រដ្ឋមន្ត្រី​២​រូប នឹង​ចាត់​វិធានការ​លើ​ករណី​ឡាន​ដឹកឈើ​បាក់​ស្ពាន​ នៅ​ខេត្តកំពត​

រដ្ឋមន្ត្រី​២​រូប នឹង​ចាត់​វិធានការ​លើ​ករណី​ឡាន​ដឹកឈើ​បាក់​ស្ពាន​ នៅ​ខេត្តកំពត​



​កំពត​ ៖​ ជុំវិញ​ករណី​រថយន្ត​ដឹក​ឈើ​ជាង​៥០​តោន ធ្វើ​ឲ្យ​បាក់​ស្ពាន​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​នោះ​ ត្រូវ​បាន​ លោក​​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ក្រសួងបរិស្ថាន​នឹង​ពិនិត្យមើល​យ៉ាង​តឹងរ៉ឹង លើ​ករណី រថយន្ត​ដឹកឈើ​នេះ​ថា តើ​ហេតុអ្វី​បាន​រថយន្ត​ដឹកឈើ​នេះ អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​តំបន់​ឱរ៉ាល់ មក​ចេញ​នៅ​ខេត្តកំពត​, តើ​មាន​មន្ត្រី​ណាខ្លះ​ជាប់​ពាក់ព័ន្ធ ?

ទោះ​បី​យ៉ាង​ណា លោក​ សាយ សំ​អាល់ បាន​អះអាង​បន្ត​ថា ករណី​លួច​ដឹកឈើ​ខ្នាត​ធំៗ ត្រូវ​បាន​បិទ​បញ្ចប់​រួចហើយ ក្រោម​ការដឹកនាំ​ដោយ​គណៈកម្មការ​មួយ ដែល​មាន​នាយ​ឧត្ដមសេនីយ៍ សៅ សុ​ខា ជា​ប្រធាន ប៉ុន្តែ​លោក​នៅ​ទទួល​ស្គាល់​ថា នៅ​មាន​ការ​លួច​កាប់​កម្រិត​តូចៗ និង​មធ្យម​ដែរ ចំណែក​ករណី​ឡាន​ដឹកឈើ​ជាង​៥០​តោន ​ធ្វើ​ឲ្យ​បាក់​ស្ពាន​នៅ​ខេត្តកំពត​នោះ គឺ​ដូច​ត្រីងៀត​ឆ្លៀត​ពង​លួច​កាប់​។ លោក​រដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា ចំពោះ​ករណី​រថយន្ត​ដឹក​ឈើ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ដឹក​ចេញពី​តំបន់​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ រហូត​ចេញទៅ​ដល់​ខេត្តកំពត​ឯណោះ ហើយ​ឥឡូវនេះ​កំពុង​អង្កេត​មើល ហើ​យ ​ក៏​មើល​មន្ត្រី​ខ្លួនឯង ​ដែល​ឈរជើង​នៅ​នឹង​កន្លែង​នោះ។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បន្ត​លើក​ឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់, យើង​នឹង​ត្រូវ​ពិនិត្យមើល រួម​ទាំង​ឈើ​នោះ​ដែរ តើ​ខុសច្បាប់ ឬ​មានច្បាប់ ? លោក​បាន​អះអាង​យ៉ាង​ច្បាស់​ថា តំបន់​ឱរ៉ាល់​នេះ ចំពោះ​ដី​អតីត​របស់​ក្រសួងបរិស្ថាន ដែល​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រសួងកសិកម្ម​នោះ គឺ​ជាង​មួយឆ្នាំ​ហើយ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ឈូស​ឆាយដី​នោះ​ទេ ដី​សម្បទាន​ទាំងនោះ ត្រូវ​បាន​អភិវឌ្ឍន៍​គ្រប់​អស់ហើយ។

ដោយឡែក ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បា​ន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​ថា នឹង​តាម​ស្វែងរក​ម្ចាស់​រថយន្ត និង​ម្ចាស់​ឈើ​ឲ្យ​មក​សាងសង់​ស្ពាន​ឡើងវិញ​។ លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មន្ទីរ​សាធារណការ​ខេត្ត​កំពត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​និង​កំពុង​សហការ​គ្នា​តាម​ស្វែងរក​ម្ចាស់​រថយន្ត និង​ម្ចាស់​ឈើ តែ​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ ខណៈ​ស្លាក​លេខ​រថយន្ត ត្រូវ​បាន​គេ​ដោះ​យក​ទៅ​បាត់​ហើយ។

លោក​ស៊ុន ចាន់ថុល បាន​បន្ថែម​ថា បើ​រក​ម្ចាស់​ឃើញ ក្រៅពី​ការ​ឲ្យ​សាងសង់​ស្ពាន​ឡើងវិញ​ហើយ​នោះ លោក​ក៏​នឹង​ធ្វើ​ការ​ផាកពិន័យ​ចំពោះ​ការ​ដឹក​លើស​ទម្ងន់ ទៅតាម​ច្បាប់​ផង​ដែរ​។​

សូម​បញ្ជាក់​ថា រថយន្ត​យី​ឌុប​ដឹក​ឈើ​ពេញ​មួយ​គ្រឿង​នៅ​ម៉ោងជាង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ បាន​បើក​ឆ្លងកាត់ និង​ធ្វើ​ឲ្យ​បាក់​ស្ពាន​បាលេ «​តា​រាជ​» នៅ​ចំណុច​ផ្លូវ​លេខ​៤៣ (​តា​កែន​កោះ​ស្លា​) ស្ថិត​ក្នុង​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

លោក ជួន សា​រ៉ា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បាន​ឲ្យ​ដឹង​ថា ឈើ​ដែល​រថយន្ត​យី​ឌុប​ដឹក​នោះ មាន​ប្រមាណ​៧០​ម៉ែត្រគូប ដឹក​ចេញពី​ខេត្តកំពង់ស្ពឺ ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ខេត្តកំពត ដោយ​ខុសច្បាប់។

សមត្ថកិច្ច​ដដែល​បញ្ជាក់​ថា កំណាត់​ផ្លូវ​លេខ​៤៣ ដែល​រថយន្ត​ដឹក​ឈើ​ល្មើស​ខាងលើ​ឆ្លងកាត់​នោះ គេ​ឃើញ​មាន​កម្លាំង​គ្រប់​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដែល​ឈរជើង​នៅ​លើ​កំណាត់​ផ្លូវ​នោះ ពង្រាយ​ចាប់តាំងពី​ទឹកដី​ខេត្ត​កំពង់ស្ពឺ មកដល់​ទឹកដី​នៃ​ខេត្តកំពត ប៉ុន្តែ​បែរជា​មិន​បង្ក្រាប ឬ​បង្ក្រាប​មិនដែល​បាន ខណៈ​មាន​រថយន្ត​ជាច្រើន​គ្រឿង​កន្លងមក បាន​ធ្វើ​សកម្មភាព​ដុះ​ស្លែ ដឹកឈើ​ល្មើស​យ៉ាង​គគ្រឹកគគ្រេង នៅ​លើ​ដងផ្លូវ​លេខ​៤៣ (​កោះ​ស្លា​) មួយ​នេះ សំដៅ​នាំ​ឆ្លងដែន​ចុះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​នានា៕

រដ្ឋមន្ត្រី​២​រូប នឹង​ចាត់​វិធានការ​លើ​ករណី​ឡាន​ដឹកឈើ​បាក់​ស្ពាន​ នៅ​ខេត្តកំពត​

រដ្ឋមន្ត្រី​២​រូប នឹង​ចាត់​វិធានការ​លើ​ករណី​ឡាន​ដឹកឈើ​បាក់​ស្ពាន​ នៅ​ខេត្តកំពត​

រដ្ឋមន្ត្រី​២​រូប នឹង​ចាត់​វិធានការ​លើ​ករណី​ឡាន​ដឹកឈើ​បាក់​ស្ពាន​ នៅ​ខេត្តកំពត​

រដ្ឋមន្ត្រី​២​រូប នឹង​ចាត់​វិធានការ​លើ​ករណី​ឡាន​ដឹកឈើ​បាក់​ស្ពាន​ នៅ​ខេត្តកំពត​