ស៊យ​មហា​ស៊យ ! ធ្លាក់​ឈើ​ពី​ចុង​ត្នោត​ចំ​ក្បាល​ស្លាប់

ខេត្តពោធិ៍សាត់ ៖ លោកយាយ​ម្នាក់​ត្រូវ​ស្នួ​ដែល​គេ​ដាក់​លើ​ចុង​ត្នោត​សម្រាប់​ដើរ​ឆ្លង​ពី​ដើម​ត្នោត​មួយ​ទៅ​ដើម​ត្នោត​មួយ​ធ្លាក់​មក​ជុច​ដី​ហើយ​បោក​ចំ​ក្បាល​បែក​ហូរ​ឈាម​រង​របួស​យ៉ាងធ្ងន់ធ្ងរ​លុះ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់​ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា លោកយាយ​រង​គ្រោះ​ឈ្មោះ កង មូល អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ នគរបាល​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​លោក​យាយ​បាន​ដើរទៅ​លេង​ផ្ទះ​ក្មួយ​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ចម្ងាយ​ប្រហែល​២០០​ម ។ ពេល​លោកយាយ​ដើរ​ឆ្លងកាត់​ក្រោម​ដើម​ត្នោត ចៃដន្យ​ស្រាប់តែ​ឈើ​មួយ​ដើម​ប្រវែង​ប្រហែល​៦​ម៉ែត្រ​ដែល​អ្នក​ឡើងត្នោត​គេ​ដាក់​ធ្វើ​ស្នួ​សម្រាប់​ឆ្លង​ពី​ដើម​ត្នោត​មួយ​ទៅ​ដើម​ត្នោត​មួយ​ធ្លាក់​មក​ជុច​ដី ហើយ​បោក​ចំ​ក្បាល​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង លុះ​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ក៏​ស្លាប់​បាត់​ទៅ ។ នេះ​បាន​ចំ​ជា​ស៊យ​មហា​ស៊យ មិន​ដែល​ជួប​ប្រទះ​កន្លង​មក ៕