ក្រុមគ្រួសារជនដៃដល់ បាញ់សម្លាប់តារាចម្រៀងស្រី The Voice បានត្រឹមបន្សល់ទុក សារសុំទោសពីមុខផ្ទះឪពុកម្ដាយនាង (មានវីដេអូ)

អាមេរិក៖ បងប្អូនសាច់ញាតិឃាតករ ដែលបានបាញ់សម្លាប់តារាចម្រៀងស្រីនាង Christina Grimmie អាយុ ២២ឆ្នាំ នៅក្នុងកម្មវិធីប្រគុំតន្ដ្រី កាលពីយប់ថ្ងៃសុក្រ និងមុននឹងសម្លាប់ខ្លួននេះ បានធ្វើការសុំទោសក្នុងអំពើឃាតកម្មនេះ តាមរយៈការបិទក្រដាសនៅពីមុខទ្វារផ្ទះ របស់ក្រុមគ្រួសារនារីរងគ្រោះ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ Kevin James Lobil អាយុ ២៧ឆ្នាំ បានធ្វើដំណើរពីផ្ទះរបស់ខ្លួននៅ St Petersburg មកកន្លែងប្រគុំតន្ដ្រីរបស់នាង Christina Grimmie ដែលជាបកេ្ខនារីជាប់ក្នុងកម្មវិធី The Voice នៅក្បែរ Orlando ជាមួយនឹងកាំភ្លើងដៃ២ដើម និងកាំបិត មុននឹងបាញ់សម្លាប់នាង ខណៈដែលនាងកំពុងតែចុះហត្ថលេខា ឲ្យអ្នកគាំទ្រនាង។ ជាមួយគ្នានេះដែរ កាលពីថ្ងៃម្សិលមិញនេះ ក៏មានសារមួយសន្លឹក បិទនៅលើមាត់ទ្វារផ្ទះឪពុកម្ដាយនារីរងគ្រោះ និងបានសរសេរឲ្យដឹងថា នេះជារឿងដ៏ក្រៀមក្រំជាទីបំផុត សម្រាប់ការបាត់បង់នាង ចំពោះក្រុមគ្រួសារ, មិត្ដភិក្ដ និងអ្នកគាំទ្រ ដែលស្រឡាញ់ Christina Grimmie

ទន្ទឹមនឹងនេះ បើតាមសាក្សីនៅដែលកន្លែងកើតហេតុ នាង Destiny Rivera អាយុ ២០ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងកំពុងតែឈរពីក្រោយឃាតករនោះ ខណៈដែលឃាតករនេះ បានដើរសម្ដៅទៅរក Grimmie នៅកន្លែងតុជួបអ្នកគាំទ្រ។ នាងបន្ដឲ្យដឹងថា Grimmie បានឈររង់ចាំ និងបើកដៃរកអោបបុរសជាឃាតករនេះ មុននឹងឃាតករនេះបាញ់សម្លាប់នាង។ នៅក្នុងនោះបានឲ្យដឹងថា Grimmie មានឈាមហូរជាច្រើនចេញពីក្បាល និងដើមទ្រូង មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលឃាតករបានបាញ់សម្លាប់ខ្លួនឯង និងមិនបានបង្កឲ្យនរណារបួសនោះទេ។

យ៉ាងណាមិញ នាពេលនេះប៉ូលិសមិនអាចទាន់សន្មត់ ពីមូលហេតុអ្វីដែលបណ្ដាលឲ្យឃាតករនេះ សម្លាប់នាងនោះទេ ខណៈដែលលោកJohn Mina ជាមេប៉ូលិសនៅក្នុងទីក្រុងOrlando នេះ និយាយថា មើលទៅឃាតករ Lobil នេះទំនងជាអ្នកគាំទ្រងុប ឬឆ្កួតនឹងតារាចម្រៀង។

គួរបញ្ជាក់ថា នាង Grimmie បានធ្វើការសម្ដែង នៅThe Plaza Live ខណៈដែលការប្រគុំតន្ដ្រីនេះ បានបញ្ចប់នៅម៉ោង១០យប់ និងនាងបន្ដនៅចុះហត្ថលេខា និងជួបអ្នកគាំទ្រ នៅពេលដែលឃាតករ Lobil សម្ដៅមករកនាង។ លោកJohn Mina បានបន្ដឲ្យដឹងថា ឃាតករនេះបានធ្វើដំណើរ អស់រយៈពេល ២ម៉ោង ក្នុងគោលបំណងមកសម្លាប់នាង។  មួយវិញទៀត ឃាតករនេះ មិនស្គាល់នាងច្បាស់នោះទេ ដោយមកកម្មវិធីប្រគុំតន្ដ្រីនេះ ជាមួយនឹង កាំភ្លើង ២ដើម , ទស្សនាវដ្ដីមួយចំនួន និងកាំបិត។ គាត់បានបន្ថែមឲ្យដឹងទៀតថា ឃាតករ Lobil មានគម្រោងត្រលប់ទៅផ្ទះវិញ ក្រោយពីវាយប្រហារនេះ ប៉ុន្ដែខាងប៉ូលិសមិនបង្ហាញពីមូលហេតុដែលពួកគេដឹងនោះទេ។

សម្រាប់ទីតាំងកន្លែងកើតហេតុ ដែលជាកន្លែងក្នុងការប្រគុំតន្ដ្រីនេះ គឺមានសន្ដិសុខយាមកាម ដែលមិនមានកាន់កាំភ្លើង និងជាអ្នកឆែកឆេរកាបូប ឬឥវ៉ាន់ផ្សេងៗថា មានផ្ទុកកាំភ្លើងឬអត់ នៅពេលដែលមនុស្សចូលក្នុងអគារនេះ ប៉ុន្ដែបែរជារកមិនឃើញអ្វីទាល់តែសោះ៕

ប្រភព ៖
ឌេលីម៉ែល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload