ឃាតកម្ម​សម្លាប់​នារី​ខ្មែរអ៊ិ​ស្លាម​ទម្លាក់​ទឹកទន្លេ

ឃាតកម្ម​សម្លាប់​នារី​ខ្មែរអ៊ិ​ស្លាម​ទម្លាក់​ទឹកទន្លេ



ខេត្តកណ្ដាល ៖ នារី​ខ្មែរ​អ៊ិ​ស្លា​ម​អាយុ​១៨​ឆ្នាំ​ម្នាក់ បាន​ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​កាប់សម្លាប់​រួច​ទម្លាក់់​សព​ទៅ​ក្នុង​ទន្លេបាសាក់ ហើយ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​មក​ទើរ​នៅ​ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង  កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១ មិថុនា ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ កៅ អី​សះ មាន​ប្ដី​ជា​មនុស្ស​គ​ឈ្មោះ សឹក គ្រី​យ៉ា និង​មានកូន​មួយ​អាយុ​ទើបបាន​៦​ខែ រស់នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​។ តាម​ការ​ពិនិត្យ សព​មាន​ស្នាម​ដាច់​ក្ដោងច្រមុះ​ផង​។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ កាលពី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា បាន​ដេក​លើ​ទូក ជាមួយ​ប្ដី​និង​កូន លុះ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ខណៈ​ប្ដី​ងើប​ពី​ដេក​ស្រាប់តែ​បាត់​ប្រពន្ធ​ដោយ​មិនដឹង​មូលហេតុ និង​មិនដឹង​បាត​តាំងពី​ពេល​ណា​។ លុះ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ខណៈ​ម្តាយក្មេក​ត្រឡប់​មក​ពី​លក់​ត្រី​វិញ កូនប្រសា​ប្រុស​ដែល​ជា​មនុស្ស​គ​នេះ​បាន​ធ្វើ​កាយវិការ​ប្រាប់​ម្តាយក្មេក​ថា ខ្ញុំ​ភ្ញាក់ពីដេក​ម៉ោង​៦​ព្រឹក​បាត់​ប្រពន្ធ​មិនដឹង​ទៅ​ណា​ទេ ។ ឯ​ស្ត្រី​ជា​ម្ដាយក្មេក​ធ្វើ​កាយវិការ​ប្រាប់​វិញ​ថា អត់​បាន​ជួប​ប្រពន្ធ​ឯង​ទេ​។

ពេល​នោះ​បងប្អូន​ខ្មែ​អិ​ស្លា​ម បាន​ស្វែងរក​ជន​រង​គ្រោះ​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ស្ត្រី​ឈ្មោះ កៅ អី​សះ នៅ​ចំណុច​ខាងលើ រួច​ក្រុម​គ្រួ​សារបាន​លើកសព​ដាក់​លើ​ទូក​ដឹក​សំដៅ​មក​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​។  

ហេតុការណ៍​នេះ គឺ​រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​នគរបាល​ទទួល​បាន​ព័ត៌មាន​ពី​គ្រួសារ​សព ។

មន្ត្រី​ជំនាញ​បច្ចេកទេស​ខេត្ត​និង​ស្រុក បាន​ទៅ​ពិនិត្យ​ឃើញ​ថា សព​ពាក់អាវ​ពណ៌​ផ្កាឈូក ដៃ​វែង មាន​ស្នាម​ដាច់​និង​បាក់​ក្តោងច្រមុះ និង​ដាច់​ក្រោម​ភ្នែក​ខាងស្តាំ​ប្រវែង​៩​សង្ទីម៉ែត្រ​ដែល​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​កាប់​ដោយ​កាំបិត​ដាច់​ក្ដោងច្រមុះ​ធ្លាក់ទឹក​ស្លាប់ ។

ក្រោយ​ពេល​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​នគរបាល​ព្រហ្ម​ណ​ទណ្ឌ កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​វែកមុខ​រក​ឃាតករ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។ សង្ឃឹមថា​ជន​ដៃដល់​និង​ត្រូវ​វែកមុខ ៕