សភាអឺរ៉ុប​​អំពាវនាវ​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​​ឲ្យ​ពិនិត្យ​មើល​​​​​​​ឡើង​​​​​​​​​វិញ​​​នូវ​​​​​​ជំនួយ​​សម្រាប់​​​ប្រទេស​កម្ពុជា​

កាលពីម្សិលមិញ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយចោទប្រកាន់រដ្ឋា ភិបាលកម្ពុជាថា បានដាក់បទចោទប្រកាន់លើគណបក្សប្រឆាំងដោយហេតុផលនយោបាយ ហើយអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សឲ្យប្រសើរទេនោះ នេះជាការបន្ទរតាមសេចក្ដីសម្រេចស្រដៀងគ្នាមួយដែលខ្លួនបានអនុម័តកាលពី៦ខែមុន។ ដោយត្រូវបានអនុម័តតាមរយៈការលើកដៃអំឡុងសម័យប្រជុំពេញអង្គនៅទីក្រុងស្ត្រាសបឺក (Strasbourg) ប្រទេសបារាំង សេចក្ដីសម្រេចនេះផ្អឹបទុកជំនួយ៤៦៥លានដុល្លារដែលត្រូវផ្ដល់ឲ្យកម្ពុជារហូតដល់ឆ្នាំ២០២០ ហើយជំរុញឲ្យគណៈកម្មការអឺរ៉ុបបង្កើត ”ជំនួយហិរញ្ញវត្ថុដែលពឹងផ្អែកលើការប្រសើរឡើងក្នុងស្ថានភាពសិទ្ធិមនុស្ស”។ សេចក្ដីសម្រេចនេះអំពាវនាវឲ្យកម្ពុជាដកដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងចេញ ដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបផ្សេងទៀត និងមន្ត្រីគ.ជ.ប.មួយរូបដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា ជាផ្នែកនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលក្នុងរឿងអាស្រូវផ្លូវភេទមួយដែលពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងដកបទចោទប្រកាន់លើមេដឹកនាំសហជីព។ លោកស្រី បាបារ៉ា ឡូចប៊ីល័រ (Barbara Lochbihler) សមាជិកសភាមកពីអាល្លឺម៉ង់មានប្រសាសន៍ក្នុងសម័យប្រជុំនោះថា “យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការអនុវត្តនេះ ឈប់ធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំគណបក្សប្រឆាំង”។ សំដៅដល់ការវាយដំយ៉ាងព្រៃផ្សៃទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបនៅខាងក្រៅរដ្ឋសភាក្នុងរាជធានីភ្នំពេញកាលពីខែតុលា លោកស្រីបានលើកឡើងទៀតថា “ប៉ុន្តែអ្នកគាំទ្រត្រូវបានគំរាមកំហែង ឬប្រជាពលរដ្ឋបានរងការវាយប្រហារហិង្សា ពេលពួកគាត់ទៅកាន់រដ្ឋសភា”។ សេចក្ដីសម្រេចនេះជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតពេញលេញ និងមិនលម្អៀងលើការប្រើអំពើហិង្សានោះដោយមានការចូលរួមពីអង្គការសហប្រជាជាតិ។ អង្គរក្សបីនាក់មកពីអង្គភាពកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសារភាពទទួលស្គាល់ថាខ្លួនជាអ្នកប្រព្រឹត្តការវាយដំនោះ ប៉ុន្តែបណ្ដាអង្គការសិទ្ធិមនុស្សដែលតាមដានសវនាការនេះ បានចោទប្រកាន់តុលាការថាបានរៀបចំដំណើរការនីតិវិធីដើម្បីកម្រិតផលប៉ះពាល់។ លោក អុីកណាហ្ស៊ីអូ កូរ៉ាវ (Ignazio Corrao) សមាជិកសភាមកពីអុីតាលីបានចង្អុលបង្ហាញថា សេចក្ដីសម្រេចនេះគឺជាសេចក្តីសម្រេចលើកទី៣ថ្កោលទោសកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា ដែលបានទៅដល់ដៃសភាអឺរ៉ុបក្នុងរយៈពេល១ឆ្នាំ។ លោកថ្លែងថា “ថ្ងៃនេះ យើងត្រូវលើកឡើងឡើងវិញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងបង្ក្រាបយ៉ាងព្រៃផ្សៃមិនត្រឹមតែសេរីភាពបញ្ចេញមតិ និងការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាល់ទម្រង់នៃការការពារសិទ្ធិមនុស្សទៀតផង។ ប្រហែលជាយើងត្រូវពិនិត្យមើលឡើងវិញលើជំនួយអភិវឌ្ឍន៍របស់យើង។ យើងមិនគួរបញ្ជូនវាតាមរយៈពួកគេទេ ប៉ុន្តែត្រូវបញ្ជូនតាមបណ្ដាញប្រជាធិបតេយ្យ ជាពិសេសជាមួយនឹងទស្សនៈអំពីការបោះឆ្នោតឆ្នាំ២០១៧។ ប្រសិនបើយើងមានលិខិតុបករណ៍ យើងគួរតែប្រើប្រាស់វា។ បើមិនដូច្នោះទេ យើងនឹងនៅទីនេះនិយាយរឿងដដែលទៀតនៅឆ្នាំក្រោយ”។ […]

The post សភាអឺរ៉ុប​​អំពាវនាវ​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​​ឲ្យ​ពិនិត្យ​មើល​​​​​​​ឡើង​​​​​​​​​វិញ​​​នូវ​​​​​​ជំនួយ​​សម្រាប់​​​ប្រទេស​កម្ពុជា​ appeared first on The Cambodia Daily.