គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ពី​ការបិទផ្លូវ​ចរចា ហើយ​នៅតែ​បន្ត​រក​ដំណោះស្រាយ​នយោបាយ​

ក្នុងពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​បិទផ្លូវ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នៅថ្ងៃនេះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ខ្លាំងពេក​ចំពោះ​ការប្រកាស​បិទផ្លូវ​ចរ​ចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមាន​ជម្រើស​ផ្សេងៗ​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​បច្ចុប្បន្ន​ឲ្យ​វិល​ទៅរក​ភាពប្រក្រតី ដើម្បី​ត្រៀម​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅ​ចំពោះមុខ​សកម្មជន និង​អ្នកគាំទ្រ​នៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា​នេះ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ពី​ការបិទផ្លូវ​ចរចា​នយោបាយ​នោះទេ ប៉ុន្តែ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​រក​មធ្យោបាយ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​

គួរ​បញ្ជាក់ថា លោក ហ៊ុន សែន  ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃទី​១១ មិថុនា ២០១៦​ថា មិនមាន​ការចចារ​ណា​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង គណបក្ស​សង្គ្រោះ​ជាតិ នាពេលខាងមុខ​នេះ​ទេ  ព្រោះ​បើ​មាន​ការចចា​នឹង​អាច​ជះឥទ្ធិពល​លើ​ដំណើការ​តុលាការ ដែល​កំពុងមាន​ចំណាត់ការ​លើ​សំណុំរឿង​មួយចំនួន ហើយ​ថា​ប្រសិន​មានការ​ជួបចរចា​គ្នា​ណាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពិភាក្សា​លើ​រឿង​ណា​ដែលជា​សមត្ថកិច្ច​របស់​តុលាការ​នោះទេ ហើយក៏​មិន​ពិភាក្សា​លើ​ករណី​អ្នក​ជាប់គុក​នោះដែរ ។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង បាន​ថ្លែងថា ចំពោះ​បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ  មានតែ​អង្គការសហប្រជាជាតិ​ទេ ដែល​អាច​ដោះស្រាយ បញ្ហា​នេះ​ឲ្យ​មករក​ភាពប្រក្រតី​ឡើងវិញ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ស្នាម​មេដៃ​អ្នកគាំទ្រ​២២​ម៉ឺន​នាក់​ហើយ​។​

ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ននេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នៅថ្ងៃនេះ​ថា ទី​១-​ថ្ងៃស្អែក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​ទៅ​តុលាការ​ទេ ទី​២-​ថ្ងៃស្អែក​សូម​អំពាវនាវ​បងប្អូន​ជនរួមជាតិ មកកាន់​ទីស្នាក់ការ​ក​ណ្ដា​ល ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​និង​ទី​៣-​ប្រជាពលរដ្ឋ​បាន​ចូលរួម​ធ្វើ​ញ​ត្ដិ​យ៉ាងសកម្ម ទោះបី​មានការ​គំរាមកំហែង​យ៉ាងណាក៏ដោយ​៕

fn-2016-06-13-11-01-57-1 Sequence-37.00_00_04_10.Still001