ស្តាប់​អ្នក​គួ​ក​ជេរ​ដី​រៀបរាប់​ពី​ការ​ប្លន់​យប់មិញ សមត្ថកិច្ច​ថា​អាច​ជា​រឿងប្រឌិត

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រកស៊ី​គួ​ក​ជេរ​ដី​បាន​ប្ដឹង​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ មាន​ចោរ​២​នាក់ បិទ​បាំង​មុខ ប្រដាប់​ដោយកាំភ្លើងខ្លី​២​ដើមបាន​ឆ្មក់​ចូល​ក្នុងផ្ទះ​ភ្ជង់​ប្លន់​ស្ងាត់​ៗ ហើយ​ចាប់ចង​ប្រមូល​យក​អស់​លុយ​៧​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​មាស​២​តម្លឹង ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​ស្ងាត់ឈឹង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​អះអាង​ថា ត្រូវ​បាន​ក្រុម​ចោរប្លន់​ស្ងាត់​ៗ​នេះ​ឈ្មោះ ផ​ន វ​ណ្ណី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​កសិករ និង​ជា​អ្នក​គួ​ក​ជេរ​ដី ។

បើ​ទោះបីជា​ជន​រង​គ្រោះ​អះអាង​ថា ត្រូវ​បាន​ចោរប្លន់​បែប​នេះ​ក្ដី សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ល្បិច ប្រឌិត​រឿង​ក្នុង​គោលបំណង​អ្វីមួយ ដោយ​យោង​លើ​ពេល​កើតហេតុ​នោះ មិន​មាន​អ្នក​ជិតខាង​ណា​ម្នាក់​បានដឹង និង​សូ​ម្បី​តែ​ប្រពន្ធ​ខ្លួន​នៅ​ជាមួយ ព្រមទាំង​សមាជិកគ្រួសារ​៥​នាក់​នៅផ្ទះ​ជាមួយ​គ្នា គ្រាន់តែ​នៅ​បន្ទប់​ផ្សេង​គ្នា ក៏​មិន​បានដឹង​ដែរ ។ ម្យ៉ាងទៀត​លុយ​ដែល​បាន​បាត់បង់​ក្នុង​អំពើ​ប្លន់​នោះ គឺ​ភាគច្រើន​ជា​លុយ​របស់​ម្ដាយមីង​ជន​រង​គ្រោះ​បាន​មក​ពី​លក់​ដី ដែល​គាត់​រស់នៅ​ជាមួយ​គ្នា​នោះ ។

បើ​ទោះជា​បែប​ណា​ក្ដី សមត្ថកិច្ច​បាន​ដកស្រង់​សំដី​ជន​រង​គ្រោះ​ឈ្មោះ ផ​ន វ​ណ្ណី ឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ ជន​រង​គ្រោះ និង​ប្រពន្ធ បាន​ដេក​នៅ​លើ​ផ្ទះ​២​នាក់ ចំណែក​កូន​ៗ និង​ម្ដាយមីង​ដេក​នៅ​បន្ទប់​ក្រោមផ្ទះ ។ លុះដល់​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ជន​រង​គ្រោះ​បាន​បើកទ្វា​ផ្ទះ​បំណង​ចុះ​មក​ដី​មើល​បន្ទប់​ក្រោមផ្ទះ ប៉ុន្តែ​គ្រាន់តែ​បើកទ្វារ​ភ្លាម ស្រាប់តែ​មាន​ចោរ​២​នាក់​បិទមុខ​បាន​ស្ទុះ​ចូល​មក​យក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់ និង​គំរាម​បាញ់​សម្លាប់​ជន​រង​គ្រោះ​បើ​ហា៑ន​ស្រែក ។ ពេល​នោះ ពួក​ចោរ​បាន​ចូល​ដល់​ក្នុងផ្ទះ និង​បាន​ចាប់​ជន​រង​គ្រោះ​ចងដៃ និង​បាន​វាយ​ជន​រង​គ្រោះ​សួរ​រក​កន្លែង​ទុក​លុយ បើ​មិន​ប្រាប់​នឹង​បាញ់​សម្លាប់​ចោល ។ ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​កន្លែង​ទុក​លុយ និង​មាស​នៅ​ក្នុង​ទូ​កុង​ផ្លា​កកេ ពួក​ចោរ​បាន​ប្រមូល​យក​លុយ និង​មាស រួច​យក​ក្រណាត់​ចង​បិទ​មាត់​ជន​រង​គ្រោះ​បណ្ដើរ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​បាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ហើយ​បាន​ចង​ជន​រង​គ្រោះ​ជាប់​នឹង​ដើមឈើ​ដោយ​ខ្សែ​ចេក រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ​នៅ​ដេក​លើ​ផ្ទះ​នោះ​ដែរ ដេក​លក់​មិន​បានដឹង​ឡើយ ។

ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ពេល​ប្រពន្ធ​ជន​រង​គ្រោះ​ភ្ញាក់​ពី​ដំណេក​បាត់​ប្ដី និង​បានឃើញអីវ៉ាន់​នៅ​ក្នុង​ទូ​ត្រូវ​រើ​រប៉ាត់រប៉ាយ​ក៏​ផ្អើល​ឆោឡោ​ឡើង និង​បាន​នាំ​គ្នា​តាម​រក​ជន​រង​គ្រោះ ឃើញ​ត្រូវ​គេ​ចង​ជាប់​នឹង​ដើមឈើ​ខាងក្រោយ​ផ្ទះ ក៏​បាន​ជួយ​ស្រាយចំណង ហើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ត្រូវ​ចោរប្លន់​មុន​នេះ​បន្តិច ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្ដង ។ ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ក្នុង​អំពើ​ប្លន់​នេះ​បាត់បង់​អស់​លុយ​៧​ម៉ឺន​ដុល្លារ ខ្សែ​ក​មាស​១​តម្លឹង ចិ​ញ្ជៀ​ន​មាស ១​តម្លឹង​ទៀត ។

បើ​ទោះបីជា​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​បែប​នេះ​ក្ដី ទាំង​នគរបាល និង​ប៉េ​អឹ​ម​នៅ​តែ​ដាក់​ការ​សង្ស័យ​ថា អាច​ជា​រឿងប្រឌិត​ក្នុង​គោលបំណង​អ្វីមួយ និង​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ត​ទៀត ៕