អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​អូស្ត្រាលី​នាំ​មុខគេ​ក្នុង​ការ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀននៅ​អាស៊ី

ដោយមានការភ្ញាក់ផ្អើលអំពីការជួញដូរថ្នាំញៀនអំហ្វេតាមីន (amphetamine) នៅទូទាំងទ្វីបអាស៊ី អ.ស.ប.បានអំពាវនាវដល់ប្រទេសអូស្ត្រាលី ឱ្យបំពេញមុខនាទីធំជាងមុនក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មនេះ។

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​អូស្ត្រាលី​នាំ​មុខគេ​ក្នុង​ការ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀននៅ​អាស៊ី

ពួកមន្ត្រីបាននិយាយថា កំណើននៃការផលិតថ្នាំលើកកម្លាំងបែបថ្នាំអំហ្វេតាមីន ដែលហៅកាត់ថា ATS មានជាក់ច្បាស់កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ទោះណាជាការជួញដូរថ្នាំញៀនប្រភេទហេរ៉ូអ៊ីន (heroin) ដែលបានត្រូវផលិតនៅក្នុងតំបន់ត្រីកោណមាសនាប៉ែកខាងកើតនៃប្រទេសភូមានៅតែមានភាពខ្លាំងក្លាតទៅទៀតក៏ដោយ។

កាលពីឆ្នាំ២០១៥ ការិយាល័យអ.ស.ប.ខាងគ្រឿងញៀននិងឧក្រិដ្ឋកម្មហៅកាត់ថា UNODC បានរាយការណ៍អំពីការរឹបអូសយកបានថ្នាំញៀនប្រភេទថ្នាំញៀនប្រភេទម៉ាទឹកកក ដែលគេស្គាល់ថា crystal meth ឬ ice ដែលនាំឱ្យញៀនខ្លាំងចំនួន២៧.០០០គីឡូក្រាម នៅក្នុងប្រទេសកម្ពុជា ចិន លាវ ភូមា ថៃនិងប្រទេសវៀតណាម។

នៅពេលជាមួយគ្នានេះ មានការរឹបអូសយកបានថ្នាំញៀនមេតំហ្វេតាមីន ២៨៦ លានគ្រាប់ ចំណែកឯថ្នាំហេរ៉ូអ៊ីន ដែលបានត្រូវផលិតពីដំណាំអាភៀននៅក្នុងផ្នែកខាងកើតនៃប្រទេសភូមាមានចំនួន១ម៉ឺនគីឡូក្រាម។ ការរឹបអូសយកបានសារធាតុគីមីសម្រាប់ប្រើប្រាស់ក្នុងការផលិតគ្រឿងញៀនទាំងនេះក៏កើនច្រើនជាងមុនផងដែរ។

លោក Jeremy Douglas អ្នកតំណាងអង្គការ UNODC ប្រចាំទ្វីបអាស៊ីបាននិយាយថា ក្រុមឧក្រិដ្ឋជនបានប្តូរទៅកាន់ការផលិតម៉ាទឹកកក ដែលមានធាតុសុទ្ធខ្ពស់។លោកបានថ្លែងថា អាជ្ញាធររឹបអូសយកបានម៉ាទឹកកក ជាច្រើននៅឯព្រំដែននៃប្រទេសអូស្ត្រាលី នៅចំណតយន្តហោះ កំពង់ផែ និងកញ្ចប់ដែលបានផ្ញើតាមរយៈការដឹកជញ្ជូនវត្ថុច្រើនជាច្រើន។

ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ជាទីដៅសំខាន់ៗរបស់ពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដោយសារប្រជារាស្ត្រក្នុងប្រទេសទាំងពីរនេះមានប្រាក់ចំណូលខ្ពស់ហើយអត្រាមនុស្សប្រើគ្រឿងញៀនក៏ខ្ពស់ដែរ។

ចាប់តាំងពីចុងឆ្នាំ២០១៥មក ប៉ូលិសសហព័ន្ធនៃប្រទេសអូស្ត្រាលីដែលហៅកាត់ថា AFP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិននិងប្រទេសថៃដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជួញដូរគ្រឿងញៀនចូលទៅក្នុងប្រទេសអូស្ត្រាលី៕

ប្រភពៈ VOA