រូបភាព​មិន​ងាយ​បានឃើញ ដែល​កំពូល​តារា​ស្រី​ទាំង ៣ ជួបគ្នា​

ក្នុងពេលបច្ចុប្បន្ននេះ គឺមិនងាយមានឱកាសទេដែលអាចធ្វើឱ្យកំពូលតារាឯកស្រីទាំង ៣ អ្នកនាង អាំ ផាតឆារ៉ាផា (Aum Patcharapa) អ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya) និង អ្នកនាង នុន វៈរ៉ានុច (Noon Woranuch) មកជួបគ្នាបង្ហាញភាពលេចធ្លោ និង សម្រស់ដ៏ផូរផង់របស់ម្នាក់ៗ។

ជាក់ស្តែង ពេលនេះម្នាក់ៗគឺកាន់តែបង្កើនភាពលេចធ្លោ និង ដណ្តើមបានប្រជាប្រិយភាពកប់ៗ ទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង។ រាល់ពេលចូលរួមកម្មវិធីមួយៗ សូមធានាថា ទាំងសម្រស់ និង ម៉ូដសម្លៀកបំពាក់របស់ម្នាក់ៗគឺទទួលបានការកោតសសើរយ៉ាងខ្លាំងពីមិត្តអ្នកគាំទ្រ។

ទន្ទឹមនឹងភាពល្បីល្បាញមកដល់ថ្ងៃនេះ ពួកគេទាំង ៣ ធ្លាប់មានបទពិសោធជ្រកក្រោមប៉ុស្តិ៍លេខ ៧ ដូចគ្នា ដោយទំនាក់ទំនងកាលពីមុនចាត់ទុកថា ជាមិត្តភក្តិដែលទើបតែរះដូចគ្នា តែចាត់តាំងពីចាក់ចេញពីទ្រនំចាស់ រវាងអ្នកនាង អាំ និង អ្នកនាង ឈុំផូ អាចចាត់ទុកថា កំពុងតែប្រជែងភាពល្បីល្បាញរៀងខ្លួន តែសម្រាប់អ្នកនាង នុន គឺតែជាមិត្តភក្តិជិតស្និទ្ធជាមួយអ្នកនាង អាំ ដដែរ។

រូបភាព​មិន​ងាយ​បានឃើញ ដែល​កំពូល​តារា​ស្រី​ទាំង ៣ ជួបគ្នា​

មកទល់ថ្ងៃនេះ ទោះជារវាងអ្នកនាង អាំ និង អ្នកនាង ឈុំផូ មិនបានហាមាត់ថាដណ្តើមប្រជាប្រិយពីទស្សនិកជន តែទាំងពីរនាក់ក៏ឈរជើងនៅទ្រនំរៀងខ្លួន ដោយអ្នកនាង ឈុំផូ បានចាក់គ្រឹះយ៉ាងរឹងមាំនៅប៉ុស្តិ៍លេខ ៣ រីឯអ្នកនាង អាំ វិញ គឺធ្លាប់ប្រកាសហើយថា នាងគ្មានថ្ងៃចាក់ចេញពីប៉ុស្តិ៍លេខ ៧ ឡើយ គ្រាន់តែវត្តមានក្នុងការថតខ្សែភាពយន្តរបស់នាងគឺអាចនឹងអាក់ខាន ព្រោះ ២ ទៅ ៣ ឆ្នាំ ទើបនាងវិលមកសម្តែងរឿងម្តង៕ ខេរី
(ប្រភព៖ អឹមថៃ)

អត្ថបទពាក់ព័ន្ធទី១៖ Aum ពិបាកចិត្ត ពេលត្រូវសង្សាររិះគន់ ។ មួយរយៈនេះ អ្នកនាង អាំម ផាតឆារ៉ាផា (Aum Patcharapa) មានការពិបាកចិត្តយ៉ាងខ្លាំង ព្រោះការគ្រប់គ្រងទម្ងន់របស់នាង ហាក់មិនបានសម្រេចទាល់តែសោះ រហូតដល់ថ្នាក់សង្សារលោក អែម រំឭកនាងថា រូបនាងធាត់ប្លែកខុសពីធម្មតា។អ្នកនាង អាំម បង្ហើបថា បច្ចុប្បន្ននេះ នាងចាប់ផ្តើមឡើងទម្ងន់ជាង ៣ គីឡូក្រាម ហើយនាងខំប្រឹងហាត់ប្រាណយ៉ាងខ្លាំងដើម្បីឱ្យទម្ងន់របស់នាងវិលមករកសភាពដើមវិញ តែនាងក៏ទទួលស្គាល់ថា ខ្លួនឯងមិនអាចកាត់បន្ថយអាហារបានឡើយ ព្រោះមានអារម្មណ៍ថាឆាប់ឃ្លាន និង ទទួលទានអាហារច្រើន។

រូបភាព​មិន​ងាយ​បានឃើញ ដែល​កំពូល​តារា​ស្រី​ទាំង ៣ ជួបគ្នា​

អ្នកនាង អាំម មានការបារម្ភយ៉ាងខ្លាំង ព្រោះខំប្រឹងហាត់កីឡាណាស់ដែរតែទម្ងន់នៅតែមិនចុះសោះ ហើយសម្រាប់ការឡើងទម្ងន់ដ៏ច្រើនបែបនេះគឺទើបតែកើតឡើងជាលើកទីមួយទេក្នុងមួយជីវិតរបស់នាង ហើយឥឡូវនេះជើងរបស់អ្នកនាងមើលទៅធំមិនឃើញមានរូបរាងស្រឡូនស្អាតដូចពីមុនឡើយ។រីឯសង្សាររបស់នាង បានប្រាប់អ្នកនាង អាំម ថា អ្នកនាងហាក់ដូចជាធាត់ជាងមុនខ្លាំង ម៉េចក៏បណ្តោយខ្លួនឱ្យខូចរូបរាងបែបនេះ៕ ខេរី (ប្រភព៖  ខោស៊ុក)

អត្ថបទពាក់ព័ន្ធទី២៖ មែនក៏អី! ល្បីពេញអនឡាញ នុន វៈរ៉ានុច សុំលែងលះប្តី? នេះជារឿងដែលមហាជនកំពុងតែចង់ដឹង ព្រោះសម្រាប់ជីវិតគ្រួសាររបស់អ្នកនាង នុន វៈរ៉ានុច (Noon Woranuch) និង ស្វាមីលោក ពីត ភិរៈផាកឌី ដែលជាម្ចាស់ក្រុមហ៊ុនស្រាបៀរ Singha ហាក់ដូចជាមិនសូវឃើញមានភាពផ្អែមល្ហែមដូចគូស្នេហ៍តារាឯទៀត។

រវាងអ្នកនាង នុន និង លោក ពីត គឺបានមើលចិត្តមើលថ្លើមគ្នាអស់រយៈពេល ៤ ឆ្នាំ ទើបសម្រេចចិត្តដើរចូលផ្លូវអាពាហ៍ពិពាហ៍នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១០ ដោយបើគិតទៅ រយៈពេលជិត ៦ ឆ្នាំ ហាក់មិនមានឮដំណឹងទាក់ទងនឹងការមានកូនសោះឡើយ។យោងតាមព័ត៌មានដែលផ្ទុះតាមអនឡាញបានឱ្យដឹងថា ជីវិតអាពិហ៍ពិពាហ៍របស់ប្តីហៃសូ ត្រូវប្រពន្ធជាតារាឯកស្រីទាមទារចង់លែងលះ តែត្រូវម្តាយក្មេកហាម ព្រោះខ្លាចខូចឈ្មោះវង្សត្រកូល។ ព័ត៌មានបញ្ឆិតបញ្ឆៀងនេះ ត្រូវបានមហាជនបាញ់សំដៅទៅលោក ពីត និង ភរិយាដែលជាតារាឯកស្រី នុន វៈរ៉ានុច។

រូបភាព​មិន​ងាយ​បានឃើញ ដែល​កំពូល​តារា​ស្រី​ទាំង ៣ ជួបគ្នា​

សម្រាប់ព័ត៌មាននេះ គឺលោក ពីត មានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង ដោយចោទសួរទៅវិញថា ហេតុអ្វីក៏ម្នាក់ៗគិតថា អ្នកនៅក្នុងព័ត៌មាននេះគឺជារូបលោក និង អ្នកនាង នុន។ ហើយទន្ទឹមនឹងនោះ លោកក៏បញ្ជាក់ផងដែរថា ពិតជាខូចអារម្មណ៍ខ្លាំងណាស់ ខ្វល់ខ្វាយរឿងមុខជំនួញនៅទាន់គ្រប់ ថែមទាំងត្រូវព័ត៌មានចុះវាយប្រហារទៀត ទាំងដែលព័ត៌មានក៏មិនបានសរសេរបញ្ជាក់ថា ប្តីអ្នកមានម្នាក់នោះឈ្មោះ ពីត៕ ខេរី (ប្រភព៖ អឹមថៃ)

អត្ថបទពាក់ព័ន្ធទី៣៖ Chompoo កាត់បន្ថយការសម្តែងខ្សែភាពយន្ត ។ព្រោះខ្លាចចិត្តស្វាមី ពេលនេះក្រៅពីមាននាទីជាតារាសម្តែងស្រីដែលមានភាពលេចធ្លោ អ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya) ត្រូវរៀបចំពេលវេលាសម្រាប់ជីវិតគ្រួសារថ្មោងថ្មីរបស់នាង។ អ្នកនាង ឈុំផូ បានទទួលសម្តែងរឿងថ្មីដែលមានឈ្មោះថា «គូស្នេហ៍អតីតជាតិ» (Bpoop Phaeh Saniwaat) សម្តែងជាតួអ្នកនាងម្ចាស់ «ការ៉ាកេត» ដែលត្រូវសម្តែងជាគូជាមួយលោក ភុប តាណាវ៉ាត់ (Pope Tanawat) តួឯកប្រុសក្នុងរឿង «ស្វាមីរក្សាសិទ្ធិ» (Samee Tee Tra 2014)។

រឿង «គូស្នេហ៍អតីតជាតិ» បានលើកឡើងពីជីវិតនារីសាមញ្ញម្នាក់ដែលមានឈ្មោះថា «កេសុរ៉ាង» ដែលមានរូបរាងមិនស្រស់ស្អាត មិនជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកប្រុសៗទាំងឡាយ តែដោយសារព្រហ្មលិខិតពីអតីតជាតិ នាងត្រូវបានថាមពលអំណាចអាថ៌កំបាំង បាននាំវិញ្ញាណរបស់នាងមកសណ្ឋិតក្នុងក្នុងរាងកាយអ្នកនាងម្ចាស់ «ការ៉ាកេត» ដែលរស់នៅសម័យកាលបុរាណ។

អ្នកនាងម្ចាស់ «ការ៉ាកេត» ជានារីដែលមានសម្រស់ស្រស់ស្អាតស្ទើរគ្មាននារីណាអាចប្រៀបបាន តែទឹកចិត្តរបស់នាងគឺអាក្រក់ខុសពីសម្រស់នាងទាំងស្រុង ដែលសូម្បីតែតួឯកប្រុសដែលជាគូដណ្តឹងរបស់នាង ក៏មិនចូលចិត្តចរិតមាយាទរបស់នាងផងដែរ។ បន្ទាប់ពី «កេសុរ៉ាង» បានចូលមកសណ្ឋិតក្នុងខ្លួនអ្នកម្ចាស់ «ការ៉ាកេត» នាងបានធ្វើឱ្យមនុស្សនៅសម័យកាលនោះមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនាងបានប្រែជានារីដែលមានទាំងម្រស់ស្រស់សោភា និង ទឹកចិត្តប្រពៃមានចិត្តសប្បុរស ហើយថែមទាំងឆ្លាតវៃ និង ក្លាហានទៀតផង រហូតធ្វើឱ្យគូដណ្តឹងរបស់នាងប្តូរការគិតចំពោះនាង និង កាន់តែចូលចិត្ត និង ស្រឡាញ់នាងខ្លាំងឡើងៗ។

រូបភាព​មិន​ងាយ​បានឃើញ ដែល​កំពូល​តារា​ស្រី​ទាំង ៣ ជួបគ្នា​

អ្វីដែលគួរឱ្យស្តាយ គឺនាងបានដឹងពីរឿងប្រវត្តិសាស្ត្រទាំងអស់ តែមិនអាចកែប្រែអ្វីបានឡើយ បានត្រឹមតែឈរសម្លឹងឱ្យរឿងនីមួយៗកើតឡើងចំពោះមុខនាង តែទាំងអស់នេះជាហេតុផលដែលធ្វើនាងត្រូវឆ្លងជាតិមករស់នៅក្នុងសម័យកាលបុរាណ និង ជួបគូស្នេហ៍អតីតជាតិរបស់នាង។

ដោយសារអ្នកនាង ឈុំផូ ក៏បានទទួលថតរឿងមួយទៀតដែលមានឈ្មោះថា «ម្ចាស់ស្នេហ៍រើសគូស្រករ» (The Cupid Borisat Rak Ok Lud) ដូចនេះ បើអ្នកនាងទទួលថតទាំងរឿង «គូស្នេហ៍អតីតជាតិ» ទៀត អ្នកនាងត្រូវចំណាយពេលពេញមួយសប្តាហ៍ក្នុងការងារសម្តែង ដែលប្រាកដថា ពេលវេលាដែលនៅជាមួយស្វាមីរបស់នាងត្រូវគ្មានសល់សោះឡើយ។ ហេតុដូចនេះ អ្នកនាង ឈុំផូ សម្រេចចិត្តបោះបង់រឿង «គូស្នេហ៍អតីតជាតិ» រីឯតួឯកស្រីដែលត្រូវមកជំនួសអ្នកនាង ឈុំផូ គឺ អ្នកនាង បេឡា វ៉ានីតា (Bella Vanita) ដែលទស្សនិកជនស្គាល់ថាជាតួឯកស្រីក្នុងរឿង «កម្លាំងស្នេហ៍ជ្រែកភព» (Porb Ruk)៕ ខេរី(ប្រភព៖ ធី ញ៊ូ បាំងថើង)