អ៊ឺរ៉ូ២០១៦៖ ជន​«បាត​ផ្សារ»​ មក​គាំទ្រ​​បាល់​​ទាត់!

កណ្ដាលក្រុងមាត់សមុទ្រ ភាគខាងត្បូងនៃប្រទេសបារាំង បានក្លាយជាទីលានសម្រាប់ ពួកអ្នក​គាំទ្រ​បាល់ទាត់ យក​មក​ធ្វើ​ជា​សៃវៀន​​វាយតប់​គ្នា បណ្ដាលឲ្យមនុស​ជាច្រើននាក់​រងរបួស ក្នុងនោះអ្នកគាំទ្រ​បាល់ទាត់ ជាតិ​អង់គ្លេស​ម្នាក់ ស្ថិត​ក្នុង​សភាព​មិនដឹង​ស្លាប់​មិនដឹងរស់។ ហេតុការណ៍​បានកើតឡើង នៅមុន​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​រ៉ុស្ស៊ី តែ​​ប៉ុន្មាន​​ម៉ោង​​ប៉ុណ្ណោះ ត្រូវបាន​សារព័ត៌មានជាច្រើនហៅ ថាជារឿង«អាម៉ាស់»​​របស់​អ៊ឺរ៉ូ២០១៦។
អ៊ឺរ៉ូ២០១៦៖ ជន​«បាត​ផ្សារ»​ មក​គាំទ្រ​​បាល់​​ទាត់!

នគរបាលបារាំង ឃាត់ខ្លួនជនសង្ស័យមួយរូប ដែលទំនងជាបានចូលរួម នៅក្នុងអំពើហិង្សាកាលពីល្ងាចថ្ងៃសៅរ៍។ (រូបថតទ្វីសធើរ)

បន្ទាប់ពីផ្ទុះអំពើហិង្សា នៅមុនការប្រកួតរវាង ក្រុមបាល់ទាត់ជម្រើសជាតិ​អង់គ្លេស និងក្រុមរ៉ូស្ស៊ី នាទីក្រុង​ម៉ារសីយ៍ (Marseille) ភាគខាងត្បូងបារាំង កាលពីយប់ថ្ងៃសៅរ៍នោះរួច បណ្ដាញផ្សព្វផ្សាយជាច្រើន​នៅអ៊ឺរ៉ុប បាន​ព្រួតគ្នា​ចេញផ្សាយពីហេតុការណ៍ ដ៏គួរឲ្យសោកស្ដាយនេះ និងបានហៅទង្វើរបស់ក្រុមអ្នកគាំទ្រ ថាជា​ការ​ខ្មាសអៀនមួយ ដែលមិនត្រូវឲ្យមាន នៅក្នុងពិភពបាល់ទាត់ឡើយ។

សារព័ត៌មាន​ដែលចេញផ្សាយ ដោយប្រើពាក្យសម្ដី«ឆៅ»ខ្លាំងជាងគេ គឺសារព័ត៌មានអង់គ្លេស «The Sun»។ សារព័ត៌មាន​នេះ បានហៅអ្នកគាំទ្រជាតិរ៉ូស្ស៊ី ថាជា«ក្រុមឆ្លៀតឱកាសបង្ករឿង និងក្រុមបាតផ្សារ» ដែលក្នុង​នោះ​មាន​មនុស្សមួយចំនួន មានប្រដាប់ដោយកាំបិត។ ចំណែកឯសារព័ត៌មានអាល្លឺម៉ង់ «Bild» វិញ បានលើក​យក​ហេតុការណ៍ផ្ទុះអំពើហិង្សា នៅក្នុងកីឡាដ្ឋាន «Vélodrome» របស់ក្រុង ម៉ារសីយ៍ មកសរសេរ ដោយដាក់​ជា​ចំណងជើងធំៗថា៖ «ក្រុមអ្នកបំផ្លាញជាតិរ៉ូស្ស៊ី បើកការវាយប្រហារ ទៅលើក្រុមអ្នកគាំទ្រជាតិអង់គ្លេស»។

រីឯសារព័ត៌មានអង់គ្លេស «The Guardian» ដែលមានជំហរកណ្ដាល-ឆ្វេងនិយម មិនបានដាក់​កំហុស​ទៅ​នរណា​ម្នាក់​ទេ តែបានសរសេរថា ករណីបែបនេះអាចនឹងមានកើតទៀត ខណៈ«រឿងវាយតប់ ក៏ជា​ចំណែក​មួយ នៃ​"ADN (ឬDNA)"​របស់​បាល់ទាត់​អង់គ្លេស​ដែរ»។

«ទង្វើឆ្លៀតឱកាសបង្ករឿង បានត្រឡប់មកវិញហើយ នៅអ៊ឺរ៉ុប»

«ភាពអាម៉ាស់ របស់អ៊ឺរ៉ូ» នេះជាចំណងជើងរបស់សារព័ត៌មានអេស្ប៉ាញ ចេញប្រចាំថ្ងៃ ឈ្មោះ «Marca» ខណៈ​សារព័ត៌មាន «AS» របស់ប្រទេសអេស្ប៉ាញដដែល បានលើកមកនិយាយថា៖ «ទង្វើឆ្លៀតឱកាស​បង្ក​រឿង ដ៏​សាហាវ​ព្រៃផ្សៃ បានត្រឡប់មកវិញហើយ នៅអ៊ឺរ៉ុប»។ សារព័ត៌មាន «Republica» ចេញផ្សាយនៅរដ្ឋធានីរ៉ូម ប្រទេស​អ៊ីតាលី បាន​ដាក់ចំណងជើង ទៅនឹងព្រឹត្តិការណ៍នេះថា «ភាពលីលានៃក្រុមឆ្លៀតឱកាស​បង្ក​រឿង នៅ​ក្នុង​​ព្រឹត្តិការណ៍​អ៊ឺរ៉ូ​២០១៦៖ ចម្បាំងនៅកំពង់ផៃ នៃក្រុងម៉ារសីយ៍»។

សម្រាប់សារព័ត៌មាន «L'Equipe» របស់បារាំងឯណេះ បានសរសរថា «អ៊ឺរ៉ូ២០១៦ បានរងការគម្រាម បាន​សម្រេច ដោយ​ភាពភ័យខ្លាច»។

អំពើហិង្សាដ៏ខ្លាំងក្លា បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ នៅនឹងទីលាន ដែលជាអតីតកំពង់ផែចាស់ ហៅថា «Vieux-Port» ដ៏មានប្រជាប្រិយមួយ កណ្ដាលទីក្រុងម៉ារស៊ីយ៍ រវាងក្រុមអ្នកគាំទ្រជាតិអង់គ្លេស និងរ៉ូស្ស៊ី។ ប៉ុន្តែ​ក៏​មាន​បណ្ដា​ជន​បារាំង នៅនឹងកន្លែងមួយចំនួន ក៏បានចូលរួមដែរ។ អំពើហិង្សានេះ បានលាតសន្ធឹង​ទៅ​ដល់​ក្រុង នីស (Nice) ដែលជាទីក្រុងជាប់មាត់សមុទ្រ ស្ថិតនៅខាងកើត ជាប់ក្រុងម៉ារសីយ៍។ តុល្យភាពចុង​ក្រោយ ដែលអាជ្ញាធរប្រកាស នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មនុស្ស៧នាក់រងរបួស ក្នុងនោះមានម្នាក់ រង​របួស​ស្ទើ​ស្លាប់​ស្ទើ​រស់។ មនុស្សប្រមាណជាជិត១០នាក់ ត្រូវបានចាប់ខ្លួន។

ចេញពីអំពើហិង្សានេះ អាជ្ញាធរបារាំងបានប្រកាសតម្លើងសាច់ដុំ ដោយបានដាក់ពង្រាយនូវមធ្យោបាយ​ខ្លាំងៗ និង​ច្រើន​សន្ធឹកសន្ធាប់​ជាងមុន នៅកន្លែងណា ដែលគ្រោងនឹងមានការប្រកួត ជាពិសេសនៅរដ្ឋធានី​ប៉ារីស​តែ​ម្ដង៕

អ៊ឺរ៉ូ២០១៦៖ ជន​«បាត​ផ្សារ»​ មក​គាំទ្រ​​បាល់​​ទាត់!

រូបភាពផ្សេងទៀត មាននៅទំព័របន្ទាប់។

    Pages:

  • 1
  • 2
  • »