CNRP នឹង​ទទួល​ញ្ញត្តិ​ពី​ប្រជាពលរដ្ឋ​ជា​លើក​ទី​ពីរ

គណបក្សសង្គ្រោះជាតិ នឹងផ្តើមទទួលយកញ្ញត្តិជាលើកទីពីរ ពីប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា នៅថ្ងៃទី១៣ មិថុនា ស្អែកនេះ ដើម្បីដាក់ថា្វយព្រះមហាក្សត្រ។ ការទទួលញ្ញតិ្តពីប្រជាពលរដ្ឋនេះសារជាថ្មីនេះ គឺស្របពេលដែលគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ របស់ក្រសួងមហាផ្ទៃ កំពុងតែបើកការស៊ើបអង្កេតលើស្នាមមេដៃនៅលើញត្តិ លើកទីមួយ ដោយសារតែការចោទប្រកាន់ថា មានភាពមិនប្រក្រតីប្រមាណ៤០ភាគរយ ក្នុងការជំរុញឱ្យប្រជាពលរដ្ឋផ្តិតមេដៃ។

CNRP នឹង​ទទួល​ញ្ញត្តិ​ពី​ប្រជាពលរដ្ឋ​ជា​លើក​ទី​ពីរ

(អត្ថបទដោយ សរ ពិសី )

ជាថ្មីម្តងទៀត គណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមទទួលញត្តិពីប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនា ដើម្បីរៀបចំដាក់ថ្វាយព្រះមហាក្សត្រ ជាលើកទីពីរ បើទោះបីជា យុទ្ធការថ្វាយញ្ញត្តិនាពេលកន្លងទៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណាក៏ដោយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានសង្កត់ធ្ងន់ថា ញត្តិទាំងនោះ គឺប្រជាពលរដ្ឋ និងអ្នកគាំទ្រផ្តិតមេដៃថ្វាយព្រះមហាក្សត្រ ដើម្បីសុំឱ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ បញ្ឈប់រាល់ការរំលោភសិទ្ធិមនុស្ស ការរំលោភលើតំណាងរាស្រ្តរបស់ខ្លួន សង្គមស៊ីវិល រួមទាំងមន្រ្តីគ.ជ.ប។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលគណបក្សសង្រ្គោះជាតិប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ។

ពាក់ព័ន្ធនឹងស្នាមមេដៃរបស់ប្រជាពលរដ្ឋលើញត្តិរបស់គណបក្សសង្គ្រោះ កាលពីពេលកន្លងទៅ ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ និង បង្កើតអនុគណៈកម្មការតាមរាជធានី-ខេត្ត ដើម្បីស្រាវជ្រាវលើស្នាមមេដៃទាំងនោះ។ ចំណាត់ការនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពី នៅក្នុងចំណោមស្នាមមេដៃប្រមាណជា ១៧ ម៉ឺននាក់ត្រូវបានរងការចោទប្រកាន់ថា មានភាពមិនប្រក្រតី រហូតដល់ជាង ៤០ %។ ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យធ្វើការស្រាវជ្រាវដោយមានចំណារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣១ ខែឧសភា។

លោក កង សុខន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់វិទ្យុបារាំងឲ្យដឹងនៅថ្ងៃអាទិត្យនេះ ថា គណៈកម្មាការ បាននឹងកំពុងធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេតលើស្នាមមេដៃរបស់ប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃសុក្រមកម្លេះ។ ប៉ុន្តែ លទ្ធផលយ៉ាងណានោះ លោក មិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ៕

ប្រភពៈ  RFI