ក្រសួងបរិស្ថាន មិនអាច​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃ​ឡង់​ដែល​នៅតែ​កើតឡើង​យ៉ាង​រាលដាល​

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ បាន​ឲ្យ​ដឹងថា ក្រោយពេល​ព្រៃ​ឡង់​ត្រូវ​បានដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស​រួចមក គឺ​បទល្មើស​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល ហើយ​ក្រុម​ជនល្មើស​គំរាមកំហែង​ដល់​អាយុជីវិត​ពួកគាត់​ទៀតផង​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិ​សា្ថ​ន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់ មិនត្រូវ​ពន្យា​ពេល​តទៅទៀត​ទេ​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ឡង់​នៅតែ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​ជនល្មើស​ភាគច្រើន​ជា​មន្ត្រី​ប្រដាប់អាវុធ និង​ឈ្មួញ​ធំៗ​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​និង​មន្ត្រី​សង្គម​ស៊ីវិល ក៏ដូចជា​ព្រះសង្ឃ ក្រុមនិស្សិត មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ចុះ​ល្បាត​ក្នុងព្រៃ​ឡង់​តែងតែ​ឃើញ​មាន​បទល្មើស​កាប់​ឈើ​និង​អារច្រៀក​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ ក្នុងពេល​ល្បាត​ម្ដងៗ​ពួកគាត់​រឹបអូស​បាន​វត្ថុតាង​យ៉ាងច្រើន​ផងដែរ ប៉ុន្តែ​ពួកគាត់​ពុំមាន​លទ្ធភាព​បង្ក្រាប​បទល្មើស​បានឡើយ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​កាប់​ឈើ​ខុសច្បាប់​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​បន្ថែម​កម្លាំង​ឲ្យ​បាន​ច្រើន​សម្រាប់​ការពារ​ព្រៃ​ឡង់ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។​

​ចំណែក​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ជាពិសេស​នៅក្រោយពេល​ព្រៃ​ឡង់​ត្រូវបាន​ដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស​។ ដើមឈើ​ធំៗ​នៅក្នុង​ព្រៃ​ឡង់​នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ កំពុង​ប្រឈម​នឹង​ការ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ទាំង​៤ គឺ​ខេត្តកំពង់ធំ ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ អ្វីដែល​គួរ​ឲ្យ​កត់​ស​ម្កាល់​នោះ គឺ​ក្នុងខណៈដែល​បទល្មើស​កា​ប់​ឈើ​ក្នុងព្រៃ​ឡង់​នៅតែ​កើតឡើង​យ៉ាង​រាលដាល បែរជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អះអាងថា​ពុំមាន​បទល្មើស​កាប់​ឈើ​ទៅវិញ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ក្លា និង​ជំរុញ​ឲ្យ​លោក សាយ សំ​អាល់ ចុះ​ល្បាត​ព្រៃ​ឡង់​ដោយផ្ទាល់​កុំបី​ខាន​៕

13459747_1562304984065078_1939840992_n 13436203_1562304934065083_2079215700_n 13459702_1562304910731752_1522485874_n 13436091_1562304797398430_1189747263_n