ពាក់កណ្តាលម៉ារ៉ាតុង បញ្ចប់ដោយជោគជ័យ ខណៈ Niko បង្ហាញភាពខ្លាំងមុនទៅអូឡាំពិក

កីឡាករខ្មែរ មានដើមកំណើរនៅជប៉ុន Kuniaki Takizaki ហៅ Niko ដែលនឹងចេញទៅប្រកួតអូឡាំពិក នៅប្រេស៊ីល តំណាងឲ្យកម្ពុជានោះ បានក្លាយជាម្ចាស់ជើងឯកនៅក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៦ ឆ្នាំ២០១៦ ដែលបានបញ្ចប់យ៉ាងជោគជ័យ នៅខាងមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃអាទិត្យនេះ។

halfmaration1

បើទោះបីជាការប្រកួតនៅឆ្នាំនេះ មានអ្នកចូលរួមច្រើនជាបណ្តាឆ្នាំកន្លងមក ប៉ុន្តែអ្នករត់ម៉ារ៉ាតុង និងជាតារាកំប្លែងនៅប្រទេសជប៉ុន Niko បានរក្សាការរត់យ៉ាងអំណត់ ដើម្បីមកដល់ទីផ្តាច់ព្រ័ត្រជាមួយថិរវេលា ១:១៥:២៥ម៉ោង និងតាមពីក្រោយដោយកីឡាករកម្ពុជា ម៉ា វីរ៉ូ ដែលទទួលលេខ២ ជាមួយពេលវេលា ១:១៦:៣៤ម៉ោង និងកីឡាករចំណាត់ថ្នាក់លេខ៣របស់ជប៉ុន Tsubasa Nakamura ជាមួយថិរវេលា១:២៦:២៧ម៉ោង។

halfmaration2

ការទទួលបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងនេះ បានបង្ហាញឲ្យឃើញពីការត្រៀមខ្លួនយ៉ាងល្អរបស់ Niko មុនពេលរូបគេត្រូវទៅចូលរួមការប្រកួតអូឡាំពិកតំណាងឲ្យកម្ពុជាជាមួយអត្តពលិករបស់កម្ពុជាចំនួន៥នាក់ផ្សេងទៀត នៅប្រទេសប្រេស៊ីល បើទោះបីជាលទ្ធផលដែលទទួលបាននៅក្នុងទិវារត់ប្រណាំងនេះ មិនត្រូវបានចាត់ទុកជាលទ្ធផលផ្លូវការរបស់សហព័ន្ធកីឡាអត្តពលិកអន្តរជាតិ ក៏ដោយ។

halfmaration3

ចំណែកការរត់ចម្ងាយ២១គីឡូម៉ែត្រ ផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី Jill Hamil មកពីចក្រភពអង់គ្លេស ដោយប្រើថិរវេលា ១:៣០:៥៩ម៉ោង លេខ២ កីឡាការិនី Veronique មកពីបារាំង ប្រើពេល១:៣៦:៣៤ម៉ោង ហើយកីឡាការិនីបារាំង Caroline បានចំណាយពេល១:៥១:០៨ម៉ោង ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។

halfmaration4

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងពិធីចែករង្វាន់ដល់ម្ចាស់ជយលាភីថា៖«ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិនៅឆ្នាំនេះ មានអ្នកចូលរួមសរុប៥០១០នាក់ ក្នុងនោះមានបរទេស៤៦០នាក់ មកពី២៨ប្រទេសទូទាំងពិភពលោក ដែលមានការកើនឡើង២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥កន្លងមក។

halfmaration5

លោក វ៉ាត់ ចំរើន បានបន្តថា៖«ទិវារត់ប្រណាំងនេះ ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងន័យរត់ដើម្បីបរិស្ថានស្អាត រំឭកខួបទិវាអូឡាំពិកទី១២២ និងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយអ្វីដែលពិសេសនោះគឺដើម្បីអបអរសាទរនៃពិធីចំរើនព្រះជន្មសម្តេចម៉ែ ហើយសម្តេចម៉ែក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់ព្រះអង្គចំនួន១០០០ដុល្លារ ក្នុងទិវានេះផងដែរ»។

halfmaration6

ក្រៅពីតួនាទីជាអ្នកគ្រប់គ្រងការប្រកួតបនេះ លោក វ៉ាត់ ចំរើន រួមទាំងកូនប្រុសទាំង២នាក់របស់សម្តេចហ៊ុនសែន គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុនម៉ានី ព្រមទាំងលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកអភិបាលខណ្ឌដូនពេញ គួច ចំរើន លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ សុទ្ធតែបានចូលរួមរត់យ៉ាងសប្បាយរីករាយជាមួយមនុស្សជាង៥ពាន់នាក់ផ្សេងទៀត នៅក្នុងទិវារត់ប្រណាំងនេះ ព្រោះក្រៅពីការរត់ប្រណាំងចម្ងាយ២១គីឡូម៉ែត្ររបស់អ្នកចំណាយ ទិវារត់ប្រណាំងនេះ ក៏មានវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ(បុរស-នារី) និងរត់បែបកម្សាន្តចម្ងាយ៣គីឡូម៉ែត្រ ផងដែរ៕