សិលាចារឹក ២ និយាយ​ពី​ល្ខោនខោល

សាស្ត្រា​ប្រវត្តិសាស្ត្រ​លោក វង្ស សុធារ៉ា បាន​អះអាង​ថា សិលាចារឹក​លេខ ១២២៩ ឆ្នាំ ៩៧៩ នៃ​គ្រិស្តសករាជ ដែល​ទើប​រក​ឃើញ​នៅ​វត្ត ប្រម៉ា ខេត្ត​សៀមរាប ក៏​មាន​និយាយ​ពាក់ព័ន្ធ​ជាមួយ​ល្ខោន​ខោល​ដែរ។

 

សិលាចារឹក ២ និយាយ​ពី​ល្ខោនខោលរូប​ថត៖ ហ្វេសប៊ុក Vong Sotheara

 

លោក​បន្ត​ថា នៅ​ក្នុង​សិលាចារឹក​នោះ​បាន​រៀបរាប់​ពី​មនុស្ស​មួយ​ក្រុម​ជា​អ្នក​សេរី​រស់​នៅ​ខេត្ត​ធ្រូរៈបុរៈ ហើយ​ក្រុម​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ជា​ភ្នាក់ងារ​ល្ខោនខោល​នៅ​ក្នុង​ព្រះបរមរាជវាំង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័នទី៥។ នៅ​ក្នុង​សិលាចារឹក​ដដែល​បញ្ជាក់​ថា អ្នក​ស្រុក​ធ្រូរៈបុរៈ​រាប់​រយ​នាក់ បាន​ចាកចេញ​ពី​ស្រុក​របស់​ពួក​គេ​ទៅ​ធ្វើ​ភ្នាក់ងារ​រាជការ ដើម្បី​បម្រើ​ស្ដេច​នៅ​ក្នុង​រាជវាំង។

 

លោក​អះអាង​ថា៖“អញ្ចឹង​មាន​ន័យ​ថា ទម្រង់​ល្ខោនខោល​របស់​យើង​កើត​មុន​ជំនាន់​ហ្នឹង​ទៅ​ទៀត ប៉ុន្តែ​មិន​ដឹង​តាំង​ពី​ឆ្នាំ​ណា​ទេ ហើយ​ទម្រង់​ល្ខោនខោល​ក៏​មាន​រហូត​មក​ដល់​បច្ចុប្បន្ន”។ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ​បាន​បន្ត​ថា សិលាចារឹក​ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​អង្គរ​វិញ ក៏​មាន​ពល​មួយ​ក្រុម​មាន​ឈ្មោះ​ថា “ក្រុម​ពល​ខោល”ដែរ ហើយ​នៅ​លើ​សិលាចារឹក​លេខ ១២២៩ ដដែល គឺ​សំដៅ​ទៅ​លើ​ពួក​អ្នក​របាំ​នេះ​ឯង ដែល​​សុទ្ធ​សឹង​ជា​មនុស្ស​ប្រុស​មាន​ថានន្តរនាម​ហៅថា”វាប”ដែរ (ពាក្យ​សម្រាប់​ហៅ​សម្គាល់មនុស្ស​ប្រុស​ក្នុង​សម័យ​អង្គរ) ។

 

​ទោះ​បី​ជា​យ៉ាង​ណា លោក​សាស្ត្រាចារ្យ​ខាង​លើ​បន្ថែម​ថា លោក​ក៏​មិន​បាន​ដឹង​ដែរ​ថា នៅ​សម័យ​នោះ​មាន​ការ​ពេញ​និយម​លើ​ទម្រង់​ល្ខោន​ខោល​កម្រិត​ណា​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា ពាក្យ​ថា”ខោល” គេ​ឃើញ​មាន​នៅ​លើ​សិលាចារឹក​ច្បាស់​លាស់​​​ជាង​ល្ខោន​ផ្សេងៗ​ទៅ​ទៀត។

 

ដោយ​ឡែក សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ ក៏​បាន​លើក​យក​សិលាចារឹកនៅ​ខេត្ត​ស្ទឹងត្រែង​លេខ ៥៦៦ ក្នុង​សតវត្ស​ទី១០​មក​និយាយ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា មាន​អម្ចាស់​ម្នាក់​​នាម វ្រៈកម្រឥសានសិវៈ គឺ​ជា​ប្រធាន​ក្រុម​ល្ខោន​ខោល​តែ​ម្ដង។ លោក​និយាយ​ថា៖” ល្ខោន​ខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបិយ​របស់​ខ្មែរ​ យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​សម័យ​អង្គរ​សតវត្ស​ទី៩​។ តើ​ថៃ​សុខោទ័យ និង​សៀម​អយុធ្យា មាន​ភស្តុតាង​ឯក​សារ​ចាស់​ជាង​នេះ​​ដែរ​ទេ?”៕

 

អត្ថបទ៖ សំ ជំនាញ