ក្រសួង​នឹង​ប្រើ​ Sticker បិទ​លើ​រថយន្ត​កែ​ច្នៃ​ត្រឹម​ត្រូវ ដើម្បី​សមត្ថកិច្ច​ងាយ​ត្រួត​ពិនិត្យ

ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ទប់​ស្កាត់​រថយន្ត​កែ​ច្នៃ​មិន​ត្រឹម​ត្រូវ ក្រសួង​សាធារណការ​នឹង​មាន​ចេញ ​Sticker លើ​រថយន្ត​ដែល​បាន​បញ្ជាក់​ថា​ជួសជុល​តាម​ស្តង់​ដា​បច្ចេកទេស​ស្រប​តាម​ច្បាប់ ក្នុង​ការ​ងាយ​ស្រួល​ដល់​មន្ត្រី​នគរបាល​អាច​ពិន័យ​បាន​ដោយ​មាន​ប្រសិទ្ធភាព។​​​

 

ក្រសួង​នឹង​ប្រើ​ Sticker បិទ​លើ​រថយន្ត​កែ​ច្នៃ​ត្រឹម​ត្រូវ ដើម្បី​សមត្ថកិច្ច​ងាយ​ត្រួត​ពិនិត្យ

 

កន្លង​មក​រថយន្ត​កែ​ច្នៃ​បើក​បរ​លើ​ផ្លូវ មន្ត្រី​នគរបាល​ពិបាក​នឹង​វិនិច្ឆ័យ​ថា​ការ​កែ​ច្នៃ​ដំឡើង​នោះ​បាន​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​បច្ចេកទេស​ឬ​អត់​នោះ​ទេ​ដែល​ពិបាក​នឹង​ឃាត់​រថយន្ត​ត្រួត​ពិនិត្យ​ ជា​ហេតុ​នាំ​អោយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង។

 

ម្ល៉ោះ​ហើយ លោក ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បញ្ជាក់​ថា​ក្រសួង​នឹង​ប្រើ​ Sticker ​ជា​សញ្ញា​សម្គាល់​បញ្ជាក់​ថា​ រថយន្ត​នោះ​កែ​ច្នៃ​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​បច្ចេកទេស​ដែល​ទទួល​ស្គាល់​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

 

ផ្ទុយ​ទៅ​វិញ បើ​រថយន្ត​នោះ​អត់​មាន​បិទ​ Sticker សម្គាល់ នគរបាល​អាច​ដឹង​ភ្លាម​ថា​រថយន្ត​កែ​ច្នៃ​មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា បង្កើត​ការ​លំបាក​ដល់​ម្ចាស់​យានដ្ឋាន​នោះ​ទេ ប៉ុន្តែ​លុះ​ត្រា​តែ​មាន​អ្នក​បញ្ជាក់​ច្បាស់​ថា រថយន្ត​នោះ​ត្រឹម​ត្រូវ ទើប​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មន្ត្រី​នគរបាល​ធ្វើការ​ត្រួតពិនិត្យ។

 

គួរ​បញ្ជាក់​ថា យានដ្ឋាន​កែ​ច្នៃ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៥៤៥​យាន​ដ្ឋាន បាន​ចុះ​បញ្ជី​ចំ​នួន​ ១៤២​ យាន​ដ្ឋាន​ ឬ​ស្មើ​នឹង​ ២៦%​ និង​មិន​ទាន់​ចុះ​បញ្ជី​ចំនួន​ ៤០៣ យានដ្ឋាន​៕

 

 

អត្ថបទ៖ លឹម សុ​នា