ជន​សង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់ពី​ធ្វើ​សកម្មភាព​បានសម្រេច

ជន​សង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់ពី​ធ្វើ​សកម្មភាព​បានសម្រេច



តាកែវ ​៖​ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៦ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ខេត្ត​តាកែវ បាន​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​​ក្នុង​អំពើ​ចោរកម្ម​ម្នាក់​ រួម​នឹង​វត្ថុ​តាង​តាម​ពាក្យ​បណ្តឹង​របស់​ម្ចាស់​ទ្រព្យ។

បើ​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ដែល​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​នេះ​មានឈ្មោះ ជា រតនៈ ហៅ​រត្ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ខ្វាវ​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ​ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពាក់​ស្លាក​លេខ តាកែវ 2k 2506 ដែលជា​កម្ម​សិទ្ធិ​របស់​លោក សែម ស្រស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពេ​ជដ​ង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ។ បើតាម​សម្តី​របស់​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើនេះ​មែន ហើយ​ជិះ​មិនបាន​មួយថ្ងៃ​ផង​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តងទៅ។

បច្ចុប្បន្ន​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ស្រុក​សំរោង​ចាប់ខ្លួន ​និង​បាន​ទទួល​ចម្លើយ​សារភាព​រួចមក​ក៏បាន​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី៕