គួរឱ្យភ្ញាក់ផ្អើល អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ទល់លាមក​ប្រហែលជា​រោគសញ្ញា​នៃ​ជំងឺ​កាមរោគ

    ​កាមរោគ​ជា​ជំងឺ​ដែល​ឈឺផ្សា ពិបាក​ទ្រាំ និង​គួរឱ្យ​ខ្មាស់​គេ​ណាស់​។ ប៉ុន្តែ​ការសិក្សា​ថ្មី​មួយ​បាន​លើកឡើងថា ទល់លាមក​អាចជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយទៀត​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៩ ខែមិថុនា​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​យែ​ល (Yale University) បាន​និយាយថា ពួកគេ​ភ្ញាក់ផ្អើល​ដែល​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​ពោះវៀន និង ជំងឺ​កាមរោគ ពោលគឺ​ជំងឺរើម​។ 

​     មនុស្ស​ដែល​ពិនិត្យឃើញ​កើត​ជំងឺរើម​បាន​រាយការណ៍​អំពី​រោគសញ្ញា​ឈឺផ្សា​ផ្សេងៗ​ដែល​ហាក់​មិន​ពាក់ព័ន្ធ​ជំងឺ​នេះ​ទាល់តែសោះ ក្នុងនោះ​មានដូចជា ទល់លាមក និង នោម​ទាស់ ជាដើម ទាំងអស់នេះ​ជា​អសមត្ថភាព​មួយ​ក្នុងការ​បញ្ចេញ​ទឹកនោម​ឱ្យ​អស់ពី​ក្រពះ​នោម​។ 

គួរឱ្យភ្ញាក់ផ្អើល អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ទល់លាមក​ប្រហែលជា​រោគសញ្ញា​នៃ​ជំងឺ​កាមរោគ

​     ប៉ុន្តែ​មកទល់​ឥឡូវនេះ​អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់​ទេ​ថា​ហេតុដូចម្តេច​ក៏​ទល់លាមក និង​កាមរោគ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ដូច្នេះ​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Akiko Iwasaki បានធ្វើការ​ស៊ើបអង្កេត​រឿងនេះ​តាមរយៈ​គំរូ​ពិសោធន៍​ដែល​ប្រើ​សត្វ​កណ្តុរ​។ កណ្តុរ​ទាំងនេះ​ត្រូវបាន​ចាក់​បញ្ចូល​នូវ​មេរោគ​រើម​ប្រភេទ Simlex Virus-1 ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​កើត​រើម​លើ​ប្រដាប់ភេទ​នៅ​អាមេរិក​។ 

​    ​ពួកគេ​បាន​រកឃើញថា វីរុស​រើម​នេះ​បាន​រាលដាល​ពី​អង្គ​ជាតិ​ទៅ​សរសៃប្រសាទ​នៅ​ខួរឆ្អឹងខ្នង​។ ចាប់ពី​កន្លែង​នោះ​ទៅ វីរុស​នេះ​បាន​រាលដាល​បន្តទៅ​កោសិកា​ប្រសាទ​ក្នុង​ពោះវៀនធំ និង​សម្លាប់​កោសិកា​ទាំងនោះ​តែម្តង​។ 

​    ​ការបំផ្លាញ​ចំពោះ​កោសិកា​ប្រសាទ​របស់​ពោះវៀនធំ​បាន​ទប់ស្កាត់​បំលាស់​ទី​របស់​អាហារ​នៅតាម​បំពង់​រំលាយ​អាហារ ជាហេតុ​នាំឱ្យ​ពោះវៀនធំ​រីក​មាឌ និង​កើត​ជំងឺ​។ 

​    ​សាស្ត្រាចារ្យ Iwasaki បាន​និយាយថា "​ការរកឃើញ​ដ៏​សំខាន់​គឺថា មានការ​ឆ្លង​មេរោគ​មិន​រំពឹងទុក​នៅក្នុង​កោសិកា​ប្រសាទ​ក្នុង​ភ្នាស​ពោះវៀនធំ បន្ទាប់ពី​ឆ្លង​ជំងឺរើម​"​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​កត់សម្គាល់ថា បើទោះជា​ឥទ្ធិពល​ជំងឺ​នេះ​ចំពោះ​កណ្តុរ​ខុសគ្នា​ពីអ្វី​ដែល​បានកើត​ចំពោះ​មនុស្ស​ដែល​កើត​រើម ប៉ុន្តែ​ការសិក្សា​នេះ​លាតត្រដាង​នូវ​ដំណើរការ​រាលដាល​របស់​មេរោគ​ដែល​គេ​មិន​បានដឹង​ពីមុន​នោះឡើយ​។ 

​    ​រើម​លើ​ប្រដាប់ភេទ​ជា​ជំងឺឆ្លង​ទូទៅ ហើយ​មនុស្ស​ភាគច្រើន​មិនបាន​ដឹងថា​ពួកគេ​កើត​មេរោគ​នេះ​ទេ​។ ជំងឺ​កាមរោគ​ប្រភេទ​នេះ​បង្កឡើង​ដោយ​វីរុស្ស​ពី​ប្រភេទ​ឈ្មោះថា រើម Simlex Virus-1 និង​រើម Simlex Virus-2៕

​ប្រភព​៖ ដេលី​មែ​ល