មនុស្ស​ជាង​3000​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​បង់​ក្លា​ដែ​ស

មនុស្ស​យ៉ាងតិច​៣.១៥៥​នាក់ កាលពី​ស​ប្តា​ហ៍​មុន​ត្រូវ​ប៉ូលិស​បង់​ក្លា​ដែ​ស​ចាប់ខ្លួន​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​ធំ​មួយ​ដែល​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើឃាត​មួយ​ចំនួន​ប្រឆាំង​បណ្តា​សមាជិក​ក្រុម​សាសនា​ផ្សេង​ៗ ព្រមទាំង​បណ្តា​ប​ញ្ញ​វ័ន ។

ប៉ូលិស​អះអាង​ថា ក្នុង​ចំណោម​ពួក​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​មាន​ជន​អ៊ិ​ស្លា​ម​និយម​ជ្រុល​៣៧​នាក់ ក្នុង​នោះ​២៧​នាក់​ជា​សមាជិក​ក្រុម JAMAYETUL MUJAHIDEEN BANGLADESH (JMB) ជា​ក្រុម​ដែល​អាជ្ញាធរ​ហាមឃាត់​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ធ្វើឃាត​មនុស្ស​៥០​ករណី រយៈពេល​១៨​ខែ​ចុង​ក្រោយ​នេះ ក្នុង​ប្រទេស ខណៈ​ការ​ធ្វើឃាត​ភាគច្រើន​ប្រកាស​ទទួលខុសត្រូវ​ដោយ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ឬ​អាល់​កៃ​ដា ។

នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​លោកស្រី SHEIKH HASINA ដែល​រង​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​របស់​សហគមន៍​អន្តរជាតិ​ឱ្យ​បញ្ចប់​រលក​នៃ​អំពើ​ហិង្សា​នេះ អះអាង​ជា​ថ្មី​នា​ថ្ងៃ​ទី​១១ មិថុនា ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​បញ្ចប់​អំពើ​ហិង្សា​នា​ឱកាស​នៃ​អង្គ​មី​ទ្ទីង​មួយ​របស់​គណបក្ស​លោកស្រី គឺ​គណបក្ស​សម្ព័ន្ធ​អាវ៉ា​មី ។ លោកស្រី មាន​ប្រសាសន៍​ថា​យើង​អាច​ត្រូវការ​ពេលវេលា​ថែម​ទៀត ក៏​ប៉ុន្តែ​បើជា​បំណង​របស់​ព្រះ​ជា​ម្ចាស់ នោះ​យើង​នឹង​ក្តាប់​សភាពការណ៍​ឡើង​វិញ​ក្នុង​ដៃ ។

ពួក​ប្រឆាំង​សង្ស័យ​ថា រដ្ឋាភិបាល​ធ្វើ​ប្រតិបត្តិការ​ចាប់ខ្លួន​មនុស្ស​ច្រើន​បែប​នេះ គឺ​ដើម្បី​លុប​បំបាត់​ចោល​រាល់​ការ​តវ៉ា​ខាង​នយោបាយ​។ យោង​តាម​លោក FAKHRUL ISLAM ALAMGIR អគ្គលេខាធិការ​នៃ​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស BNP ថា ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចាប់ខ្លួន ច្រើន​រយ​នាក់​ជា​សកម្មជន​ពួក​ប្រឆាំង ៕