CNRP ផ្តើម​ទទួល​ញ្ញត្តិ​ពី​តាម​បណ្តា​ខេត្ត

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បាន​ផ្តើម​ទទួលយក​ញ្ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ជា​លើក​ទី​២​ក្នុង​ការ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​តំណាងរាស្ត្រ​និង​សកម្មជន​CNRP មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល មន្ត្រី​គ​.​ជ​.​ប ជា​ពិសេស​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គិត​ត្រឹម​វេលា​ម៉ោង​៩​និង​១៨​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សកម្មជន និង​អ្នកគាំទ្រ​CNRP​ជា​ច្រើន​នាក់ កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​និង​មន្ត្រីជាន់ខ្ពស់ CNRP កំពុង​ទទួល​ញ្ញត្តិ ។

សេចក្តីរាយការណ៍​បាន​បន្ថែម​ទៀត​ថា ការ​ទទួល​ញ្ញត្តិ​នា​ពេល​នេះ​ដែរ ពុំ​មាន​សមត្ថកិច្ច​ណា​រារាំង ឬ​ផ្ទុះ​ហិង្សា​នោះ​ទេ គ្រាន់តែ​ផ្លូវ​នៅ​ម្តុំ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កកស្ទះ​ដោយ​អន្លើ​ប៉ុណ្ណោះ ៕