លោក អេ​ង ឆៃ​អ៊ា​ង​ថា​មិន​បារម្ភ​ពី​ការ​បិទផ្លូវ​ចរចា​នយោបាយ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​ប្រកាស​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ពី​ការ​បិទផ្លូវ​ចរចា​នយោ​បាយ​​នោះ​ទេ ប៉ុន្តែ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ។

ការ​លើក​ឡើង​របស់​លោក អេ​ង ឆៃ​អ៊ា​ង ចំពោះ​មុខ​សកម្មជន​និង​អ្នកគាំទ្រ​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​១១ មិថុនា ២០១៦​ថា មិន​មានការ​ច​ចារ​ណាមួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​ខាង​មុខ​នេះ​ទេ  ព្រោះ​បើ​មានការ​ច​ចារ​និង​អាច​ជះ​ឥទ្ធិពល​លើ​ដំណើ​ការ​តុលាការ ដែល​កំពុង​មាន​ចំណាត់ការ​លើ​សំណុំរឿង​មួយ​ចំនួន ហើយ​ថា​ប្រ​សិន​មានការ​ជួប​ចរចា​គ្នា​ណាមួយ CPP មិន​ពិភាក្សា​លើ​រឿង​ណា​ដែល​ជា​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ ហើយ​ក៏​មិន​ពិភាក្សា​លើ​ករណី​អ្នក​ជាប់គុក​នោះ​ដែរ ។

ដោយឡែក​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​ដដែល នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ស្នាម​មេដៃ​អ្នកគាំទ្រ​២២​ម៉ឺន​នាក់​។ យ៉ាងណា​ក៏​ដោយ លោ​កអេង ឆៃ អ៊ា​ង មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ហែ​ញ្ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដែល​នឹង​ត្រូវធ្វើ​នៅ​ពេល​ណា​នោះ​ទេ ៕