លោក ជួន ណារិន ​ផ្លាស់ទៅសៀមរាប​ ឯស្នងការតាកែវ​ទៅខេត្តព្រះសីហនុ

រាជធានីភ្នំពេញ ៖ ​យោងតាមបញ្ជីឈ្មោះដែលបែកធ្លាយចេញពី​នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ​ក្រសួងមហាផ្ទៃ​បាន​ឲ្យដឹងថា ​លោកឧត្តមសេនីយ៍ទោ ​ជួន ណារិន​ ដែលបច្ចុប្បន្នជាស្នងការនគរបាល​ខេត្តព្រះសីហនុ ​អាចនឹងត្រូវផ្លាស់ទៅ​កាន់​តំណែង​​​ស្នងការនគរបាលខេត្តសៀមរាប​ ជំនួសលោកឧត្តមសេនីយ៍ទោ ​ស៊ត ណាឌី ។

បើ​តាមបញ្ជីឈ្មោះដដែល លោកឧត្តមសេនីយ៍ទោ អ៊ុក ​សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ ​នឹងផ្លាស់ទៅកាន់​ជាស្នង​ការ​នគរបាល​ខេត្តព្រះសីហនុ ​ជំនួសលោកឧត្តមសេនីយ៍ទោ​ ជួន ណារិន

ចំណែកស្នងការនគរបាលខេត្តតាកែវ ​នឹងត្រូវជំនួសដោយ​លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ​អនុប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី២នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ។ ក្នុងបញ្ជីឈ្មោះនោះ​ ក៏មានការតែងតាំងស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង​ និងខេត្តកំពង់​ស្ពឺផងដែរ ​ដោយលោកវរសេនីយ៍ឯក ​ឡុច វណ្ណរ៉ា ​ស្នងការរងឡើងតំណែង​ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ​និងលោក​ឧត្តម​សេនីយ៍ត្រី ​សម សាមួន​ ស្នងការរងទទួលផែន​អន្តោប្រវេសន៍ទៅជាស្នងការ​នគរបាលខេត្តកំពង់ស្ពឺ ៕