រថយន្ត​ដឹកឈើ​បាក់​ស្ពាន​តាកែ​ន​កោះ​ស្លា ស្គាល់​ម្ចាស់​ហើយ

ខេត្តកំពត ៖ បន្ទាប់​ពី​រថយន្ត​ដឹកឈើ​ធ្វើ​ឲ្យ​បាក់​ស្ពាន​ជ័យ​សេនា​ក្នុង​តំបន់​តា​កែន​កោះ​ស្លា​មក រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​កំពត​កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ធ្វើការ​វាស់វែងដើម្បី​រក​ចំនួន​ពិតប្រាកដ ខណៈ​ដែល​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​កំពុង​តែ​ដេក​ភ័យ​ខ្លួន​ពេល​ដែល​ស្រាវជ្រាវ​រក​ឃើញ​ម្ចាស់​ឈើ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែល លោក តុង សែ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឈូក បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ លោក​បាន​ទទួល​សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​ថា មាន​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​ចេញពី​ខេត្តពោធិ៍សាត់​កាត់​ខេត្តកំពង់ស្ពឺ​ឆ្លងកាត់​ស្រុក​ឈូក​ឆ្ពោះទៅ​កាន់​ព្រំដែន​វៀតណាម ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន រូប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចម្រុះ​ធ្វើការ​ឃ្លាំមើល​រហូត​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​យី​ឌុ​ប​ភ្លៅ​៥​ដឹកឈើ​មែន ក៏​បាន​បើករថយន្ត​តាម​ឃាត់​ឲ្យ​ឈប់ ប៉ុន្តែ​អ្នក​បើករថយន្ត​មិន​បាន​ឈប់​នោះ​ទេ ។ លោក​បន្ត​ថា សមត្ថកិច្ច​យើង​ចង់​វ៉ា​រថយន្ត​ឃាត់ ប៉ុន្តែ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​មិន​អាច​វ៉ា​បាន ក៏​បើក​ដេញ​ពីក្រោយ​ជាប់​រហូត លុះដល់​ចំណុច​ស្ពានដែក​បា​ឡេ​មួយ​កន្លែង​អ្នកបើកបរ​រថយន្ត​បាន​បើក​ឆ្លងកាត់​បណ្តាល​ឲ្យ​បាក់​ស្រុត​ទៅ​មុខ​លែង​រួច ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​រថយន្ត និង​វត្ថុ​តាង​ឈើ​ប្រណីត​នៅ​ទីនោះ ។

លោក​បន្ត​ទៀត​ថា នៅ​លើ​រថយន្ត​មិន​មាន​លិខិត​ស្នាម​អ្វី​សម្គាល់​ឡើយ ពេល​នេះ​ជំនាញ​សាធារណការ​ខេត្ត​បាន​ចុះ​ពិនិត្យលេខ​តួ​និង​លេខ​ម៉ាស៊ីនរថយន្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ថា តើ​ម្ចាស់​ពិតប្រាកដ​ជា​នរណា?

ចំណែក​លោក ជួន សា​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​ឲ្យ​ដែរ​ដឹង​ថា ឈើ​ទាំង​អស់នោះ​នៅ​មិន​ទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ តែបើ​តាម​ការ​ប៉ាន់ស្មាន​ឈើ​ទាំង​អស់នោះ​មាន​ទម្ងន់​ចន្លោះ​ពី​៤០​តោន​ទៅ​៥០​តោន ។ លោក​ថា ចំនួន​ឈើ​ពិតប្រាកដ​នឹង​ដឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៣​មិថុនា​នេះ ។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​របស់​លោក​នៅ​តែ​បន្ត​និ​តិ​វិធី​ប្រកាស​ឲ្យ​ម្ចាស់​ឈើ​ចូលខ្លួន​មក​បង់​ពិន័យ​ក្នុង​រយៈពេល​១​ខែ តែបើ​មិន​មាន​អ្នក​ណា​ចូល​មក​ទេ ជំនាញ​នៅ​តែ​បន្ត​តាម​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​ដដែល ។

បើ​តាម​សម្តី​របស់​មន្ត្រី​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ​មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ​ជា​មន្ត្រី​យោធា​ភូមិភាគ​ទី​៣​មួយ​រូប​ឈ្មោះ ជឿ​ង ថេ​ង និង​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​ដុះ​ស្លែ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ជាមួយ​ឡើយ ។ ហើយ​ការ​ដែល​រថយន្ត​ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​កំពុង​តែ​ដេក​ភ័យ​ខ្លួន​ហើយ ​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​ចាប់ខ្លួន​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​ឲ្យ​ចេញ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​នេះ ។

ព័ត៌មាន​ពិស្ដារ​នឹង​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​«​កោះសន្តិភាព​»