត្រា​លក់​ប្រេង​ជាមួយ​ប្រទេស​អឺរ៉ុប​៣ ហើយ​ធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ពហុ​ជាតិ​ជា​ច្រើន ។

កាលពី​ថ្ងៃ​ទី​១១ មិថុនា លោក SYYED MOHSEN KAMSARI អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុមហ៊ុន​ប្រេងកាត​អីុរ៉​ង់ NIOC ប្រកាស​ថា អុ​ី​រ៉​ង់​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ផ្គត់ផ្គង់​ប្រេងកាត​ដល់​អឺរ៉ុប​ជាមួយ​ក្រុមហ៊ុន​ប្រេង REPSOL របស់​អេ​ស្ប៉ា​ញ ក្រុមហ៊ុន​ប្រេង SARAS របស់​អីុ​តា​លី និង​ក្រុមហ៊ុន​ប្រេង HELLENIC PETROLEUM របស់​ក្រិក។

លោក KAMSARI បន្ត​ថា យើង​បាន​ធ្វើការ​ចរចា​ភ្លាម​ៗ​លើ​ការ​ផ្គត់ផ្គង់​ប្រេងកាត​ឡើង​វិញ បន្ទាប់​ពី​ការ​លុប​ចោល​ទណ្ឌកម្ម ។ យើង​អាច​ដណ្តើម​យក​វិញ​ភ្លាម​ៗ​មួយ​ផ្នែក​ធំ​នៃ​អតីត​ទីផ្សារ​ប្រេង​របស់​យើង​នៅ​អឺរ៉ុប និង​នៅ​អាស៊ី​។ ការ​ដណ្តើម​យក​វិញ​បណ្តា​ទីផ្សារ​ទាំងនេះ​ញ៉ាំង​ឱ្យ​ពួក​អ្នកវិភាគ​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល ។ ទីផ្សារ​អឺរ៉ុប​ចង់បាន​ប្រេង​កាត​​អីុរ៉​ង់ ។ បច្ចុប្បន្ន​អឺរ៉ុប​ទទួល​ប្រេង​អីុ​រ៉​ង់រ​វាង​ពី​៦០០.០០០​ទៅ​៧០០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ ។

អីុរ៉​ង់​ក៏​ធ្វើការ​ចរចា​ដែរ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ពហុ​ជាតិ ហើយ​នា​ពេល​ខាង​មុខ​នេះ គ្រោង​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ជាមួយ​ក្រុមហ៊ុន SHELL ។ យោង​តាម​លោក KAMSARI ថា ប្រមាណ​ជា​៨០% នៃ​កុងត្រា​ដែល​ចុះហត្ថលេខា​ជាមួយ​អឺរ៉ុប​កំពុង​ឈាន​ទៅ​អនុវត្ត ។

សម័យកាល​រង​ទណ្ឌកម្ម​អីុ​រ៉​ង់​នាំ​ចេញ​ប្រេងកាត​ត្រឹមតែ​១​លាន​ធុង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ ក្រោយ​ការ​លុប​ចោល​ទណ្ឌកម្ម​លោក​ខាងលិច កាលពី​ខែមករា ឆ្នាំ​២០១៦ ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​អីុ​រ៉​ង់​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ដល់​២,១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ នា​ខែឧសភា​កន្លង​ទៅ ។ នា​ខែកុម្ភៈ​អីុរ៉​ង់​ជំរុញ​ឡើង​វិញ​ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​អឺរ៉ុប ។

អីុ​រ៉​ង់​នឹង​លក់​ប្រេង​ឱ្យ​អឺរ៉ុប​ថោក​ជាង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រទេស​អីុ​រ៉​ង់​ស្នើ​ម្យ៉ាងទៀត​ចំពោះ​បណ្តា​ម៉ូយ​នៅ​អាស៊ី​បញ្ចុះតម្លៃ​ប្រេង​២,៦០​ដុល្លារ ក្នុង​មួយ​ធុង ខណៈ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បញ្ចុះ​ត្រឹម​២,៤០​ដុល្លារ​មួយ​ធុង ។ នេះ​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ដែល​អីុរ៉​ង់​លក់​ប្រេង​ឆៅ​ថោក​ជាង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដោយ​នឹង​លក់​ប្រេង​របស់​ខ្លួន​ឱ្យ​អឺរ៉ុប​១,២៥​ដុល្លារ ទាប​ជាង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​មួយ​ធុង ។ តាំងពី​ដើម​រៀង​មក ទោះបី​ប្រទេស​ទាំង​២​ជាស​ត្រូវ​នឹង​គ្នា​ខាង​មនោគមន៍វិជ្ជា ក៏​ប៉ុន្តែ​ប្រេង​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដើរតួ​នាទី​គន្លឹះ​មួយ​នៅ​អីុរ៉​ង់​ចាប់តាំងពី​ឆ្នាំ​២០០៦​មក ដោយ​តម្លៃ​ប្រេង​ឆៅ​អីុ​រ៉​ង់​ចំណុះ​លើ​តម្លៃ​ដែល​កំណត់​ដោយ​ក្រុង​រី​យ៉ា​ដ ។ បច្ចុប្បន្ន​ក្រុង​តេ​ហេ​រ៉​ង់​សម្រេច​នាំមុខ​គូប្រជែង​ដោយ​ស្នើ​លក់​ប្រេង​ដល់​បណ្តា​អតិថិជន​អាស៊ី​ចុះ​បន្ថែម​០,២០​ដុល្លារ ក្នុង​មួយ​ធុង ។

ចំពោះ​តម្លៃ​ប្រេង​ឆៅ​ស្រាល​ជា​ប្រេង​មាន​កម្រិត​ស្ពាន់ធ័រ​ទាប​ងាយ​ចម្រាញ់ ហើយ​គេ​ត្រូវការ​ខ្លាំង​ពុំ​មានការ​បញ្ចុះតម្លៃ​ឡើយ ក៏​ដូច​គ្នា​នឹង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ទាក់ទិន​ដល់​ប្រេង​ឆៅ​ប្រភេទ​ស្រាល ។ ការ​បញ្ចុះតម្លៃ​ប្រេង​ធ្ងន់​ពុំ​មាន​កិច្ចព្រមព្រៀង​មួយ​រវាង​អីុ​រ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅឡើយ ។

ប្រទេស​អីុ​រ៉​ង់​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេ​ទី​២​របស់ OPEC មុន​ពេល​មានការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​កាលពី​ឆ្នាំ​២០១២ រួច​បច្ចុប្បន្ន​ស្ថិត​ក្នុង​លំដាប់​ទី​៥​ក្នុង​ចំណោម​ប្រទេស​ទាំង​១៣ ជា​សមាជិក OPEC ។ ក្រុង​តេ​ហេ​រ៉​ង់​ខិតខំ​ដណ្តើម​ចំណែក​ទីផ្សារ​ប្រេង​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​វិញ​មុន​ពេល​ជំរុញ​ការ​ចរចា​ជាមួយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​ក្រប​ខណ្ឌ OPEC ៕