ហ្វ្រាំង​មិន​ស៊ី​បុក​ចូល​ផ្ទះ​លក់​បបរ​បាន​បង្គោល​ភ្លើង​ទប់

ហ្វ្រាំង​មិន​ស៊ី​បុក​ចូល​ផ្ទះ​លក់​បបរ​បាន​បង្គោល​ភ្លើង​ទប់



ខេត្តកំពង់ចាម ៖ ភាព​ឆោឡោ​បាន​កើតឡើង​បន្ទាប់​ពី​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ភ្លៅ​បួន ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 3A-3339 បាន​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុណា លឿន​ស្លេវ​បោល​ទៅ​បុក​រះ​ម៉ូតូ​ខូច​១​គ្រឿង
ទូ​លក់​បបរ​អស់​៣​ទូ និង​បាក់​បង្គោល​ភ្លើង​បេតុង​១​ដើម​ទើប​ទប់​ដំណើរ​បាន សំណាង​មិន​មាន​អ្នក​ស្លាប់ ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១១ មិថុនា ២០១៦ ត្រង់​ចំណុច​ខាងជើង​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រញាប់​ចុះ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មាន​ភាព​កកស្ទះ ។

អ្នក​លក់ដូរ​ម្នាក់​ឈ្មោះ យ៉ែ​ម ភា​រ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ហាង​តា​អោន ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១​រសៀល​ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ឈរ​ច​ញ្ច្រាំ​សាច់ ស្រាប់តែ​បានឮ​សូរ​សំលេង​បុក​ពី​ខាងក្រោយ​ខ្នង​លាន់​ដូច​រន្ទះ ធ្វើ​ឲ្យ​មានការ​ភិតភ័យ​ជា​ខ្លាំង ហើយ​បាន​ក្រឡេក​មើល​ក៏​ឃើញ​រថយន្ត​ធុន​ធំ​បាន​បុក​បង្គោល​ភ្លើង​បាន​សង្កត់​លើដំបូល​សំ​យ៉ាប​ខាង​មុខ​ផ្ទះ បាន​បុក​បែក​ទូរ​កញ្ចក់​លក់​នំ​បុ័ង និង​ចាន​បែក​ជ្រុះ​រាយ​លើ​កម្រាល​អិដ្ឋ ។

អ្នកលក់​ឈ្មោះ ភា​រ៉ា ប្រាប់​បន្ត​ថា ក្នុង​ពេល​កើតហេតុ​មនុស្ស​ចំនួន​៦​នាក់​កំពុង​តែ​រវល់​លក់ដូរ​នៅ​មុខ​ផ្ទះ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ដោយសារ​តែ​មាន​បង្គោល​ភ្លើងអគ្គិសនី​នៅ​ចំហៀង​ផ្ទះ​ជួយ​ទប់​កម្លាំង​រថយន្ត ពិតជា​សំណាង​ណាស់ ។ ព្រោះ​ថាបើ​មិន​មាន​បង្គោល​ភ្លើង​ទេ  មិនដឹង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ត្រូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ក្រោយ​ពី​បុក​ហើយ​អ្នកបើកបរ​រថយន្ត​មិន​បាន​បើកទ្វារ​រថយន្ត​ចុះ​មក​ដី​ទេ ទំនង​ដោយ​ភ័យ​ខ្លាច​គេ​ព្រួត​គ្នា​វាយ ទាល់តែ​សមត្ថកិច្ច​មក​ដល់​ទើប​បើកទ្វារ​រថយន្ត​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។ 

អ្នកបើកបរ​រថយន្ត​ឈ្មោះ ខេ​ង ពន្លក ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​អណ្តូង​ត្រាំ​ង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ បាន​ឆ្លើយ​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​១១ មិថុនា ២០១៦ រូបគេ​បាន​បើករថយន្ត​ខាងលើ​ចេញពី​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មិន​មាន​ដឹក​ទំនិញ​ទេ ក្នុង​ពេល​ដែល​បើក​មក​ដល់​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ពេល​ដែល​ចុះ​ចំណោត ខំ​ជាន់​ហ្វ្រាំង​មិន​ស៊ី​សោះ ។ នៅ​ខាង​មុខ​មាន​មនុស្ស​ជិះ​ម៉ូតូ​ជា​ច្រើន ដោយ​ខ្លាច​បុក​បណ្តាល​ឲ្យ​ស្លាប់ និង​មាន​ស្ថានីយ​ប្រេង ក៏​ប្រឹង​បួង​ចង្កូត​មក​ស្តាំ​ដៃ​បុក​ម៉ូតូ​១​គ្រឿង រួច​បុក​បង្គោល​ភ្លើង​តែ​ម្តង​ឱ្យ​ជួយ​ទប់ ។

លោក​អនុសេនីយ៍ឯក ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​រថយន្ត​ហ្វ្រាំង​មិន​ស៊ី​ក៏​បុក​ខូចខាត​ម៉ូតូ​១​គ្រឿង ទូ​លក់​បបរ​៣ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត គឺ​ប៉ះពាល់​២​ម្ចាស់ ១-​ឈ្មោះ ខូ​វ ងី​ថៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ផ្ទះ​ឈ្មោះ ហៅ អោន ភេទ​ប្រុស អាយុ​៨៤​ឆ្នាំ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី ៕