រថយន្ត​បោល​ឆ្លង​ផ្លូវដែក ចំ​ពេល​រទេះភ្លើង​​មក​ដល់

រថយន្ត​បោល​ឆ្លង​ផ្លូវដែក ចំ​ពេល​រទេះភ្លើង​​មក​ដល់



ខេត្តកំពត ៖ រថភ្លើង​១​ខ្សែ​ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ​តេ​លា ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​ក្រុងព្រះសីហនុ​បាន​បុក​រថយន្ត​ស៊ីទែន​ផ្ទុក​ស៊ីម៉ង់ត៍ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1448 កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៣ ស្ថិត​ក្នុងភូមិ​ព្រៃតា​ព្រិ​ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខណៈ​រថយន្ត​ដឹក​ស៊ីទែន​ស៊ីម៉ង់ត៍​បើក​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​អម​ផ្លូវដែក ហើយ​ឆ្លងកាត់​ផ្លូវដែក​ចំ​ពេល​រថភ្លើង​មក​ដល់ ។

លោក មិន ញ៉េ​ប អនុប្រធាន​ផ្នែក​នគរបាល​ចរាចរណ៍​ស្រុក​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថភ្លើង​មួយ​ខ្សែ​ជា​ខ្សែ​ដឹក​ស៊ីទែន​ប្រេង បាន​រត់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​រថយន្ត​ក្បាល​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C 6994 ដឹក​ស៊ីទែន​ផ្ទុក​ស៊ីម៉ង់ត៍ ពាក់​ស្លាក​លេខ ភ្នំពេញ 4A1448 ពេល​បើក​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​អម​ផ្លូវ​រថភ្លើង​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង​ដូច​គ្នា ។

លោក​ថា ស្រាប់តែ​រថយន្ត​ស៊ីទែន​ដឹក​ស៊ីម៉ង់ត៍​នោះ​បាន​បើក​ឆ្លងផ្លូវ​រថភ្លើង គឺ​បើក​ឡើង​ពី​កើត​ទៅ​លិច​វិញ ចំ​ពេល​រថភ្លើង​មក​ដល់​ល្មម ក៏​ត្រូវ​ក្បាលរថភ្លើង​បុក​ចំ​ក្បាល​រថយន្ត បណ្តាល​ឱ្យ​ក្រពឹត​និង​អូស​រថយន្ត​ចម្ងាយ​៣៥​ម៉ែត្រ ទើប​អាច​បញ្ឈប់​បាន​។ រីឯ​អ្នកបើកបរ​រថយន្ត​រង​របួស​២​នាក់ ប៉ុន្តែ​ពួក​គេ​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​មុន​ពេល​នគរបាល​ទៅ​ដល់ ។

ទោះជា​បែប​ណា មន្ត្រី​នគរបាល​កំពុង​ស្រាវជ្រាវ​រក​ក្រុមហ៊ុន ជា​ម្ចាស់​រថយន្ត​ដើម្បី​ស្គាល់​អត្តសញ្ញាណ​អ្នក​បើករថយន្ត ដែល​ភ្លីភ្លើ​ល្ងីល្ងើ​ពកថ្ងាស​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​រថភ្លើង​មិន​អាច​បើក​ទៅ​មុខ​បាន ។ 

លោក ង៉ែត រ៉ា​ន់ អនុប្រធាន​ស្ថានីយ​រថភ្លើង​ទូក​មាស បាន​ប្រាប់​ឱ្យ​ដឹង​ថា រថភ្លើង​១​ខ្សែ​អូស​ស៊ីទែន​ប្រេង​នោះ​បាន​បុក​រថយន្ត​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១២៣ ។

លោក​និយាយ​ថា រថភ្លើង​បានឃើញ​រថយន្ត​បើក​ប្រកៀក​ប្រកិត ក៏​បាន​ស៊ី​ប្ល៉េ​ឮ​រំពង​ពេញ​ភូមិ ។ លោក​ថា គេ​ស៊ី​ប្លេ​ប៉ុណ្ណឹង​ហើយ នៅ​តែ​អ្នក​បើករថយន្ត​មិន​ឈប់​ទៀត នៅ​តែ​បើក​ឆ្លង​ផ្លូវដែក​ទាល់តែ​មាន​គ្រោះថ្នាក់​បែប​នេះ សង្ស័យ​អ្នក​បើករថយន្ត​ត្រចៀក​ថ្លង់ ។

គួរ​កត់​សម្គាល់ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ មាន​ករណី​រថភ្លើង​បុក​មនុស្ស និង​ម៉ូតូ​បុក​រថភ្លើង រថភ្លើង​បុក​រថយន្ត​មាន​៤​ករណី​ហើយ​នៅ​កន្លែង​ផ្សេង​ៗ​ពី​គ្នា ៕