បឹងកេត នៅតែមិនអាចឡើងទៅកំពូល ខណៈក្រុមទ័ព បន្តការឈ្នះដូចគ្នា

ឱកាសឡើងទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦របស់ក្រុមបឹងកេតអង្គរ នៅតែមិនអាចកើតមានឡើង ខណៈដៃគូប្រជែងដ៏ខ្លាំងរបស់ខ្លួន គឺក្រសួងការពារជាតិ(ទ័ព) បានវាយបកយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ នៅលើទឹកដីខ្លួនឯងនៃស្តាតចាស់ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

mm6

សម្រាប់ការប្រជែងគ្នាដោយប្រយោលកាលពីម្សិលមិញនោះ ក្រុមបឹងកេត បានយកឈ្នះក្រុមណាហ្គាវើល ២-១ នៅពហុកីឡដ្ឋានជាតិ យ៉ាងស្វិតស្វាញបំផុត។ ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ជាអ្នករកបានគ្រាប់បាល់បើកឆាកឲ្យក្រុមបឹងកេត នៅនាទី៥២ មុនពេលខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បានបន្ថែម១គ្រាប់ នៅនាទីទី៥៧ រីឯ១គ្រាប់របស់ណាហ្គាវើល រកបានដោយ Zogbe Gbayoro Anderson នៅនាទីទី៧៤។

mm5

ប៉ុន្តែជ័យជម្នះ ២-១ លើក្រុមណាហ្គាវើលនេះ បានជួយឲ្យក្រុមបឹងកេត ឡើងទៅឈរនៅកំពូលតារាងប្រហែល៣ម៉ោងប៉ុណ្ណោះ រួចក៏ធ្លាក់មកឈរនៅលេខរៀងទី២វិញ បន្ទាប់ពីក្រុមទ័ព បានវាយបកយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ ២-១ ដើម្បីបន្តមាន២៤ពិន្ទុស្មើបឹងកេត ដដែលនោះ។
នៅក្នុងការប្រកួតយ៉ាងស្វិតស្វាយនោះខ្សែប្រយុទ្ធរបស់ជប៉ុន Muramatsu Tomoki បានរកគ្រាប់បាល់ឲ្យក្រុមខេមបូឌានថាយហ្គឺរ តាំងពីនាទីទី៧ ប៉ុន្តែខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong Ho បានរកបាន២គ្រាប់វិញ គឺដោយការស៊ុតបាល់ហ្រ្វីឃីត បញ្ចូលទីយ៉ាងស្អាត នៅនាទីទី៣៩ និងការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៥១។

mm4

ចំណែកក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានលត់ក្រុមអាស៊ីអឺរ៉ុប ៤-០ ដើម្បីឡើងមកឈរនៅលេខរៀងទី៣វិញ ដោយមាន១៦ពិន្ទុ។ ខ្សែប្រយុទ្ធ Kipson រកបាន២គ្រាប់តែម្នាក់ឯង នៅនាទីទី៤៩ និង៦៦ ខណៈ ហួយ ផល្លីន និង Lee Jonho រកបានម្នាក់១គ្រាប់។

mm3

ចំណែក្រុមម្ចាស់ជើងឯក ភ្នំពេញក្រោន បានឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ៤-២ ដើម្បីឡើងមកឈរនៅលេខរៀងទី៥ បន្ទាប់ពីណាហ្គាវើល ដោយមាន១៤ពិន្ទុស្មើគ្នា តែលើសក្រុមខេមបូឌាយថាយហ្គឺរ១ពិន្ទុ។៤គ្រាប់របស់ភ្នំពេញក្រោន រកបានដោយ ឡេង មករា ២គ្រាប់ និង កែវ សុខង៉ុន និង កុក បូរីស ម្នាក់១គ្រាប់ ខណៈ២គ្រាប់របស់អាស៊ីអឺរ៉ុបរកបានដោយកីឡាករ Timothy Kereke។

mm2

រីឯក្រុមប៉ូលិស បានបន្តស្មើជាមួយក្រុមវេស្ទើន ២-២ កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យក្រុមមួយនេះមានត្រឹម៥ពិន្ទុស្មើអាស៊ីអឺរ៉ុប និងលើសក្រុមវេស្ទើន ចំនួន១ពិន្ទុ៕

mm1