មាស ចាន់ណា៖ ខ្ញុំ​អត់​យល់ ពួក​អស់លោក​ស្អប់​ក្រុម​ខ្ញុំ​ឬ​យ៉ាង​ណា

“ខ្ញុំ​អត់​យល់ ​តាំង​ពី​បើក​រដូវ​កាល​មក ខ្ញុំ​ឃើញ​ពួក​អស់​លោក​ហ្នឹង (អាជ្ញាកណ្ដាល) ​ដូចជា​ស្អប់​ក្រុម​ខ្ញុំ​ដល់​ហើយ ​មិន​ថា​លេង​ជាមួយ​ក្រុម​ណា​ទេ​គឺ​អីចឹង​រហូត មិន​ខុស​ក៏​ថា​ខុស។ ធ្វើ​ជា​ឪពុក​ម្ដាយ​គេ​ឱ្យ​ស្មើ​ភាព​ផង”។ សម្ដី​លោក មាស ចាន់ណា ​ក្រោយ​ក្រុម​របស់​លោក​ចាញ់​បឹង​កេត​អង្គរ​ដោយ​មិន​អស់​ចិត្ត។

 

មាស ចាន់ណា៖ ខ្ញុំ​អត់​យល់ ពួក​អស់លោក​ស្អប់​ក្រុម​ខ្ញុំ​ឬ​យ៉ាង​ណា​លោក មាស ចាន់ណា

 

ណាហ្គាវើល ​បាត់​បង់​៣​ពិន្ទុ​ដោយសារ​តែ​ចាញ់​ក្រុម​បឹង​កេត​អង្គរ​ ២-១ ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។ ដោយ​លោក មាស ចាន់ណា ​យល់​ថា​ ការ​ប្រកួត​នោះ​ហាក់​ដូច​ជា​មិន​សុក្រឹត​សម្រាប់​ក្រុម​របស់​ខ្លួន​ឡើយ ពោល​គឺ​ត្រង់​បាល់​តង់​ទី​មួយ ដែល​ Omokafe ​ស៊ុត​ចូល​តែ​អាជ្ញាកណ្ដាល​មិន​ឱ្យ​នោះ។

 

គ្រូ​បង្វឹក​វ័យ​ក្មេង​ខាង​លើ​បាន​ពន្យល់​ថា​មួយ​គ្រាប់​ដែល​កូន​ក្រុម​របស់​លោក​រក​បាន​នោះ គឺ​ពិត​ជា​មិន​មាន​កំហុស​ឆ្គង​អ្វី​នោះ​ទេ Offside ​ក៏​មិន​ Offside ​ហើយ​បង្ក​កំហុស​លើ​ខ្សែ​ការពារ​បឹង​កេត​ក៏​មិន​មាន​ទៀត ព្រោះ​ Omokafe ​រត់​ពី​ក្រោយ ហើយ​ត្រូវ​ខ្សែ​ការពារ​ទាញ​ទេ។ យ៉ាង​ណា​មិញ លោក​មាស ចាន់ណា ​ចង់​ឱ្យ​ក្រុម​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ឱ្យ​សុក្រឹត​បន្តិច កុំ​ឱ្យ​លំអៀង​ទៅ​ម្ខាង​ពេក។

 

លោក មាស ចាន់ណា ​បាន​និយាយ​បន្ថែម​ថា​៖ “​អាជ្ញាកណ្ដាល​មិន​គូរ​លំអៀង​ទៅ​ខាង​ណា​ម្ខាង​នោះ​ទេ ព្រោះ​ពួកគេ​ជា​មនុស្ស​នៅ​កណ្ដាល។ តែ​រដូវ​កាល​នេះ ខ្ញុំ​ឃើញ​ក្រុម​របស់​ខ្ញុំ​ធ្វើ​អ្វី​ក៏​ខុស​ដែរ មិន​ដឹង​ថា​ពួកគេ​ស្អប់​ក្រុម​ណាហ្គាវើល​ឬ​យ៉ាង​ណា​ទេ… ខ្ញុំ​អត់​យល់​”។

 

 

​ក្រុម​ណាហ្គាវើល ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ​ក្រោយ​បាត់​បង់​៣​ពិន្ទុ ខណៈ​ដែល​លេខ​៣​បាន​ទៅលើ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​លេខ​២​បាន​ទៅ​លើ​បឹង​កេត​អង្គរ និង​លេខ​មួយ​គឺ​ក្រុម​ក្រសួង​ការពារ​ជាតិ៕

 

អត្ថបទ៖ មុន្នី រម្យ