ឈើ​ប្រណីត​ចេញ​រាល់​យប់​តាម​ច្រករបៀង​ភូមិ​ភិៈ និង​ច្រករបៀង​១៩

ខេត្តរតនគិរី​៖ បើ​ទោះបីជា​រាជរដ្ឋាភិបាល ជា​ពិសេស​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ប្រកាស​ជា​សាធារណៈ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ បិទ​អាជ្ញាប័ណ្ណ​នាំ​ឈើ​ប្រណីត​ចេញ​ទៅ​ក្រៅប្រទេស​នោះ​ក្តី ក៏​ករណី​ការ​នាំ​ឈើ​ចេញ​នៅ​តែ​បន្ត​កើត​មាន​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​ក្នុង​ខេត្តរតនគិរី ដែល​ការ​នាំ​ចេញ​បាន​បន្ត​ទៀត​នេះ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​មក​ពី​មន្ត្រី​ជំនាញ ពិសេស​ខាង​រដ្ឋបាល​ព្រៃឈើ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​ឈ្មួញ​ជនជាតិ​វៀតណាម​ដែល​មាន​លុយរាប់​ម៉ឺន​ដុល្លារ​បាន​សហកា​រកស៊ី​ជាមួយ​ឈ្មួញ​ខ្មែរ​ជា​ច្រើន​ក្រុម ដោយ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ពេល​យប់​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ទីរួមខេត្ត​រតនគិរី តាម​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ចំនួន​២ គឺ​ច្រករបៀង​ភូមិ​ភិៈ ស្ថិត​ក្នុង​ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ និង​ច្រករបៀង​១៩ ស្ថិត​នៅ​ក្រោយ​កាស៊ីណូ ក៏​មាន​ឈើ​ប្រណីត​ហូរ​ចូល​យ៉ាងច្រើន​ដូច​គ្នា​ដែរ ។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ២០១៦ នៅ​ចំណុច​ច្រករបៀង​ភូមិ​ភិៈ គេ​ឃើញ​រថយន្ត​លុ​ច្ស​ស៊ី​ស​ពណ៌​ខ្មៅ កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចេញ​ទៅ​វៀតណាម​យ៉ាង​សកម្ម ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​រារាំង​ឡើយ​។

បើ​តាម​អ្នករក​ស៊ីតូច​ៗ​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​ជា​ច្រើន​កន្លែង​នោះ ដេកចាំ​យក​លុយ ហើយ​យក​លុយ​ច្រើន​ជាងគេ គឺ​ស្ថាប័ន​មេព្រៃ​ស្រុក​អូរ​ជុំ ប៉ូលិស​ក្រសួង និង​គយ​ចល័ត ដែល​មា​នទី​តាំងនៅ​ស្រុក​អូ​រយ៉ា​ដាវ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ខេត្តរតនគិរី​ប្រ​ឈើ​ប្រណីត​ដែល​មានការ​កាប់​បំផ្លាញ​ច្រើន​ជាងគេ​គឺ​នៅ​ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង ដោយ​ក្រុម​ឈ្មួញ​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​ការពារ​សត្វ​តូច ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង ស្រុក​លំ​ផាត់ គឺ​ក្រុម​ឈ្មួញ​ធំ​ៗ បាន​ជួល​ប្រជា​ប្រពល​រដ្ឋ​ក្នុង​តំបន់​កាប់​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​លំ​ផាត់ ដឹក​តាម​រថយន្ត​លុ​ច្ស​ស៊ី​ស តាម​ផ្លូវ​កាត់​ស​មុត​សេ​ដា​ចូល​តាម​ច្រករបៀង​ទាំង​២​ខាងលើ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ឈ្មួញ​បាន​ត្អួ​ញ​ត្អែ​រ​ទៀត​ថា ការ​រកស៊ី​សព្វថ្ងៃ​មិនសូវ​ចំណេញ​នោះ​ទេ ដោយ​មាន​សមត្ថកិច្ច​ច្រើន​ពេក ពេល​បង់លុយ​ខែ​ហើយ​ដឹក​បាន​១០​ទៅ​២០​ថ្ងៃ ត្រូវ​ស្ថាប័ន​ទាំងនោះ​បិទ​មិន​អោយ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ចំណែក​ខាង​គយ​ចល័ត​ប្រចាំ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ៕