គម្រោង​កសាង​ផ្លូវលំ​មួយ​ខ្យែ ត្រូវ​បាន​លុប​ចោល​ព្រោះ​មាន​អ្នក​ជំទាស់

ខេត្តកំពង់ឆ្នាំង ៖ គម្រោង​ធ្វើ​ផ្លូវលំ​មួយ​ខ្យែ​ប្រវែង​៦៥០​ម៉ែត្រ ក្នុងភូមិ​ថ្មី​ឃុំ​ជ្រៃ​បាក់ មាន​ទឹកប្រាក់​ជាង​៧៣​លាន​រៀល ត្រូវ​បាន​លុប​ចេញ ដោយ​ការ​ជំទាស់​ពី​ប្រជាពលរដ្ឋ ២​គ្រួសារ ក្នុង​នោះ​មួយ​គ្រួសារ ជា​អភិបាលស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង ។ គម្រោង​កសាង​ផ្លូវលំ​មួយ​ខ្យែ​ប្រវែង​ជាង​៦៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មាន​ទឹកប្រាក់​សរុប​ជាង ៧៣​លាន​រៀល ត្រូវ​បាន​លុប និង​ដក​ចេញ​បន្ទាប់​ពី​មានការ​ជំទាស់​រវាង​ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មិន​អនុញ្ញាត​ឲ្យ​សាងសង់​។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការ​ថ្នាំងថ្នាក់ ព្រោះតែ​មិន​មាន​ផ្លូវ​ធ្វើ​ដំណើរ​បាន​ល្អ ម្យ៉ាងវិញទៀត​អ្នក​ជំទាស់​២​គ្រួសារ​ខាងលើ​នេះ គឺ​ធ្វើ​របង​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ថែម​ទៀត ។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ លោក ចេ​ត ផ​ល្លី មេ​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់​បាន​ឲ្យ​ដឹង​ថា លោក និង​ប្រជាពលរដ្ឋ បាន​ដាក់​សំណើ​ធើ្វ​ផ្លូវ​មួយ​ខ្យែ​ប្រវែង​៦៥០​ម៉ែត្រ ចេញពី​ថ្នល់ជាតិ​លេខ​៥ ចូល​មក​ក្នុងភូមិ ដោយ​មាន​ទទឹង​៧​ម៉ែត្រ ក្រាល​គ្រួ​ស​ក្រហម ហើយ​ត្រូវ​បាន​ថ្នាក់​ជាតិ​ស​ម្រ​ច​ឲ្យ​កសាង ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ  ។

ប៉ុន្តែ​មានការ​ជំទាស់ ពី​ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​គ្រួសារ​ទាំងនោះ​បាន​រំលោភ​លើ​ដី​សាង​ខាង​ផ្លូវ​សាធារណៈ​ទៅ​វិញ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​សាលាឃុំ បាន​ដក​គម្រោង​សាងសង់​ផ្លូវ​ខាងលើ​នេះ​ទៅ​វិញ ។ លោក​បាន​បញ្ជាក់​ថា គ្រួសារ​ខាងលើ​នេះ​មានឈ្មោះ យិ​ន សា​វេន ជា​អភិបាលស្រុក​ជល​គី​រី មាន​ដី​ពី​ខាងត្បូង​ផ្លូវ និង​គ្រួសារ​មួយទៀត​ពី​ខាងជើង​ផ្លូវ​មានឈ្មោះ គុយ ម៉ា​ន​រី  មុខរបរ​លក់​ស៊ុប ។ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ សូម​ស្នើ​ដល់​លោក​អភិបាលស្រុក ខេត្ត​សូម​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី​ឃុំ​ជ្រៃ​បាក់​នេះ​ផង ហើយ​ផ្លូវ​មួយ​ខ្យែ​នេះ​មិនមែន​ដើរ​តែ​មួយ​ភូមិ​ថ្មី​នេះ​ទេ គឺ​មាន​៦​ភូមិ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ ។

លោក តាំង ប៊ុ​ន​ទត មេឃុំ​ជ្រៃ​បាក់ បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​ផ្លូវ ដែល​ត្រូវធ្វើ​នេះ​មាន​ជាង​៦៥០​ម៉ែត្រ មាន​ទទឹង​៧​ម៉ែត្រ ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ​ប៉ះពាល់​ក្បាលដី​២​ម្ចាស់ គឺ​លោក យិ​ន សា​វ៉េ​ន អភិបាលស្រុក​ជល​គី​រី  និង​ម្នាក់​ទៀត ឈ្មោះ គ្រុយ ម៉ា​ន​រី  ទាំង​ពីរ​គ្រួសារ​នេះ​ពួក​គាត់​មិន​បាន​ចូលរួម​ផ្តិត​មេដៃ​កសាង​ផ្លូវ គម្រោង​មូលនិធិ​ឃុំ​ឆ្នាំ​២០១៦​នេះ​ទេ ហើយ​ក្រុមប្រឹក្សា​ឃុំ​បាន​ប្រជុំ​សម្រេច​ដក​គម្រោង​កសាង​ផ្លូវ​នេះ​ចេញ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦​។ ការ​ដក​គម្រោង​ឆ្នាំ​២០១៦ នៃ​ការ​ធ្វើ​ផ្លូវ​នេះ អាច​នឹង​ដាក់​វិញ​នៅ​ឆ្នាំ​២០១៧ ប្រសិនបើ​មាន​ដំណោះស្រាយ​គ្នា​ចប់ ។

នេះ​ជា​ការ​រំលោភ​លើ​ដី ផ្លូវ​សារ​ធារ​ណៈ របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​គឺ​អស់​ជាង​៣​ម៉ែត្រ​ខាងជើង​ក៏​ចូល​ខាងត្បូង​ក៏​ចូល ។ ជុំវិញ​បញ្ហា​នេះ​លោក យិ​ន សា​វេន អភិបាលស្រុក​ជល​គី​រី ដែល​រង​ការ​ចោទប្រកាន់​ថា បាន​រំលោភ​យក​ដី​ផ្លូវ​សារ​ធារ​ណៈ មិន​បាន​លើក​ទូរ​សព្ទ័​របស់​ភ្នាក់ងារ​យើង​ទេ តែ​បានអោយ​ប្រពន្ធ​ឈ្មោះ
ឈឹ​ម សុផល ជា​អភិបាលរង​ស្រុក​ជល​គី​រី ជា​អ្នក​លើក​ជំនួស ដោយ​គាត់​បាន​ប្រាប់​ថា ដី​នោះ​ជា​ដី​កេរ្តិ៍ពី​សង្គមចាស់ ក្រោយ​ឆ្នាំ​៧៩​គាត់​មិន​បាន​ដី​នោះ​ទេ ។ គាត់​បាន​សុំ​ទិញ​ពី​ឈ្មោះ សោម ថេ​ត ជា​អនុប្រធាន​ភូមិ​ចាស់ យក​មក​គ្រប់គ្រង​វិញ កាលនោះ​មិន​ទាន​មាន​ប្លង់​កាន់កាប់​នៅឡើយ​ទេ ។ អ្នក​ដែល​រំលោភ​យក​ផ្លូវ​គឺ​អ្នកលក់​ស៊ុប​ឈ្មោះ ស្រី​ទូច នោះ​ទេ​មិនមែន​គាត់​ឡើយ ។

អ្នកលក់​ស៊ុប​នឹង​បាន​រំលោភ​ដី​ផ្លូវ​ដែល​មាន​ពី​សង្គមចាស់​ដល់​ដើម​ត្នោត ហើយ​បាន​យក​បង​ឈ្មោះ​មុំ ពី​ស្រែអំបិល​មក ដោយ​ថា​មាន​ប្លង់  គាត់​មិន​ហ៊ាន​ថា ប្លង់​នោះ​ក្លែងក្លាយ​ឬ​មិន​ក្លែងក្លាយ​នោះ​ទេ តែ​កាលនោះ​មិន​ទាន់​មាន​ប្លង់​រឹង​នៅឡើយ​ទេ ។ ហើយ​រឿង​អី​មក​ចោទ​គាត់​ចោទ​គាត់​។ ក្រោយមក​មានការ​សម្របសម្រួល​ពី​មេ​ភូមិ គាត់​បាន​ប្រាប់មេ​ភូមិ​ថា បើ​ខាងជើង​បរិច្ចាគ​ផ្លូវ​មក​វិញ​គាត់​ក៏​បរិ​ចា្ច​គ​ដែរ ខ្វះខាត​ប៉ុន្មាន​គាត់​ក៏​បរិ​ច្ចាក​បន្ថែម​ដែរ តែខាងជើង​មិន​ព្រម ។ ទោះ​យ៉ាងនេះ​ក្តី​គាត់​ព្រម​បរិ​ចា្ច​ក​ប្រវែង​៦​តឹក​ឲ្យ​ម៉ា​បណ្តា​យ​ដី​គាត់ ។ គាត់​បាន​សុំ​ឲ្យ​ខាង​ឃុំ ស្រុក សម្របសម្រួល​ឲ្យ​អ្នក​សងខាង​ផ្លូវ​រួម​គា្ន​បរិ​ច្ចាក​ផ្លូវ​នោះ​មក​វិញ ចំណែក​គាត់​ត្រៀម​ឲ្យ​ប្រវែង ៦​តឹក​មក​វិញ​ហើយ​តើ ។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ គម្រោង​ផ្លូវ​មួយ​ខ្យែ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ ស​ម្រ​ច​ដក​រួច​ហើយ តែបើ​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១៧ គ្មាន​ដំណោះស្រាយ​រួចរាល់​ទេ ផ្លូវ​ខាងលើ​នឹង​គ្មាន​ការ​អភិវឌ្ឍ​ន៏​ដដែល ហេតុនេះ​អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​អំពាវនាវ ដល់​លោក​អភិបាលខេត្ត សូម​ឲ្យ​មន្ត្រី​ជំនាញ​សុរិយោដី​ចុះ​មក​ពិនិត្យ លើ​ដី​ផ្លូវ​ខាងលើ​នេះ​ផង ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​រំលោភ​ដី​ផ្លូវ​ពិតប្រាកដ​៕