ខណៈ​នេះ សាលា​ឧ​ទ្ឋ​រណ៍កំ​ពុង​បើក​សវនាការ​ករណី​មន្ត្រី​អា​ដ​ហុ​ក​និង​គ​.​ជ​.​ប សុំ​នៅ​ក្រៅ​ឃុំ

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា​នេះ សាលា​ឧ​ទ្ឋ​រណ៍​បាន​បើក​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​អង្គការ​អា​ដ​ហុ​ក​៤​រូប និង​មន្ត្រី​០១​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​។

មន្ត្រី​អា​ដ​ហុ​ក​ទាំង​៤​រូប​រួម​មាន លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក​, លោកស្រី លឹ​ម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​អា​ដ​ហុ​ក និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប​។

មន្ត្រី​ទាំង​៥​រូប​ខាងលើ​បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)​កាលពី​ខែមេសា ២០១៦ បាន​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ជុំវិញ​ការ​ណែនាំ​ឱ្យ​កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ដែល​គេ​អះអាង​ថា​ជា​ស្រី​ស្នេហ៍​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កុំឱ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច ។

ក្រោយ​ការ​សាកសួរ​ជា​ច្រើន​ថ្ងៃ ACU បាន​សម្រេច​ឃាត់​ខ្លួ​ម​មនុស្ស​ទាំង​៥​នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចោទប្រកាន់​និង​ឃុំខ្លួន ។ បន្ទាប់​មក​មន្ត្រី​អា​ដ​ហុ​ក​និង​គ​.​ជ​.​ប​ទាំង​៥​រូប បាន​ត្រូវ​តំណាង​អយ្យការ​សាកសួរ​និង​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី រួច​ក៍​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស និង​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ) តែ​ម្តង ៕