ស​ន្ទ​ស្សន៍​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​ធ្លាក់​ចុះ​ក្នុង​រយៈពេល​8​ខែ គិត​ត្រឹម​ខែឧសភា

ប្រទេស​ថៃ ៖ ទំនុកចិត្ត​អ្នក​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​លើក​ទី​៥​នា​ខែឧសភា ក្នុង​រយៈពេល​៨​ខែ ដោយសារ​តែ​ពួក​គេ​ព្រួយបារម្ភ​ពី​សេដ្ឋកិច្ច និង​គ្រោះ​រាំង​ស្ងួត ខណៈ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​រើប​ឡើង​យឺត​ជាង​ការ​រំពឹង​ទុក ដោយសារ​តែ​តម្លៃ​ទំនិញប្រើប្រាស់​ធ្លាក់​ចុះ គ្រោះ​រាំង​ស្ងួត និង​ការ​នាំ​មាន​កម្រិត​ខ្សោយ ។

យោង​តាម​ការ​ស្ទង់​មតិ​ដោយ​សាកលវិទ្យាល័យ University Thai Chamber of Commerce (UTCC) ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​នៃ​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​៧២,៦​ពិន្ទុ​កាលពី​ខែឧសភា ខែមេសា​៧២,៧​ពិន្ទុ ខែមីនា​៧៣,៥​ពិន្ទុ ខែកុម្ភៈ​៧៤,៧​ពិន្ទុ ខែមករា​៧៥,៥​ពិន្ទុ ខែធ្នូ​៧៦,១​ពិន្ទុ ខែវិច្ឆិកា​៧៤,៦​ពិន្ទុ និង​ខែតុលា​៧៣,៤​ពិន្ទុ ។

លោក Thanavath Phonvichai អនុប្រធាន​ស្រាវជ្រាវ​នៃ UTCC បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​ថា សេដ្ឋកិច្ច​កំពុង​តែ​រើប​ឡើង​វិញ​យឺត ហើយ​ប្រាក់​ចំណូល​របស់​ពួក​គេ​បាន​ជាប់​គាំង​ទ្រឹង ដោយសារ​តែ​តម្លៃ​ដំណាំ​ធ្លាក់​ចុះ​ទាប និង​ការ​ជះ​ឥទ្ធិពល​ពី​គ្រោះ​រាំង​ស្ងួត​ផង​ដែរ ។ ចំណែក​ការ​នាំ​ចេញ​ចុះ​ខ្សោយ ក៏​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ។

កាលពី​ខែឧសភា ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ក្នុង​ខែមេសា បន្ទាប់​ពី​មាន​កំណើន​ក្នុង​រយៈពេល​២​ខែ ពោល​គឺ​បាន​ជះ​ឥទ្ធិពល​ដោយសារ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​តម្រូវការ​សកល តម្លៃ​ទំនិញប្រើប្រាស់ និង​ប្រេង ។

ចំណែក​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​៨%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​១៥,៥​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​១៤,៩% ស្មើនឹង​១៤,៨​ប៊ី​លាន​ដុល្លារ ។ ជាមួយ​គ្នា​នេះ ផល​លើស​នៃ​ពាណិជ្ជកម្ម​របស់​ថៃ មាន​ចំនួន​៧២១​លាន​ដុល្លារ​នៅ​ខែមេសា ។

កាលពី​ខែមីនា ការ​នាំ​ចេញ​របស់​ថៃ​បាន​កើនឡើង​១,៣% បន្ទាប់​ពី​បាន​កើនឡើង​១០,៣% នៅ​ខែកុម្ភៈ ។ ការ​កើនឡើង​ក្នុង​រយៈពេល​២​ខែ​នេះ គឺ​ដោយសារ​ការ​កើនឡើង​នៃ​មាស និង​សម្ភារ​ពិសេស​សម្រាប់​ការ​ហ្វឹកហាត់​យោធា ។

ក្នុង​រយៈពេល​៤​ខែ​ដំបូង ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​១,២៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ទឹកប្រាក់​៦៩,៤​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​ទឹកប្រាក់​សរុប​៦០,៥​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​១២,៧% ។ ថៃ​មាន​ផល​លើស​នៃ​ពាណិជ្ជកម្ម​ចំនួន​៨,៩១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ ។

ទន្ទឹម​នឹង​នេះ ដោយសារ​តែ​ទិន្នផល​ធ្លាក់​ចុះ​ខ្សោយ ជា​ហេតុ​ធ្វើ​ឲ្យ​គោលដៅ​នាំ​ចេញ​ក្នុង​អត្រា​៥%​របស់​ក្រសួងពាណិជ្ជកម្ម គឺ​អាច​ពិបាក​នឹង​សម្រេច​បាន ។

អ្នក​នាំ​ចេញ​បាន​ព្រមាន​ថា ការ​នាំ​ចេញ​ត្រូវ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា ប្រសិនបើ​សញ្ញា​នៃ​សេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ​នៅ​ក្នុង​ខែ​នេះ ។ ពួក​គេ​បាន​ស្តី​បន្ទោស​​ពី​ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ជ​បុ​៉​ន ចិន និង​សហគមន៍​អឺរ៉ុប​មាន​កំណើន​ខ្សោយ ។

លោក Thanavath Phonvichai ឱ្យ​ដឹង​ថា ៖ « គេ​រំពឹង​ថា អ្នក​ប្រើប្រាស់​ក្នុងស្រុក​នឹង​កើនឡើង​នៅ​ចុង​ត្រីមាស​ទី​៣ ខណៈ​ដែល​សេដ្ឋកិច្ច​ថៃ និង​សេដ្ឋកិច្ច​សកល​ទំនងជា​ចាប់ផ្តើម​រើប​ឡើង​វិញ ហើយ​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើតឡើង​យ៉ាង​ពិតប្រាកដ » ៕