ក្រុមការពារកោះឆ្នេរ ផ្តួលស្នងការខេត្តកំពង់ចាម លើកពាន Leo Cup ក្របខ័ណ្ឌB

ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Division B នៃការប្រកួតបាល់ទះថ្នាក់ជាតិដណ្តើមពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ ២០១៦ (Leo Cup National Volleyball 2016) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមស្នងការនគរបាលខេត្តកំពង់ចាម ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ។

leocupb

តាមពិត ក្រុមស្នងការនគរខេត្តកំពង់ចាម និងក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២តាមពូល ជាមួយការឈ្នះ៣ និងចាញ់១ប្រកួតដូចគ្នា ប៉ុន្តែការទម្លាក់ក្រុមលេខ១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មិនគួរឲ្យជឿ ដោយក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ បានទម្លាក់ក្រុមលេខ១ពូលB កងពលតូចអន្តរាគមន៍លេខ៧ ជាមួយការយកឈ្នះ៣-២ និងក្រុមស្នងការនគរបាលខេត្តកំពង់ចាម បានយកឈ្នះក្រុមលេខ១ពូលA ខ្មែរសាមគ្គីខេត្តកំពង់ចាម ៣-២ដូចគ្នានោះ បានធ្វើឲ្យក្រុមទាំង២ ឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។

leocupb1

យ៉ាងណាមិញ សម្រាប់ការប្រកួតដណ្តើមយកលេខ១ និងលេខ២ នៅវិមានពហុកីឡដ្ឋានជាតិ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ MyTV ផងនោះ ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ បានលត់ក្រុមស្នងការនគរបាលខេត្តកំពង់ចាម ៣សិតដាច់តែម្តង(៣-០) ជាមួយគ្រាប់បាល់ ២៥-២១ ២៦-២៤ និង ២៥-២៣ ដើម្បីលើកពានក្របខ័ណ្ឌ DivisionBនេះ អមដោយទឹកប្រាក់ចំនួន១២លានរៀល ឯក្រុមស្នងការនគរបាលខេត្តកំពង់ចាម ក៏បាន៦លានរៀលដែរ។

leocupb2

ចំណែកក្រុមខ្មែរសាមគ្គីខេត្តកំពុងចាម បានយកឈ្នះក្រុមកងពលតូចអន្តរាគមន៍លេខ៧ ក្នុងលទ្ធផល ៣-១ ជាមួយគ្រាប់បាល់ ១៤-២៥ ២៥-២១ ២៥-១៩ និង ២៥-១៨ ដើម្បីទទួលបានលេខ៣ និងទឹកប្រាក់៤លានរៀល ខណៈក្រុមកងពលតូចអន្តរាគមន៍លេខ៧ បាន២លានរៀល ប៉ុន្តែក្រុមទាំង២នេះ ត្រូវធ្លាក់ចេញពីការប្រកួតនេះ ដូចក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រុមយុវជនបាត់ដំបង ក្រុមយុវជនស្ម័គ្រចិត្តសសរស្តម្ភ Aqua Fmaily Resort ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន និងក្រុមយុវជនថ្មី ដែលបានធ្លាក់ត្រឹមវគ្គជម្រុះតាមពូល ដែរ។

leocupb3

ផ្ទុយពីនេះ ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ និងក្រុមស្នងការនគរបាលខេត្តកំពង់ចាម ត្រូវដឹកដៃគ្នាឡើងទៅប្រកួតក្របខ័ណ្ឌ Division A ជាមួយក្រុមមានកច្ចេកទេសខ្ពស់ កាលពីឆ្នាំ២០១៥ ចំនួន៦ក្រុមផ្សេងទៀត ក្នុងនោះមានក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ កងពលធំអន្តរាគមន៍លេខ៣ សាលាខេត្តកំពង់ចាម ស្នងការនគរបាលខេត្តបាត់ដំបង និងក្រុមវិសាខា ខណៈការប្រកួតដណ្តើមយកពានធំនេះ បានបែងចែកពូលរួចរាល់ហើយ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃអង្គារ ខាងមុខនេះ។

leocupb-ft

leocupb4

leocupb5