ការព្យាករ៖ ក្រុមអេស្ប៉ាញ Vs ក្រុមសាធារណរដ្ឋឆែក

អេស្ប៉ាញ នឹងឈានទៅកាន់យុទ្ធនាការនេះដោយសម្លឹងរកការឈ្នះពាន Euro ជាលើកទី៣ជាប់ៗគ្នា ប៉ុន្តែ ពួកគេកំពុងតែជួបភាពស្រពេចស្រពិលផ្សេងៗ ពិសេសតំបន់បម្រើ។ ភាពខ្លាំងរបស់អេស្ប៉ាញ គឺការប្រជុំដោយកីឡាករឆ្នើមៗ និងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏មានបទពិសោធលោក Vicente del Bosque។ ចំពោះពីភាពខ្សោយ អេស្ប៉ាញ អាចនឹងលំបាកក្នុងការរកគ្រាប់បាល់បញ្ចូលទី បើទោះបី Álvaro Morata, Aritz Aduriz និង Nolito នឹងត្រូវដឹកនាំក្នុងតំបន់ប្រយុទ្ធក៏ដោយ។

spain

អេស្ប៉ាញ នឹងឈានទៅកាន់ការប្រកួតនេះជាមួយនឹងជ័យជម្នះ២លើក ស្មើ២លើក និងចាញ់១លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ក្រុមជម្រើសជាតិឆែក គឺជាក្រុមដែលមានការរៀបចំយ៉ាងល្អ ហើយលោកគ្រូបង្វឹក Pavel Vrba ចូលចិត្តប្រើប្រាស់រូបមន្ត 4-2-3-1 និងចង់ឲ្យក្រុមរបស់លោកធ្វើការវាយសម្រុក។ ភាពចេះបន់បែន គឺជាភពខ្លាំងរបស់ពួកគេ ខណៈដែលពួកគេនឹងវាយសម្រុកខ្លាំងទៅលើគូប្រជែងដែលខ្សោយជាង និងផ្តោតលើការការពារពេលជួបក្រុមខ្លាំង។

czech

ភាពខ្សោយរបស់ពួកគេគឺការនៅតែជឿជាក់ខ្លាំងទៅលើខ្សែប្រយុទ្ធជើងចាស់ Tomas Rosicky។ សាធារណរដ្ឋឆែក បានកត់ត្រាជ័យជម្នះ២លើក ស្មើ១លើក និងចាញ់២លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនត្រឹមតែមួយលើកគត់។ សម្រាប់ការជួបគ្នា៤លើកចុងក្រោយរវាងក្រុមទាំងពីរ អេស្ប៉ាញ ធ្វើបានយ៉ាងល្អតាមរយៈការដណ្តើមបានជ័យជម្នះ៣លើក និងស្មើ១លើក ហេតុនេះ ជាមួយនឹងការស្ថិតក្នុងទម្រង់លេងល្អប្រសើរជាង និងស្របពេលឆែក មានភាពទន់ខ្សោយក្នុងតំបន់ការពារ ជារំពឹងទុក អេស្ប៉ាញ គួរតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដណ្តើមបានជ័យជម្នះពីការប្រកួតនេះ៕