ក្រសួង​សាធារណការ គ្រោង​ធ្វើ​ប្រជា​មតិ​ពី​ការ​រឹបអូស​រថយន្ត​ដឹក​លើស​ទម្ងន់​មក​ជា​សម្បត្តិ​រដ្ឋ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងកំពុងរៀបចំកែប្រែអនុក្រឹត្យលេខ ១៨០ ស្តីពីការកែច្នៃយានយន្ត ហើយនឹងស្រង់មតិរបស់ពលរដ្ឋ ថាតើពេញចិត្តដែរ ឬទេ ប្រសិនបើក្រសួង ធ្វើការរឹបអូសយករថយន្តដែលដឹកលើសទំងន់ មកដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោយពីការព្រមានរួចមក? ការលើកឡើងនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ០៩មិថុនានេះ ក្នុងសន្និសីទកាសែត បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធផលការអនុវត្តការងារកន្លងមក។

ក្រសួង​សាធារណការ គ្រោង​ធ្វើ​ប្រជា​មតិ​ពី​ការ​រឹបអូស​រថយន្ត​ដឹក​លើស​ទម្ងន់​មក​ជា​សម្បត្តិ​រដ្ឋ

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកនឹងស្រង់មតិយោបល់ពីពលរដ្ឋ តាមរយៈបណ្តាញសង្គម មានដូចជាហ្វេសប៊ុកជាដើម ដើម្បីអនុវត្តច្បាប់ចំពោះយានយន្តដែលដឹកលើសទម្ងន់ម្តងជា២ដង។ ប្រសិនបើពលរដ្ឋជាច្រើន បានសម្តែងការគាំទ្រចំពោះការរឹបអូសរថយន្តដែលដឹកលើសទម្ងន់មកដាក់ជាទ្រព្យសម្បត្តិរដ្ឋ នោះលោកនឹងចាត់វិធានការអនុវត្តគោលការណ៍នេះតែម្តង។

យ៉ាងណាក៏ដោយ លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា លោកមិនចង់ផាកពិន័យ ឬចាត់វិធានការធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែលោកក៏មិនចង់ឃើញផ្លូវថ្នល់ ដែលរដ្ឋាភិបាល បានចំណាយប្រាក់រាប់ពាន់លានដុល្លារសាងសង់ ដោយបានមកពីកម្ចីបរទេស ឬជំនួយឥតសំណងផងនោះ ត្រូវបានបំផ្លាញដោយសារតែការមិនគោរពច្បាប់របស់បុគ្គលទាំងនោះឡើយ។

ក្រៅពីបញ្ហាដឹកលើសទម្ងន់លោករដ្ឋមន្ត្រី ក៏បានសង្ងត់ធ្ងន់ចំពោះបញ្ហាយានយន្តកែច្នៃផងដែរ។ ក្រសួងសាធារណការ បានឲ្យដឹងថា គ្រាន់តែរយៈពេល ១ខែកន្លះ នៃការអនុវត្តច្បាប់ គេបានផាកពិន័យចំពោះរថយន្តកែច្នៃ និងរថយន្តដឹកលើសទម្ងន់បានជាង ៥០០ពាន់លានរៀល។ ក្នុងនោះ ក៏បានចុះអប់រំដល់យានដ្ឋានកែច្នៃយានយន្ត បានចំនួន ១ពាន់១០កន្លែង ដោយនៅសល់តែ ២ពាន់១១៦កន្លែងទៀត មិនទាន់បានអប់រំ។ ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏បានបង្ហាញថា ចាប់ពីថ្ងៃទី ១២ខែឧសភា រហូតមកដល់ពេលនេះ មានយានដ្ឋានកែច្នៃយានយន្តដែលបានចុះបញ្ជី មានអាជ្ញាប័ណ្ណស្របច្បាប់ បានកើនឡើងដល់ ៧៩៨កន្លែង។

ក្រសួងនឹងទុករយៈពេល ៣ខែ ដោយគិតចាប់ពីថ្ងៃទី ៩មិថុនានេះ ឲ្យយានដ្ឋានកែច្នៃ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ ត្រូវទៅធ្វើអាជ្ញាប័ណ្ណស្របច្បាប់ជាបន្ទាន់ បើពុំដូច្នោះទេ ក្រសួង នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផាកពិន័យ ទៅលើម្ចាស់យានដ្ឋានទាំងនោះ។

ចំពោះគម្រោងធ្វើផ្លូវខ្សែក្រវាត់ក្រុងទី២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់រថយន្តធំៗចូលក្នុងទីក្រុង លោកស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា នៅពេលនេះក្រសួងមានកិច្ចព្រមព្រៀងថានឹងត្រូវតែធ្វើហើយ ប៉ុន្តែគ្រាន់តែមិនទាន់ទទួលបានការចុះហត្ថលេខាផ្តល់ប្រាក់កម្ចីពីចិននៅឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ៩មិថុនានេះ គឺដើម្បីពិនិត្យមើលលទ្ធផល ក្នុងការអនុវត្តការងារ ដែលបានដាក់ចេញក្នុងស្មារតីនៃអង្គប្រជុំ ដែលធ្វើឡើង កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ លើរបៀបវារៈចំនួន៣ រួមមាន ការកែច្នៃដំឡើងយានយន្តខុសពីស្តង់ដាបច្ចេកទេស ការពង្រឹងវិធានការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការគ្រប់គ្រងរថយន្តធុនធ្ងន់ចេញ-ចូល ក្នុងរាជធានីភ្នំពេញ៕

ប្រភពៈ RFI