មហា​សេដ្ឋី​ប្រេង ​អារ៉ាប់ ​កំពុង​ល្បី​ក្នុង​សង្គ្រាម​សម្លាប់​រង្គាល​

ប្រទេស​មហាសេដ្ឋី​ប្រេង​ អារ៉ាប៊ី​ សាអ៊ូឌី ​កាល​ពី​ពេល​ថ្មី​ៗនេះ ​បាន​បង្ក​ឱ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ក្រៃលែង​ ក្រោយ​ពី​អង្គការ​សហ​ប្រជាជាតិ​បាន​ទម្លាយ​របាយការណ៍​ស្ដី​ពី​ការ​រំលោភ​សិទ្ធិ​កុមារ​យ៉ាង​ធ្ងន់​ធ្ងរ ​និង​ការ​សម្លាប់​ប្រជាជន​គ្មាន​កំហុស​រាប់​ពាន់​នាក់ ​ក្នុង​សង្គ្រាម​វាត​ទី​របស់​អារ៉ាប់ ​ទៅ​​លើ​ប្រទេស​ យេមេន (Yemen)​ ដែល​ជា​ប្រទេស​ក្រី​ក្រ​មួយ​ ហើយ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ថ្កោល​ទោស​ និង​ដាក់​ឈ្មោះ​ប្រទេស​អារ៉ាប់​ និង​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ជាង​១០​ទៀត ​​ទៅ​ក្នុង​បញ្ជី​រ​ខ្មៅ ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​ការណ៍​នេះ ​បាន​ធ្វើ​ឱ្យ​អារ៉ាប់​ត្បក​ត្រឡប់​ក្បាល​មក​គម្រាម ​អ.ស.ប​ វិញ​ថា​៖ ខ្លួន​នឹង​ដក​កញ្ចប់​ថវិកា​ជំនួយ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​រ​បស់​អង្គការ​សហ​ប្រជាជាតិ ​បើ​អង្គការ​នេះ​មិន​ដក​ឈ្មោះ​របស់​ខ្លួន​ចេញ​ពី​បញ្ជី​ខ្មៅ​នោះ​ទេ​។
​យោង​តាម​ការ​ចុះ​ផ្សាយ​រ​បស់​គេហទំព័រ Press TV ​បាន​ឱ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជាង​១០,០០០នាក់​ បាន​ និង​កំពុង​រង​គ្រោះ​ដោយ​សារ​ការ​ផ្ទុះ​ឡើង​នៃ​ប្រភេទ​ជម្ងឺ​កាច​សាហាវ​ម៉្យាង ​ដែល​គ្មាន​វិធី​ណា​អាច​ព្យាបាល​បាន​ឡើយ ​ដែល​ជ​ម្ងឺ​ប្រភេទ​ថ្មី​នេះ ​ត្រូវ​បា​ន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សន្និដ្ឋាន​​​ថា​៖ វា​គឺ​បង្ក​ឡើង​ដោយ​សារ ​សារ​ធាតុ​គីមី​ដែល​សាយ​ភាយ​ចេញ​ពី​បន្ទុះ​អាវុធ​របស់​អារ៉ាប៊ី សាអ៊ូឌី ​ក្នុង​សង្គ្រាម​វាត​ទី​ទៅ​លើ​ប្រទេស​ យេមេន​ ដែល​អាវុធ​ប្រភេទ​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ ​និង​អង្គការ​សហប្រជាជាតិ​បាន​ហាម​ឃាត់​ ។
កាល​ពី​ពេលថ្មីៗ​កន្លង​ទៅ​នេះ​ ប្រទេស​អ៊ីរ៉ាក់ ​និង​ស៊ីរី ​ក៏​បាន​ចេញមុខ​ថ្កោល​ទោស​ផង​ដែរ​ ទៅ​លើ​ល្បិច​កល​ស៊ីរូង​រ​បស់​រដ្ឋាភិបាល​អារ៉ាប់​ ដែល​បាន​រៀប​ចំ ​និង​គាំ​ទ្រ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ឱ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​រ៉ាំរ៉ៃ​ទៅ​លើ​ប្រទេស​ទាំង​ពីរ​អស់​រយៈ​ពេល​ជាង​៦​ឆ្នាំ​ គិត​ចាប់​តាំង​ពី​ឆ្នាំ២០១១​មក ​។
យើង​សង្កេត​ឃើញ​ថា៖​ កន្ទុយ​កញ្ជ្រោង​លាក់​ស្នៀត​​របស់​អារ៉ាប់​ ជិត​លេច​ចេញជា​លទ្ធផល​​មក​ហើយ​តាម​រយៈ​បទ​ឧក្រិដ្ឋ​ធំៗ​នៅ​ក្នុង​ពិភព​លោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​ឡែក​វា​អាស្រ័យ​ទៅ​លើ​ការ​ស៊ើប​អង្កេត​យ៉ាំង​ស៊ី​ជម្រៅ​ដោយ​ឈរ​លើ​មូលដ្ឋាន​គតិ​យុត្ត​ឱ្យ​បាន​ត្រឹមត្រូវ ​និង​សេចក្ដី​សម្រេច​ និង​ប្រកាស​ជា​ផ្លូវ​ការ​របស់​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​ ៕
មហា​សេដ្ឋី​ប្រេង ​អារ៉ាប់ ​កំពុង​ល្បី​ក្នុង​សង្គ្រាម​សម្លាប់​រង្គាល​

ដោយ៖ ឈូក ស
ប្រភព៖ Press TV