ម៉ៅ សុ​ចាន់​ធី មក​លេង​ស្រុក​និង​គ្រោង​ប្តឹង​តារា​សម្តែង​ថ្មី​រតនៈ វិបុល

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បាន​មក​លេង​ស្រុក កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ បន្ទាប់​ពី​ចាកចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។ ទន្ទឹម​នេះ​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បាន​ព្រមាន​ប្តឹង​តារា​សម្តែង​លោក​រតនៈ វិបុល ជុំវិញ​ជម្លោះ​ជាមួយ​នាង​តាម​ហ្វេ​ស​ប៊ុ​ក ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បាន​មក​លេង​ស្រុក​លើក​ដំបូង​កាលពី​ជាង​មួយ​ឆ្នាំ​មុន ដើម្បី​ជួប​គូស្នេហ៍​របស់​នាង និង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ ។ ប៉ុន្តែ​ស្នេហា​នោះ​បាន​បែកបាក់​ទៅ​វិញ ដោយសារ​តែ​ភាគី​ខាង​ប្រុស​ប្រចណ្ឌ​ខ្លាំង ។

ការ​មក​លេង​ស្រុក​ជា​ថ្មី​នេះ​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី អះអាង​ថា មក​ចូលរួម​មង្គលការ​ប្អូនស្រី​មិត្តភក្តិ ព្រមទាំង​ជួបជុំ​សាច់ញាតិ និង​មិត្ត​សិល្បករ​រួម​ជំនាន់ ។

ម្យ៉ាងទៀត​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី គ្រោង​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​តារា​សម្តែង​លោក រតនៈ វិបុល ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​ជម្លោះ​រវាង​នាង និង​លោក រតនៈ វិបុល អូស​បន្លាយពេល​ជិត​មួយ​ឆ្នាំ​ហើយ ដោយ​នាង​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅឡើយ​ទេ ។ ជម្លោះ​របស់​អ្នក​នាង​សុ​ចាន់​ធី និង​លោក រតនៈ វិបុល កើតឡើង បន្ទាប់​ពី​នាង​មាន​ជម្លោះ​ជាមួយ​តារា​សម្តែង​លោក​ហេង ដា​រី ហើយ​តារា​ថ្មី​រូប​នេះ​ចូល​លូកលាន់​ដែរ ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ចោទ​ថា លោក​រតនៈ វិបុល បាន​ជេរ​ប្រមាថ និង​គម្រាម​សម្លាប់​នាង​។ អ្នក​នាង​សុ​ចាន់​ធី បាន​ប្រមូល​ពាក្យ​ជេរ​ប្រមាថ​នោះ​ទុកជា​ភស្តុ​តាង​សម្រាប់​ប្តឹង។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី មិន​ចង់​បង្ករឿង​រ៉ាវ​ឱ្យ​នេះ​ឱ្យ​កាន់តែ​ធំ​ឡើង​ទេ ប៉ុន្តែ​ដោយសារ​តែ​លោក​រតនៈ វិបុល មិន​សុំ​ទោស​នាង​ជា​សាធារណៈ បើ​ទោះបីជា​មាន​អន្តរាគមន៍​ពី​លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក៏​ដោយ ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​បី​ស​ប្តា​ហ៍​ដែល​នាង​ស្នាក់​នៅ​ស្រុក​ខ្មែរ​នាង​នឹង​ទៅ​កាន់​ខេត្តបាត់ដំបង ដើម្បី​ដាក់​ពាក្យ​ប្តឹង​លោក​រតនៈ វិបុល ព្រោះ​នាង​មិន​អាច​ទ្រាំ​បាន​ឡើយ នៅ​ពេល​អ្នកសិល្បៈ​ស្រករ​ក្រោយ​ម្នាក់​នោះ​ប្រមាថ​នាង​ជា​អ្នកសិល្បៈ​ជើង​ចាស់ ។

អ្នក​នាង​ម៉ៅ សុ​​ចាន់​ធី ជឿ​ថា ច្បាប់​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​នាង ខណៈ​ពេល​នាង​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ៕