ច​ន ច័ន្ទ​ល​ក្ខិ​ណា ឈឺឆ្អាល​ត្រៀម​ផ្តល់​មេធាវី​ការពារ​រឿង​ក្តី​បែកធ្លាយ​រូប​អាក្រាត​កាយ​របស់​វ៉ា​ន់ នី​ឡា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ព្យាយាម​ជួយ​តារាចម្រៀង​វ៉ា​ន់ នី​ឡា ដែល​រង​គ្រោះ​ដោយ​ជនអនាមិក​បាន​ទម្លាយ​រូប​អាក្រាត ហើយ​ត្រូវ​គេ​ចែកចាយ​ត​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចាត់​ទុក​ថា ការ​ផ្សាយ​រូបភាព​នោះ​ជា​ការ​ជាន់ពន្លិច​តម្លៃ​ស្ត្រី​ខ្មែរ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រៀម​ផ្តល់​មេធាវី​ការពារ​ក្តី​ដោយ​ឥត​គិតថ្លៃ​ដល់​តារាចម្រៀង​វ៉ា​ន់ នី​ឡា ។ មេធាវី និង​បំពេញការងារ​តាម​រយៈ​សមាគម​ថ្មី​មួយ​មានឈ្មោះ​ថា «​សមា​គម​អ្នក​គាំពារ​សិល្បៈ​» ដែល​នឹង​លេច​រូបរាង​ជា​ផ្លូវការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សរសេរ​ថា «​យើងខ្ញុំ​ទាំង​អស់​​គ្នា​សូម​គាំទ្រ និង​ចេញ​មុខ​ជួយ​រក​យុត្តិធម៌​ជូន​ប្អូនស្រី​វ៉ា​ន់ នី​ឡា ហើយ​យើងខ្ញុំ​សង្ឃឹមថា​ច្បាប់​នឹង​ផ្តន្ទាទោស​ចំពោះ​ជន​អ​សីលធម៌​នេះ​ដែល​កំពុង​ជាន់ពន្លិច​តម្លៃ​ស្ត្រី​ខ្មែរ ។ យើងខ្ញុំ​ទាំងអស់​គ្នា​គាំទ្រ​ឲ្យ​មាន​យុត្តិធម៌​គ្រប់​ស្ត្រី​រង​គ្រោះ​កម្ពុជា ប្រទេស​គោរព​ច្បាប់ ។ យើងខ្ញុំ​ត្រៀម​មេធាវី​ការពារ​ក្តី​ជូន​វ៉ា​ន់ នី​ឡា​ដើម្បី​ជួយ​រក​យុត្តិធម៌​ដែល​ក្នុង​នាម​ជា​មនុស្ស ​និង​ជានា​រី​ដូច​គ្នា​ពិតជា​ពិបាក​នឹង​ឈរ​មើលរូប​ភាព​ចែកចាយ​ទាំងនោះ​ណាស់ គឺ​អាណិត​គាត់   ហើយ​បងប្អូន​ទាំងអស់​គួរ​បញ្ឈប់​ការ​ចែកចាយ​រូបភាព​នោះ​បន្ត​គ្នា​ពី​មួយទៀត​ទៅ » ។

ការ​រៀបចំ​មេធាវី​នេះ​ស្រប​ពេល​អ្នកសិល្បៈ​ជា​ច្រើន​អាណិតអាសូរ​ដល់​វ៉ា​ន់ នី​ឡា ដែល​ត្រូវ​ជនអនាមិក​ទម្លាយ​រូប​អាក្រាត និង​ទទូច​សុំ​ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បញ្ឈប់​ការ​ចែកចាយ​រូបភាព​ទាំងនោះ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​លោក​ទិ​ត្យ វិច្ឆិកា​, លោក​សាយ សៀ​រ៉ា​, លោក​សន វិ​ជ្ជ​បុត្រ​, កញ្ញា​ស៊ូ ដា​ណេ​, ឌី​ជេ​អេ​ដា​, លោក​សុះ ម៉ាច និង​នាង​ពេជ្រ សោភា ជាដើម ទទូច​ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈប់​ចែកចាយ​រូបភាព​អាក្រាត​របស់​វ៉ា​ន់ នី​ឡា​ទៀត ។ អ្នក​ទាំងនោះ​សម្តែង​ក្តី​អាណិត​នាង​វ៉ា​ន់ នី​ឡា ហើយ​ថា​គ្រប់​គ្នា​សុទ្ធតែ​មាន​ម្តាយ មាន​បងស្រី​ប្អូនស្រី ដូច្នេះ​គួរ​អាណិត​នី​ឡា ។

អ្នកសិល្បៈ​ទាំងនោះ​រំពឹង​ថា ច្បាប់​នឹង​ផ្តល់​យុត្តិធម៌​ជូន​នាង​វ៉ា​ន់ នី​ឡា ។

ចំណែក​បណ្តា​សិស្ស​-​និស្សិត​តាម​គ្រឹះស្ថានសិក្សា​នានា​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ដែរ​ចំពោះ​ការ​បញ្ចេញ​រូប​អាក្រាត​របស់​នាង​វ៉ា​ន់ នី​ឡា ហើយ​សំណូមពរ​ឱ្យ​ច្បាប់​ចាត់ការ​រឿង​នេះ ។

លោក​សុខ ជំនោរ បាន​ទៅ​បំភ្លឺ​នៅ​ក្រសួងមហាផ្ទៃ​លើ​បណ្តឹង​របស់​វ៉ា​ន់ នី​ឡា ជា​ប្អូនស្រី​របស់​លោកតា​មរយៈ​ការ​កោះហៅ​របស់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ ។

ការ​បែកធ្លាយ​រូប​អាក្រាត​ជា​ច្រើន​សន្លឹក​បន្ទាប់​ពី​កញ្ញា​វ៉ា​ន់ នី​ឡា ចែកផ្លូវ​គ្នា​ជាមួយ​អតីត​គូសង្សារ​របស់​នាង ។ ទោះជា​យ៉ាងណា​ក្តី បុរស​ជា​អតីត​សង្សារ​បាន​បដិសេធ​ថា​លោក​មិន​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​រូប​អាក្រាត​របស់​វ៉ា​ន់ នី​ឡា​នោះ​ទេ ៕