សាសា ផ្ញើ​សារ​ទៅ​កាន់ ម៉េង កែវ​ពេជ្ជតា វិញ​ថា «ច​​រិត​ខ្ញុំ បើ​ជេរ គឺ​ជេរ​ចំ​មុខ មិន​ចេះ​លប​ខាំ​ទេ!»

(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង ចាស់វស្សាអ្នក នាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារដ៏វែងអន្លាយមួយ ប្រាប់ដល់អ្នកគាំទ្រថា មានអ្នកបង្កើត Account Facebook ក្លែងក្លាយ បានមកផ្ញើសារគំរាមនាង ធ្វើឲ្យនាងមានការព្រួយបារម្ភ ពីសុវត្ថិភាព បង្ហោះក្នុងបណ្ដាញសង្គមរបស់នាងរួចមក ហើយបានសុំយោបល់ពីអ្នកគាំទ្រ ចំពោះវិធានការដល់អ្នកនៅពីក្រោយខ្នង ស្រាប់តែថ្មីៗនេះ កញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីនៅក្នុងស្ថានីទូរទស្សន៍ CTN បានបញ្ចេញសារថ្មីមួយ ក្នុងន័យតបវិញថា« ប្រសិនបើនាងចេញមុខជេរ គឺជេរដោយចំហរ ពោលមិនដែលលបខាំគេពីក្រោយខ្នងនោះទេ ព្រោះនេះជាចរិតរបស់នាង» ។

ទោះបីជាសាររបស់ពិធីការិនី សាសា មិនបានបញ្ចេញឈ្មោះចំៗថា ជានរណា ក៏អ្នកលេងបណ្ដាញសង្គម Facebook អាចដឹងយ៉ាងច្បាស់ថា នាងសរសេរសម្ដៅទៅលើ អ្នកនាង ម៉េង កែវពេជ្ជតា ព្រោះក្នុងអត្ថន័យ គឺចង់ផ្ញើសារប្រាប់ទៅ ពេជ្ជតា វិញថា នាងមិនមែនជាមនុស្ស ចូលចិត្តរិះគន់គេពីក្រោយខ្នង ឬលួចខាំនរណាពីក្រោយខ្នងឡើយ ពោលបើថានាងជាអ្នកធ្វើ គឺនាងជាអ្នកទទួល ហើយសូមហៅអ្នកនាង ម៉េង កែវពេជ្ជតា ថា អ្នកល្បីខ្ពង់ខ្ពស់មិនត្រឹមតែពូកែច្រៀងទេ ពូ​កែ​សុភាសិត ហើយថែម ទាំងពូកែជេរដែរ តាសពូកែ​ជាងទិនហ្វីទៀត។​​

អតីតពិធីការិនី កញ្ញា សាសា បានសរសេរនៅលើ Facebook របស់ខ្លួន ​តបទៅកាន់តារាចម្រៀងសំឡេងស្រួយ ចាស់វស្សា ​អ្នកនាង ម៉េង កែវពេជ្ជតា ថា «​ទើបតែបានអានព័ត៌មាន ដែលអ្នក​ល្បីអ្នកមានមុខមានមាត់ ក្នុងសង្គមកំពុងភ័យរឿងគេគំរាម ដោ​យ Fake Account ចង់ប្រាប់ថាចរិតញ៉ុម(ខ្ញុំ) បើជេរ គឺជេរចំមុខមិនចេះលបខាំទេ មិនបាច់ទាមទារចំណាប់អារម្មណ៍ទេ បើយើងល្អកុំខ្លាច ឮនៅអ្នកខ្ពង់ខ្ពស់? »។

​សាសា បានសរសេរបន្តថា «ញ៉ុម(ខ្ញុំ)រវល់ការ​ងាររកស៊ី របស់ញ៉ុម ញ៉ុមមិនយកពេលវេលាមានតម្លៃបស់ញ៉ុម ទៅចាយជាមួយអ្នកខ្ពង់ខ្ពស់ទេ ខ្លាចអ្នកខ្ពង់ខ្ពស់ជេរញ៉ុម ដូចជេរម្តាយក្មេកដែលគាត់ចាស់ ហើយកាន់សីលប្រាំបីទៀតនោះណា!!!! គិតៗទៅអ្នកល្បីខ្ពង់ខ្ពស់ មិនត្រឹមតែពូកែច្រៀងទេ ពូ​កែ​សុភាសិត ហើយថែម ទាំងពូកែជេរដែរ តាស ពូកែ​ជាងទិនហ្វីទៀត»។

សូមបញ្ជាក់ថា សរសេរសាតបគ្នាទៅវិញទៅមក នៅពេលនេះ គឺបានកើតចេញ ពីការរិះគន់ចំពោះអ្នកសិល្បៈ ដែលបានបញ្ចេញភាពសិចស៊ីជ្រុល មានដូចជា កញ្ញា ដេននី ក្វាន់ កញ្ញា ឌួង ម៉ានិច ជាដើម រហូតមានការកោះហៅ ពីសំណាក់ក្រសួងវប្បធម៌ ដើម្បីអប់រំកុំឲ្យធ្វើអ្វីហួសហេតុ។ ប៉ុន្តែការហៅអ្នកសិល្បៈ ទៅដុសក្អែលពីសំណាក់ ក្រសួងវប្បធម៌ នៅតែមិនបានធ្វើឲ្យ អ្នកនាង ម៉េង កែវពេជ្ជតា អស់ចិត្តនោះឡើយ ផ្ទុយទៅវិញបែរជាធ្វើឲ្យអ្នកនាងខកចិត្ត រហូតបញ្ចេញសារជាបន្តបន្ទាប់ វាយប្រហារគ្នាទៅវិញទៅមកតែម្ដង៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ស្របពេលដែល កញ្ញា សាសា ចេញមុខបកស្រាយ បែបនេះ ក៏មិនចង់ឲ្យអ្នកនាង ម៉េង កែវពេជ្ជតា មានការសង្ស័យទៅលើរូបនាង ទៅលើការគំរាម ដែលនាងធ្លាប់លើកឡើង ទាក់ទងនឹងនិងរឿងរ៉ាវនេះដែរ គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរសារយ៉ាងវែងអន្លាយ ប្រាប់ដល់មហាជន ខណៈដែលអ្នកនាងកំពុងតែរងការគំរាមកំហែងដល់ជីវិត ពីសំណាក់ជនសង្គមងងឹត ដែលមានផ្ញើសារគំរាមនាងឥតដាច់ ជុំវិញការចេញមុខឈឺឆ្អាលរិះគន់នាពេលកន្លងមក។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេរ​ដោយភ្ជាប់​​​ជាមួយនឹងសារគំរាម ជីវិតនាងថា«ជំរាបសួរពុកម៉ែបងប្អូន​ពូមីង និងមិត្តទាំងជិតឆ្ងាយ​ជាទីគោរព​ អស់រយៈចំនួន ៣យប់ហើយ ដែលនាងខ្ញុំមិនបាន​សំរាកគ្រប់គ្រាន់ទេ ដោយសារមានអ្នករំខាន ។ នាងខ្ញុំសូមជំរាបថា បន្ទាប់ពីនាងខ្ញុំបានបង្ហោះសារមួយ តាម Facebook និង Page របស់នាងខ្ញុំ ដែលមានខ្លឹមសារថា៖ "សុភាសិតមួយបានពោលថា ធ្វើអំណោយផ្ចាញ់មនុស្ស ចិត្តកំណាញ់បង្កើតក្តីស្រឡាញ់ផ្ចាញ់នឹងក្តីស្អប់ និយាយត្រង់ធ្វើត្រង់ ផ្ចាញ់មនុស្សកុហក ផ្ចាញ់មនុស្សអាក្រក់ដោយទង្វើរល្អ ។ ការនៅស្ងៀមខ្លះ មិនមែនបានន័យថា យើងខ្លាច ឬចុះចាញ់នោះទេ ប៉ុន្តែ ក៏ព្រោះតែរឿងទាំងនោះ វាគ្មានតម្លៃស្មើរនឹងកិត្តិយសរបស់យើង​" ។ សូមបញ្ជាក់ថា សារនេះនាងខ្ញុំបង្ហោះឡើង ក្រោយពីមានពាក្យសំដី វាយប្រហារនាងខ្ញុំពី អ្នកនាង សាសា តាម Account របស់នាងឈ្មោះ Ek Socheata ។ នាងបានប្រើពាក្យមាក់ងាយ អសីលធម៌ និងគ្រោតគ្រាតណាស់ មកលើនាងខ្ញុំមិនគួរឲ្យអត់ឱន »។

ម៉េង កែវពេជ្ជតា បានបន្តទៀតថា «ពិតជាមិនត្រឹមត្រូវទេ ដែលនាងមកបំពានសិទ្ធនាងខ្ញុំ ដោយគ្មានហេតុផលបែបនេះ ។ ប៉ុន្តែពេលនោះ ក៏មានមហាជនជាច្រើន បានបង្ហាញការមិនពេញចិត្ត និងមិនគាំទ្រនូវសំដី ចរិត និងទង្វើរនាងដែរ ។ មតិតែមួយរបស់ពួកគាត់គឺ នាងគ្មានគុណសម្បត្តិ គ្រប់គ្រាន់នឹងមករិះគន់ ឬវាយតម្លៃយើងបានឡើយ ។ ពួកគាត់បានលើកកម្លាំងចិត្តខ្ញុំ និងសំណូមពរ មិនឲ្យខ្ញុំតបត ។ ដោយធ្លាប់តស៊ូអត់ធន់ បានជាច្រើនរឿងកន្លងមកហើយ និងដោយគោរព តាមសំណូមពរមហាជន ទស្សនិកជន និងមិត្តសម្លាញ់ រួមទាំងបងប្អូននាងខ្ញុំផង នាងខ្ញុំសម្រេចចិត្តនៅស្ងៀម ដើម្បីសន្តិភាព ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំ និងមហាជនទាំងអស់ទេ គេមិនយល់បំណងល្អយើងឡើយ តែគេបែរជាប្រកាសសង្គ្រាម ជាមួយយើងទៀត ។ ជនលាក់មុខនេះ គេបង្កើត Account ថ្មី ខ្លះ និងចាស់ ហើយ ប្តូរពីរ បីដងចេញមកគំរាមខ្ញុំ ប៉ុន្តែមានតែ២ នាក់ប៉ុណ្ណោះ ដែលខ្ញុំសង្ស័យនៅពីក្រោយរឿងនេះ» ។

ក្នុងន័យបារម្ភខ្លាចពីសុវត្ថិភាពរបស់ខ្លួន ក្រោយពីការទទួលសារគំរាមនេះ ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា «ឥឡូវនាងខ្ញុំកំពុងបារម្ភពីសុវត្ថិភាព ហើយក៏ចង់សុំយោបល់ ពីបងប្អូនទាំងអស់ថា តើនាងខ្ញុំគួរធ្វើបែបណា ? សូមបងប្អូនមេត្តាជួយ ជាយោបល់ម្នាក់បន្តិចមក ។ អគុណដល់កម្លាំងចិត្តតទាំងឡាយ ដែលបងប្អូនតែងផ្តល់ឲ្យមិនដែលទុកនាងខ្ញុំឲ្យនៅឯកាទេ។ ជូនពរលោកអ្នកសូមមានសេចក្តីសុខ សន្តិភាព និងសុភមង្គល ។ សូមទេវតាជួតាមថែរក្សាលកអ្នកគ្រប់ពេលវេលា ​..!»។

ជាមួយគ្នានេះ ម៉េង កែវពេជ្ជតា បានសរសេរសារ ដោយភ្ជាប់ជាមួយនឹងរូបថត ដែលមានឈ្មោះ និងសារអ្នកគំរាមអ្នក​មកជាមួយទៀតថា «ខាងក្រោមនេះ គឺជារូបថត Profile ដែលនាងខ្ញុំបានថតទុក នៅពេលជនទី១ ដើរតួជាស្រីចំណាស់ អត់កូនឈ្មោះ Soline Vorn ចូលមកគំរាមក្នុង Page តែដោយគេ block បាត់ហើយ ទិន្នន័យបានតិច ។ និងជនទី២ ឈ្មោះក្នង Account Viras Dara ដែលនាងចូលមកជេរ ហើយគំរាមខ្ញុំ នៅយប់ថ្ងៃទី ៥.០៦.២០១៦ ។ សូមបងប្អូនចូលមើល​សំណេររបស់ពួកគេ ទាំងអស់គ្នា ។ សូមអគុណ​ សូមបញ្ជាក់បន្ថែមបន្តិចថា ការឆ្លងឆ្លើយនេះ នាងខ្ញុំយកមកមិនអស់ទេ ព្រោះមានកន្លែងខ្លះនៅជាប់នឹង Comment fans នាងខ្ញុំដែលគាត់ចូលរួមដែរ ដូច្នេះដើម្បីកុំឲ្យប៉ះពាល់គាត់ នាងខ្ញុំក៏លើកយកមកតែប៉ុណ្ណេះ!»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload