នោះ! ចង់​ស៊ី​គេ បែរ​​​បែកធ្លាយ​​ប្រវត្តិខ្លួន​​ឯង

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​នៅក្នុងសំណាក់​យីហោ «សែន សុវណ្ណ» ​បន្ទាប់​​ពី​​បុរស​ម្នាក់ចូល​​​ដេក​​ក្នុងផ្ទះ​សំណាក់​​មួយ​យប់ ស្រាប់តែ​រត់​ចេញពី​បន្ទប់​ស្រែក​ឡូឡា​ សួរ​​រក​ម្ចាស់ផ្ទះ​សំណាក់ ដោយ​​បាន​អះអាង​ថា រូបគេ​បាន​​បាត់​លុយ​អស់​ចំនួន​១​ពាន់​ដុល្លារ តែ​ត្រូវ​ម្ចាស់ផ្ទះ​ធ្វើការ​បដិសេធ​ ស្រាប់តែ​ធ្វើ​ឱ្យ​ជន​នោះ​ខឹង​ដក​កាំភ្លើង​មក​គំរាម​បាញ់​គេឯង
​តែ​ម្តង ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ  ដោយ​ត្រូវ​កម្លាំង​ខណ្ឌដង្កោ ​ធ្វើការ​ឃាត់ខ្លួន​ជន​នោះ​បាន​​ភ្លាម​ៗ​ដែរ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ដែល​អះអាង​ថា​បាត់​លុយ​នោះ​ ឈ្មោះ​ប៉ែន រស្មី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ពង​ពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ឯម្ចាស់ផ្ទះសំណាក់​​​ឈ្មោះ​សែន សុវណ្ណ ។

បន្ទាប់​ពី​ឃាត់ខ្លួន​​បុរស​​នោះហើយ​ ត្រូវ​កម្លាំង​ខណ្ឌដង្កោ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ពិត​ជន​នោះ គឺជា​មុខសញ្ញា​ចោរប្លន់​ម្នាក់ ដោយ​កម្លាំង​​កំពុង​ស្វែងរក​បក្សពួកជា​​បន្ត​ទៀត ។