សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំនៅក្រៅឃុំ​របស់​មន្ត្រីសិទ្ធិមនុស្ស​និងគ.ជ.ប

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះបានបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)និងមន្រ្តីអាដហុក៤រូប។

សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំនៅក្រៅឃុំ​របស់​មន្ត្រីសិទ្ធិមនុស្ស​និងគ.ជ.ប

កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ មេធាវីបានឲ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់មេធាវី។

ក្រោយពីសវនាការជិត៣ម៉ោង មេធាវីលោក សំ សុគង់ មានប្រសាសន៍ថាចៅក្រមសាលាឧទ្ធរណ៍សម្រេចមិនឲ្យពួកគេនៅក្រៅឃុំ ក្រោមហេតុផលមួយចំនួនរួមមានករណីនេះជាបទឧក្រិដ្ឋ ខ្លាចមិនសហការជាមួយតុលាការ ប៉ះពាល់ដល់ការស៊ើបអង្កេតនិងបារម្ភពីសុវត្ថិភាពរបស់ពួកគាត់។

លោក សំ សុគង់ មានប្រសាសន៍ថាការសម្រេចមិនឲ្យនៅក្រៅឃុំជាការរំលោភលើសិទ្ធិកូនក្តីរបស់លោក ហើយលោកថានឹងពិភាក្សាជាមួយកូនក្តី ដើម្បីប្តឹងទៅតុលាការកំពូល។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែមិថុនា សាលាដំបូងរាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឲ្យលោក នី ចរិយា នៅក្រៅឃុំ ក្រោមមូលហេតុថាបារម្ភខ្លាចពីសុវត្ថិភាពនិងសន្តិសុខរបស់លោក នី ចរិយា និងបារម្ភថាលោកមិនបង្ហាញខ្លួននៅតុលាការ។

លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក នី ចរិយា មន្រ្តីអាហុក៤រូប ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី៕

ប្រភពៈ VOD