ទាក់​ឆ្កែ ត្រូវ​ប៉ូលិស​ទាក់​វិញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ទាក់​ឆ្កែ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​សំរោង​ក្រោម ធ្វើការ​ចាប់ខ្លួន​បាន និង​ដកហូត​បាន​ឆ្កែ​ចំនួន​២​ក្បាល ព្រមទាំង​ឧបករណ៍​សម្រាប់​ទាក់​ឆ្កែ​១​កំ​ប្លេ​រ​ផង​ដែរ ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំងនេះ កំពុង​ធ្វើ​សកម្មភាព​ដើរ​ទាក់​ឆ្កែ និង​ទាក់​បាន​សម្រេច​ចំនួន​២​ក្បាល ហើយ​សំណាងអាក្រក់​បាន​ជួប​ប្រទះ​ជាមួយ​កម្លាំង​នគរបាល​ខាងលើ កំពុង​ចេញ​ល្បាត​ពួនស្ទាក់​ចាប់​បទល្មើស ដោយ​មានការ​សង្ស័យ​ក៏​បាន​ឃាត់ខ្លួន​តែ​ម្ដង​។

ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា ២០១៦ នៅ​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រ​កូវ ត្រង់​ចំណុច​ភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ផៃ គឹ​ម​ហ៊ូ​ន អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្លែងក្លាយ 1L-7263 ចំណែក​ម្នាក់​ទៀត​ឈ្មោះ ឡាយ ច​ន្ថា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​លី​សែង ជា​អ្នក​អង្គុយ​ពីក្រោយ និង​ជា​អ្នក​កាន់​អន្ទាក់​ទាក់​ឆ្កែ​ផង​ដែរ​។ ជន​ទាំង​២​នាក់​នេះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​សាមគ្គី សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​រកា​កោង​២ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ បាន​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​របស់​អ្នក​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ដោយ​ទាក់​បាន​សម្រេច​ចំនួន​២​ក្បាល និង​បាន​ដាក់​ឆ្កែ​នៅ​ក្នុង​ការុង​ពណ៌​ស នៅ​រាន​កណ្ដាល​ម៉ូតូ ហើយ​បាន​ជិះ​ម៉ូត​ឌុ​ប​គ្នា​ដើរ​រក​ទាក់​បន្ត​ទៀត​។ ប៉ុន្តែ​សំណាងអាក្រក់​បាន​ជួបនឹង​កម្លាំង​នគរបាល​កំពុង​ល្បាត​ពួនស្ទាក់​ចាប់​បទល្មើស ហើយ​មានការ​សង្ស័យ ក៏​បាន​ឃាត់​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​ជន​នោះ​មិន​ឈប់​បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន ពេល​នោះ​កម្លាំង​នគរបាល​ក៏​បាន​ដេញ​តាម​រហូត​ដល់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ទើប​ចាប់ខ្លួន​បាន​។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕