ឃាត់ខ្លួន​ជន​ចែកចាយ​គ្រឿងញៀន​២​នាក់​នៅ​ខេត្ត​កែប

ខេត្ត​កែប ៖ កំលាំង​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ចែក ចាយ​គ្រឿងញៀន​មួយ​កន្លែង​ក្បែរ KTV គ្រូរ៉ា ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ។

ប្រតិបត្តិការ​ខាងលើ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា ២០១៦ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់ ព្រមទាំង​រឹបអូស​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន និង​សម្ភារ​ជា​មធ្យោបាយ សំរាប់​ការ​ចែកចាយ​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​។

សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ម៉ាត់ ណើ​ហ្វី​ប ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប និង​ម្នាក់​ទៀត​ឈ្មោះ វ៉ិ​ត រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ពិ​ដាន​ផ្ទះ រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប​។

វត្ថុ​តាង​ដែល​រឹបអូស​មាន​៖ ម្សៅ​ក្រាម​ស​(​ម៉ា​ទឹកកក​) ៣​កញ្ចប់​តូច - ទូរ​សព្ទ័​ដៃ​៣ គ្រឿង  -  ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពត​-1E6190 មួយ​គ្រឿង​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕