តាម​ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ដោយ​ដកហូត​ថ្នាំញៀន​បានជា​បន្តបន្ទាប់

តាម​ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ដោយ​ដកហូត​ថ្នាំញៀន​បានជា​បន្តបន្ទាប់



បាត់ដំបង ​៖​ ជន​សង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ​ដកហូត​នូវ​សារធាតុ​ញៀន​បាន​មួយ​ចំនួន​ផង​ដែរ ខណៈ​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត​នូវ​សកម្មភាព​លក់​គ្រឿងញៀន​ជាក់ស្ដែង។

លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​គឺ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​១០​ ខែ​មិថុនា ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ភូមិ​កម្មករ ​សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ដោយ​បាន​ប្រើប្រាស់​កម្លាំង​ការិយាល័យ​ជំនាញ​ សហការ​ជាមួយ​កម្លាំង​បង្ការ​ បង្ក្រាប នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ង់ វណ្ណៈ ​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា ក្នុង​ការ​ឃាត់ខ្លួន​ ជន​សង្ស័យ​ខាង​លើ​នេះ​ គឺ​កម្លាំង​បាន​ឆែកឆេរ​រក​ឃើញ​នូវ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយ​កូន​ថង់​ ដែល​គេ​បាន​លាក់​ទុក​ជាប់​នៅ​នឹង​ខ្លួន ដែល​ស្មើនឹង​ទម្ងន់​១២,៩២ ក្រាម ព្រមទាំង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ផង​ដែរ ព្រមទាំង​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ដើម្បី​រក​មេ​ឈ្មួញ​ដែល​នៅ​ពីក្រោយ។

បន្ទាប់ពី​ទទួល​បាន​នូវ​ចម្លើយ​សារភាព​រួចមក លោក​បាន​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា នួន សាន ​ ដើម្បី​តាម​រក​មុខសញ្ញា​ម្នាក់​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​គ្រឿងញៀន​នេះ​ គឺ​នៅ​ម៉ោង​៥​និង​៤០​នាទី​ ល្ងាច​ថ្ងៃ​ដដែល ​កម្លាំង​បាន​ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់ទៀត​ដែល​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ផ្សារ​រាត្រី ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយ​ជន​នេះ​មានឈ្មោះ ចាន់ ធី ហៅ​តា​វ៉ែនតា ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ដូង​ ឃុំ​ម៉ាឡៃ​ ស្រុក​ម៉ាឡៃ ​ ខេត្ត​បន្ទាយមានជ័យ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕