សង្គម​ស៊ីវិល​បារម្ភ​ខ្លាច​សិទ្ធិ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ស្ថិត​ក្នុង​ហានិភ័យ

មេ​ដឹក​នាំ​សង្គម​ស៊ីវិល ដែល​រៀបចំ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ឆ្នាំ​២០១៦ លើក​ឡើង​ថា សិទ្ធិ​សេរីភាព​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា បន្ត​រង​ការ​គំរាម​កំហែង ដោយសារ​ការ​យល់​ដឹង​ពី​សិទ្ធិ​នៅ​មាន​កម្រិត ហើយ​ត្រូវ​បាន​បំភិតបំភ័យ​ដោយ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល។

ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ប្រចាំ​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​១២ មិថុនា ដែល​មាន​យុវជន​ចូលរួម​ប្រមាណ ៤០០​នាក់ មេ​ដឹក​នាំ​សង្គម​ស៊ីវិល​មួយ​ចំនួន បង្ហាញ​ក្ដី​បារម្ភ​ថា ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​នឹង​បន្ត​កើន​ឡើង ខណៈ​ការ​បោះឆ្នោត​កំពុង​ខិត​ជិត​ចូល​មក​ដល់។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន បាន​ប្រើប្រាស់​សារ​នយោបាយ​ជា​បន្តបន្ទាប់ បង្ក​ជា​ការ​គំរាម​កំហែង​ដល់​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត៖ «យើង​មើល​នូវ​ស្ថានភាព​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ចេញ​នូវ​សារ​ជាច្រើន ឬ​ក៏​បញ្ញត្តិ​ជាច្រើន​ក្នុង​ការ​ហាមប្រាម ក្នុង​ការ​ទប់ស្កាត់ និង​ចាត់​វិធានការ​ទៅ​លើ​អ្នក​ប្រើប្រាស់​ជា​យុវជន អង្គការ​សង្គម​ស៊ីវិល ជាពិសេស​អ្នក​នយោបាយ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​សង្គម ឬ​ក៏​ស្ថានភាព​បច្ចុប្បន្ន​នេះ​ប្រែប្រួល ឬ​ក៏​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​មាន​ភាព​ភ័យ​ខ្លាច ហើយ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់ ឬ​ក៏​ល្បី​នៅ​ប្រព័ន្ធ​ហ្វេសប៊ុក (Facebook) មួយ​ចំនួន ត្រូវ​ធ្លាក់​ដៃ ឬ​បញ្ចុះ​នូវ​ការ​ប្រើប្រាស់​ព័ត៌មាន​ទាំងអស់​នេះ»

ស្រដៀង​គ្នា​នេះ វាគ្មិន​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ដែល​ជា​អ្នក​ជំនាញ​អភិបាលកិច្ច​ល្អ លោក ឱក សេរីសុភ័ក្រ ប្រមើល​មើល​ឃើញ​ថា អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​អាច​នឹង​ទទួល​រង​គំនាប​ខ្លាំង​ជាង​មុន​ពី​អ្នក​នយោបាយ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ ខណៈ​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ៖ «ថ្នាក់​ដឹក​នាំ​រដ្ឋ​យល់​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បែប​ហ្នឹង អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ​ការ​ប្រយ័ត្នប្រយែង​នឹង​មាន​ខ្ពស់​ជាង​មុន។ ដូច្នេះ​ហើយ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​អាច​នឹង​មាន​អារម្មណ៍​ចង្អៀត​ជាង​មុន ថា​មាន​ការ​គាប​ជាង​មុន ក៏ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿ​ថា គ្មាន​អ្នក​ណា​អាច​គាប​អ៊ីនធឺណិត​បាន​ទេ ព្រោះ​អ៊ីនធឺណិត​ធាតុ​ពិត​របស់​វា គឺ​វា​សេរី​តែ​ម្ដង»

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ថា បច្ចុប្បន្ន អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា មាន​ជាង ៤១​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា សរុប។ តួលេខ​នេះ​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​ឆ្នាំ​២០១០ ដែល​កាលណោះ​មាន​ប្រជាជន​ត្រឹម​តែ ១,៣​ភាគរយ​នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ​ដែល​ប្រើ​អ៊ីនធឺណិត។

យុវតី​មួយ​រូប​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កញ្ញា ទុយ រស្មី លើក​ឡើង​ថា ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​រូប នាង​សង្កេត​ឃើញ​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​នៅ​កម្ពុជា ហាក់​មិន​ទាន់​ពេញលេញ​នៅ​ឡើយ៖ «ប្រជាពលរដ្ឋ​ទាំងអស់​មើល​ទៅ​សិទ្ធិ​សេរីភាព​គាត់​ពី​ខាង​ក្រៅ ហាក់​ដូចជា​គាត់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ គឺ​គាត់​អាច post រូប ឬ​ក៏​បញ្ចេញ​មតិ​អី​ផ្សេងៗ។ តែ​ទន្ទឹម​នឹង​ហ្នឹង​ដែរ យើង​ឃើញ​មាន​រឿង​មួយ​ទៀត​នៅ​ពី​ក្រោយ។ ពេល​ដែល​គាត់​បញ្ចេញ​មតិ​ទៅ​ហ្នឹង អារម្មណ៍​គាត់ គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច»

កញ្ញា ទុយ រស្មី បន្ត​ថា ទន្ទឹម​នឹង​ការ​ទទួល​សិទ្ធិ​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​គួរ​តែ​ស្វែង​យល់​អំពី​ក្រម​សីលធម៌​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ផង​ដែរ។ ចំណែក​រដ្ឋាភិបាល ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​ច្បាប់​មក​រឹតត្បិត​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​មិន​ត្រឹមត្រូវ៖ «រាជ​រដ្ឋាភិបាល ខ្ញុំ​ជឿ​ថា គាត់​ធ្វើ​អ៊ីចឹង​ដើម្បី​បង្ក​នូវ​ភាព​ងាយ​ស្រួល ធ្វើ​ម៉េច​រក្សា​សន្តិសុខ​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​គាត់​ត្រូវ​តែ​គិត​ថា គាត់​ត្រូវ​បែង​ចែក​ថា មួយ​ណា​ជា​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ហើយ​និង​មួយ​ណា​ជា​ការ​ធ្វើ​ឲ្យ​មាន​ចលាចល»

ការ​ព្រួយ​បារម្ភ​ពី​និន្នាការ​កើន​ឡើង​នៃ​ការ​រឹតត្បិត​សិទ្ធិ​លើ​បច្ចេកវិទ្យា​អ៊ីនធឺណិត កើត​មាន​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​មាន​ការ​លេច​ធ្លាយ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រក​ឃើញ​ថា មាន​ចំណុច​ខ្លះ​នឹង​រឹតត្បិត​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​កម្ពុជា នៅ​លើ​អ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។