កុងត្រូលជជុះ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​ឆ្លូង ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​

មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង កំពុង​បង្កើត​កុងត្រូលជជុះ ហើយ​ដាក់​តាម​រថយន្ត​ជាច្រើន​គ្រឿង​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចាំ​ប្រដេញ​រថយន្ត​ដឹកឈើ​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង មិន​បង្ក្រាប​បទល្មើស​ឡើយ ហើយ​រង់ចាំ​ប្រមូល​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ប្រជាពលរដ្ឋ​ស្រុក​ឆ្លូង បាន​រិះគន់ថា​លោក ផូង ឃុន​ឡាយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង បានដាក់​រថយន្ត​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចាំ​ប្រដេញ​ចាប់​រថយន្ត​ដឹកឈើ​ទាំងឡាយណា​ដែល​មិន​ចូល​បង់លុយ​តាម​ការកំណត់​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ឆ្លូង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការដាក់​តាំង​រថយន្ត​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង មាន​លក្ខណៈ​ជា​កុងត្រូល​ជ​ជុំ​សុទ្ធសាធ ហើយ​មជ្ឈដ្ឋាន​នានា​តែងតែ​ហៅថា ជា​កុងត្រូល​ស្របច្បាប់​។ ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ដែរ​ថា ជា​រៀងរាល់​យប់​មាន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​ដែល​បើកបរ​ឆ្លង​កាត់មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង ហើយ​មិនដែល​ឃើញ​លោក ផូង ឃុន​ឡាយ និង​បក្ខពួក​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប៉ុន្តែ​បើ​ឈ្មួញ​ដឹកឈើ​ណា​ហ៊ាន​បើករថយន្ត​ហួស​មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ មានការ​រិះគន់​ចំៗ​ថា​លោក ផូង ឃុន​ឡាយ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ទទួល​សំណូក​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទើប​ក្រុម​ឈ្មួញ​អាច​បន្តសកម្មភាព​យ៉ាង​អនាធិបតេយ្យ​។

មន្ត្រីរាជការ​ក្នុង​ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កាលពីមុន​ឈ្មួញ​មួយចំនួន​តែង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ឆ្លងកាត់​ទឹកដី​ខេត្តក្រចេះ ក៏ដូចជា​ឆ្លងកាត់​មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ជា​បន្តបន្ទាប់​។ ដោយ​ប្រឈម​នឹង​ការបង្ក្រាប​ពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ​ជា​បន្តបន្ទាប់​នោះ ទើប​ឈ្មួញ​ខ្លះ​បាន​ប្ដូរ​រូបភាព​ពី​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​មក​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​កែច្នៃ​ត​ទ្រុង​ថែម​កង់​ខុស​លក្ខណៈ​បច្ចេកទេស ឬ​ហៅថា​រថយន្ត​សាំ​យ៉ុង​យី​ឌុប​។ ឈ្មួញ​ដែល​ដឹកឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង ត្រូវតែ​បង់លុយ​ឲ្យ​លោក ផូង ឃុន​ឡាយ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​លោក ផូង ឃុន​ឡាយ ប្រើ​រថយន្ត​ប្រដេញ​តាម​ចាប់​ភ្លាមៗ​ជាមិនខាន​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក ផូង ឃុន​ឡាយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ជាបន្ទាន់​៕

IMG_3810IMG_3811 IMG_3809