ស្ត្រី​ម្នាក់​ដែល​បម្រុង​នាំ​ក្មេង​ស្រី​ពីរ​នាក់​ ទៅ​លក់​នៅ​ប្រទេស​ចិន ត្រូវ​តុលាការ​ឃុំខ្លួន​

ស្ត្រី​ម្នាក់​ដែល​បម្រុង​នាំ​ក្មេង​ស្រី​ពីរ​នាក់​ ទៅ​លក់​នៅ​ប្រទេស​ចិន ត្រូវ​តុលាការ​ឃុំខ្លួន​



ភ្នំពេញ​ ៖​ ស្ត្រី​ចំណាស់​ម្នាក់​ ដែល​បម្រុង​នាំ​ក្មេង​ស្រី​ពីរ​នាក់​ ទៅ​លក់​នៅ​ប្រទេស​ចិន តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេលវេលា​នោះ​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ក្រោម​ការចោទប្រកាន់​ពី​បទ​អំពើ​លក់ដូរ​មនុស្ស​ដោយ​មាន​គោលដៅ។

ជនសង្ស័យ​ឈ្មោះ អ៊ុច សេងហុង អាយុ​៤៥​ឆ្នាំ រស់នៅ​ស្រុក​ក្រូច​ឆ្មា ខេត្ត​ត្បូងឃ្មុំ មុខរបរ​ជា​អ្នកធ្វើ​ចម្ការ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ រៀបរាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី ​រសៀល​ថ្ងៃ​ទី​១០ ខែ​មិថុនា​ ជនសង្ស័យ​បាន​នាំ​នារី​រងគ្រោះ​២​នាក់​មកពី​ស្រុកកំណើត បម្រុង​នាំចេញ​ទៅ​ប្រទេស​ចិន​លក់ដូរ​ឆ្លងដែន​ដោយ​ខុសច្បាប់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា លុះ​ពេល​ជនសង្ស័យ​នាំ​ជនរងគ្រោះ​មកដល់​ផ្លូវ​៦A ស្ថិត​ក្នុង​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ពួកគេ​បាន​ចុះ​ពី​រថយន្ត​តាក់​ស៊ី ដើម្បី​រង់ចាំ​មេខ្យល់​នៅ​ភ្នំពេញ​ទៅ​ទទួលយក។ ពេល​កំពុង​ឈប់​ចាំ ​មេខ្យល់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ទៅ​នាំ​ខ្លួន ទៅកាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ ។

ជន​សង្ស័យ​ឈ្មោះ​អ៊ុច សេងហុង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​នារី​អ្នក​ចម្ការ​២​នាក់ យក​មក​ឲ្យ​មេខ្យល់​នៅ​ភ្នំពេញ​នេះ​មែន និង​មាន​គោលដៅ​នាំ​ពួកគេ​ទៅ​កាន់​ប្រទេស​ចិន ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​.​វៀតណាម បាវិត​ខេត្ត​ស្វាយរៀង។ ចម្លើយ​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា សកម្មភាព​នាំ​នារី​ខ្មែរ​បម្រុង​ទៅ​លក់​.​ដូរ​នៅ​ប្រទេស​ចិន​នេះ​ រូប​គេ​ទទួល​បាន​ប្រាក់​ពី​មេខ្យល់​ក្នុង​នារី​ម្នាក់​ចំនួន​២.០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​ប្រាក់​នេះ គេ​បាន​ចំណាយ​ទៅវិញ​ក្នុង​ការ​ធ្វើដំណើរ​អស់​៥០០​ដុល្លារ​ផង​ដែរ។ ជន​សង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​ប្រកបមុខរបរ​នាំ​នារី​ខ្មែរ​ លក់​ទៅ​ប្រទេស​ចិន ចំនួន​៣ លើក​មក​ហើយ និង​មាន​នារី​ខ្មែរ​៣​នាក់​ ដែល​បាន​រងគ្រោះ​ដោយ​ស្នាដៃ ជនសង្ស័យ​រូប​នេះ។ សមត្ថកិច្ច​បន្ត​ថា ​ក្រោយពី​ឃាត់ខ្លួន ​ជនសង្ស័យ, នារី​២​នាក់ ​ដែល​អះអាង​ថា ​ជា​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ខាង​មន្ទីរ​សង្គមកិច្ច​គ្រប់គ្រង ​បណ្ដោះអាសន្ន៕