ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៦)

ភាគ​ទី​៦
បុរស​នេះ​ពិត​មែន​តែ​គាត់​មាន​រូបរាង​ធាត់​ហើយ​ទាប​កន្តុញ​ តែ​គាត់​មាន​កាយ​វិការ​រហ័សរហួន​ណាស់។ បុរស​យួរ​ឪទឹន​ស្រា​មក​ដល់​មុខ​សេះ​ក៏​យក​ដៃ​ទះ​មាត់​ឪទឹន​ស្រាល​ៗ​ ពីរ​បី​ដង​រួច​ចាប់​មាត់​ឪទឹន​ប្រឡេះ​ចេញ​ឱ្យ​បែក​ធំ​ល្មម​​នឹង​មាត់​សេះ។
យានលា​រឹតតែ​មាន​ការ​ភ្ញាក់​ផ្អើល​ថែម​ឡើង ព្រោះ​ការ​ដែល​ទះ​មាត់​ឪទឹន​ឱ្យ​បែក​នោះ​ជា​ការ​ងាយ​ទេ តែ​ទះ​បំបែក​មាត់​ឪទឹន​ឱ្យ​​បាន​ត្រឹម​ដូច​គេ​កាត់​ នោះ​ពុំ​មែន​ជា​ការ​ងាយ​ឡើយ។ បុរស​នេះ​ពិត​ជា​មាន​កម្លាំង​ដៃ​ប្លែក​ពី​មនុស្ស​ធម្មតា​ច្រើន​ណាស់។

 

បុរស​ដាក់​ឪទឹន​ទៅ​ដី ឪទឹន​ដែល​ដាច់​ត្រឹម​ក​មាន​សណ្ឋាន​ដូច​ជា​កូន​ផើង។ ពេល​នោះ​អាជានេយ្យ​ស្រែក​កញ្ជ្រៀវ​ឡើង ហើយ​ឱន​ក្បាល​ទៅ​ផឹក​ស្រា។
សុរា​ជះ​ក្លិន​ឈ្ងុយឈ្ងប់​ពេញ​ជា​ស្រា​ដ៏​ល្អ​លេខ​មួយ​នៃ​ខេត្ត​ជើជាង​នេះ​តែ​ម្ដង។
ស្រា​នេះ​តែង​ត្រូវ​បាន​យក​ទៅ​បន្ទំ​ទុក​ក្នុង​ដី​យ៉ាង​ឆាប់​ណាស់​ក៏​មាន​រយៈ​កាល​ជាង​សែសិប​ឆ្នាំ​មក​ហើយ​ដែរ។ គឺ​ជា​ស្រា​ដ៏​មាន​តម្លៃ​ ដែល​និយម​ប្រើ​តែ​ក្នុង​ពិធី​បុណ្យ​ប៉ុណ្ណោះ​ ចុះ​ហេតុ​អ្វី​បុរស​នេះ​ឱ្យ​សេះ​ផឹក​ម្ដង​មួយ​ឪទឹន​យ៉ាង​នេះ​? គួរ​អស្ចារ្យ​មែន!
បុរស​កន្ធាត់​តឿ​ដើរ​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​វិញ ហើយ​ពេល​ដែល​គេ​ដើរ​កាត់​តុ​ទទួល​ប្រាក់​នៃ​ភោជនីយដ្ឋាន​នោះ គេ​បោះ​មាស​មួយ​ដុំ​ទម្ងន់​ប្រមាណ​ជា​មួយ​តម្លឹង​ទៅ​លើ​តុ​ទាំង​បន្លឺ​វាចា​ថា៖
«មាស​នេះ​ទុក​ជា​លុយ​កក់​ចុះ រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​គ្រប់​៩​តុ​ឱ្យ​ហើយ​ភ្លាម​ឡើង»

 
អ្នក​គិត​ប្រាក់​ក៏​ឆ្លើយ​មក​វិញ​ដោយ​គោរព​ថា៖
«លោក​ម្ចាស់​សូម​យក​ដុំ​មាស​នេះ​ទុក​សិន​ទៅ​ តម្លៃ​ម្ហូប​ចាំ​គិត​គ្នា​ក្រោយ​ចុះ ថ្ងៃ​នេះ​មាន​ត្រី​ក្រោស​ទើប​នឹង​មក​ដល់​ធ្វើ​ម្ហូប​ក្លែម​ឆ្ងាញ់​ណាស់​ទាន!»
បុរស​កន្ធាត់​ឆ្លើយ​ថា៖
«ស្អី? ស៊ី​ផឹក​មិន​គិត​លុយ​ឬ? ទេ… ទេ… មិន​បាន​ទេ យើង​មិន​មែន​ជា​មនុស្ស​ដែល​ស៊ី​ឆ្អែត​មាន​កម្លាំង​ហើយ​បញ្ចេញ​សាច់​ដុំ​ដាក់​គេ​នោះ​ទេ!»
អ្នក​គិត​ប្រាក់​ស្ដាប់​ឮ​ហើយ​ គេ​សើច​ញញឹម​ ស្រែក​ប្រាប់​អ្នក​បម្រើ​ថា៖
«នែ៎! កន​យើង រៀប​ម្ហូបម្ហា​ជូន​លោក​ម្ចាស់​យើង​ភ្លាម»
អ្នក​បម្រើ​ម្នីម្នា​រៀប​ចំ​តុ​កែវ​ចាន​គ្រប់ ៩ តុ​មួយ​រំពេច។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ