ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៧-២០១៨

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា ការដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច ប្រកាស​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ភស្ដុតាង​បង្ហាញថា គណបក្សកាន់អំណាច​កំពុង​ធ្វើ​ឲ្យ​មានការ​ប្រេះឆា​ផ្ទៃក្នុង​ជាតិខ្មែរ​យ៉ាងធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ក្រុមអ្នកវិភាគ​ឯករាជ្យ​ក៏បាន​លើកឡើង​ដែរ​ថា គណបក្សកាន់អំណាច​អាង​មាន​ប្រព័ន្ធតុលាការ​និង​កម្លាំងប្រដាប់អាវុធ​នៅក្នុង​ដៃ​កំពុង​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង ដើម្បី​គំរាមកំហែង​គាបសង្កត់​ទៅលើ​គូប្រជែង​របស់ខ្លួន​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ក៏បាន​មើលឃើញ​ដែរ​ថា ប្រសិនបើ​គណបក្សកាន់អំណាច​បោះបង់ចោល​វប្បធម៌​សន្ទនា ហើយ​ស្ថានការណ៍​នយោបាយ​បន្ត​តានតឹង​ដូច​សព្វថ្ងៃនេះ គឺអាច​ជះឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាងមុខ​។

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា ជា​រឿង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​តានតឹង​នៅពេលដែល​ប្រធាន​គណបក្សកាន់អំណាច​ប្រកាស​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ផលប៉ះពាល់​ទៅលើ​សេដ្ឋកិច្ចជាតិ ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ គឺជា​រឿង​ដែល​មិនអាច​ចៀសផុត​នោះទេ​។ ការវាយតម្លៃ​របស់​ម​ន្ត្រី​សង្គម​ស៊ីវិល​បែបនេះ បាន​កើតឡើង​ក្រោយពេល​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​យប់​ថ្ងៃទី​១១ ខែមិថុនា ថា​គ្មាន​ការចរចា​ណាមួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលខាងមុខ​នោះឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ស្ថានភាព​នយោបាយ​និង​ការបោះឆ្នោត​នៅ​កម្ពុជា​បាន​វាយតម្លៃថា ការប្រកាស​ជំហរ​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​សក្ខីភាព​បង្ហាញថា​មេដឹកនាំ​គណបក្សកាន់អំណាច​គ្មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​នោះទេ ហើយ​កំពុងតែ​រិះរក​គ្រប់​វិធី​ដើម្បី​រក្សា​អំណាច​របស់ខ្លួន​។ អ្នកវិភាគ​នយោបាយ​បាន​វាយតម្លៃ​ជុំវិញ​បញ្ហា​នេះ​ថា មេដឹកនាំ​គណបក្ស​ប្រជាជន ហាក់ដូចជា​បានដឹង​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើងៗ​ដែល​លែង​គាំទ្រ​គណបក្ស​ប្រជាជន​តទៅទៀត​។ ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អ្នកដឹង​ច្បាស់​ជាងគេ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បាន​លើកឡើងថា ដរាបណា​ស្ថានការណ៍​នយោបាយ​នៅតែ​តឹងតែង​បែបនេះ​វា​នឹង​ជះឥទ្ធិពល​អាក្រក់​ទៅលើ​ការបោះឆ្នោត​ដោយ​សេរី មិន​យុត្តិធម៌​នៅ​កម្ពុជា​។ លោក គល់ បញ្ញា បាន​លើក​ជា​មតិ​ថា រដ្ឋាភិបាល​មិនត្រូវ​ទុក​បណ្ដែតបណ្ដោយ​ឲ្យ​បញ្ហានយោបាយ​ទាំងឡាយ​អូសបន្លាយ​រហូតដល់​ពេល​បោះឆ្នោត​នោះទេ ពីព្រោះ​រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ​ធំជាងគេ​ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។ អ្នកនយោបាយ​ចាស់ៗ​មួយចំនួន​ក៏បាន​លើកឡើង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពិចារណា​ទៅលើ​ប្រតិកម្ម​របស់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ផងដែរ ជុំវិញ​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅពេលនេះ​៕

A78108B5-EC05-4980-9ACA-FECFE1E3DD66_w987_r1_s 0728_Long line to vote_Sovannara