បុរស​អា​មេ​រិ​ក​​ដើម​កំណើត​អា​ហ្វ​ហ្គា​នី​ស្ថានបាញ់ប្រហារ​ក្នុង​ក្លិប​រាត្រី​​ស្លាប់​50​នាក់ ក្រុមរដ្ឋ​អ៊ិ​ស្លា​មទទួលខុសត្រូវ

បុរស​ជនជាតិ​អា​មេ​រិ​ក ដែល​សង្ស័យ​ថា មាន​សមានចិត្ត​ចំពោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នោះ​កាលពី​ថ្ងៃ​ទី​១២ មិថុនា បាន​ប្រព្រឹត្ត​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​អាក្រក់​មួយទៀត​នៅ​សហរដ្ឋ​អា​​មេ​រិ​ក​ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា ២០០១​មក ជាមួយ​មនុស្ស​ស្លាប់​យ៉ាងតិច​៥០​នាក់ ក្នុង​ក្លិប​រាត្រី​មួយ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា ក្នុង​ទីក្រុង ORLANDO រដ្ឋ​ផ្ល​រី​ដា ។

ខ្មាន់កាំភ្លើង​នៅ​ទីក្រុង ORLANDO នេះ​ដែល​ប៉ូលិស​បាញ់​សម្លាប់​ត្រូវ​បាន FBI កំណត់​អត្តសញ្ញាណ​ដឹង​ថា គេ​មានឈ្មោះ OMAR SEDDIQUE MATEEN ជនជាតិ​អា​មេ​រិ​ក​ម្នាក់​មាន​ដើម​កំណើត​អា​ហ្វ​ហ្គា​នី​ស្ថាន អាយុ​២៩​ឆ្នាំ ។ ប៉ូលិស​សហព័ន្ធ​ដែល​ស៊ើបអង្កេត​ពី​បទ​ភេរវកម្ម​សង្ស័យ​យ៉ាង​ខ្លាំង​លើ​ជន​នេះ ដែល​ពោល​សរសើរ​ចំពោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ការ​ហៅ​ទូរស័ព្ទ​មួយ​ទៅ​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​មួយ​រយៈ​មុន​មានការ​សម្លាប់​រង្គាល​នេះ ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់ប្រហារ​យ៉ាង​សាហាវ​នេះ ដែល​នាំ​ឱ្យ​មានការ​ក្តុកក្តួល​ជា​អន្តរជាតិ ប៉ូលិស​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ប្រកាស​ថា ការ​ប៉ុនប៉ង​វាយប្រហារ​មួយទៀត​ដែល​សំដៅ​លើ​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​អាច​បញ្ចៀស​បាន​នា​ថ្ងៃ​ទី​១២ មិថុនា នោះ​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​សនា​ឱកាស​ដើរ​ហែ​ក្បួន​មួយ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា ។ ក៏​ប៉ុន្តែ​ការ​ប៉ុន​ប៉ង​វាយប្រហារ​នេះ​ហាក់​ពុំ​មាន​ទាក់ទិន​នឹង​ការ​វាយប្រហារ​នៅ​ទីក្រុង ORLANDO ឡើយ ។

FBI លាតត្រដាង​ថា ធ្លាប់​សួរ​ចម្លើយ​២​ដង​ខ្មាន់កាំភ្លើង​ឈ្មោះ OMAR SEDDIQUE MATEEN នេះ​ពី​បទ​មាន​សមានចិត្ត​ចំពោះ​ពួក​អ៊ិ​ស្លា​ម​និយម​តែ​បន្ទាប់​ពី​នេះ​មក ក៏​លែង​តាមដាន​រូបគេ ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស្និទ្ធ​ពួក​ជី​ហា​ដ​ថា បុរស​នេះ​ពិតជា​យុទ្ធ​ជន​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​រូបគេ​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ក្លិប​រាត្រី PULSE របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​នៅ​ទីក្រុង ORLANDO ។ ការ​បាញ់ប្រហារ​នេះ​អម​ជាមួយ​ការ​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​រយៈពេល​ជា​ច្រើន​ម៉ោង​នា​ពេល​រាត្រី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥០​នាក់ និង​របួស​៥៣​នាក់ ។ ខ្មាន់កាំភ្លើង​ត្រូវ​កងកម្លាំង​ប៉ូលិស​ពិសេស SWAT បាញ់​ស្លាប់ ។

ខ្មាន់កាំភ្លើង​រស់នៅ​ទីក្រុង PORT ST. LUCIE រដ្ឋ​ផ្ល​រី​ដា រក​ឃើញ​ស្លាប់​ក្នុង​ក្លិប​រាត្រី​ក្រោយ​ការ​បាញ់​តតាំង​ជាមួយ​ប៉ូលិស ។ ប្រមាណ​ជា​៣​ម៉ោង​ក្រោយ​ចាប់ផ្តើម​ការ​បាញ់​ប្រហារ​​ដែល​ប៉ូលិស​ទីបំផុត​បាញ់​សម្លាប់​ជន​នេះ ក្នុង​ឱកាស​ប្រតិបត្តិការ​មួយ​ដែល​សំដៅ​ជួយ​សង្គ្រោះ​មនុស្ស​ទាំងឡាយ ដែល​ជាប់​ជា​ចំណាប់ខ្មាំង ។

លោក JOHN MINA ប្រមុខ​ប៉ូលិស​ក្រុង ORLANDO ក្នុង​សន្និសីទ​សារព័ត៌​មួយ​ថ្លែង​ថា ការ​បាញ់ប្រហារ​នេះ​បាន​រៀបចំ​ទុក​មុន​យ៉ាង​ល្អ​បំផុត ។ ជនសង្ស័យ​កាន់​កាំភ្លើង​វាយ​លុក​​មួយ​ដើម ព្រមទាំង​កាំភ្លើងខ្លី​មួយ​ដើម​ទៀត ៕